Grab​​ប្រកាស​​នឹង​ស៊ើបអង្កេត​​ករណី​​បុគ្គលិក​​ដឹក​អាហារ​​លួច​ស្បែកជើង​​ភ្ញៀវ​

28-06-2019 8:21 am 732
រូបភាពបុគ្គលិកក្រុមហ៊ុន​Grabកំពុងយកស្បែកជើងភ្ញៀវដែលថតបានដោយកាម៉េរា

​ក្រុមហ៊ុន​ដឹកជញ្ជូន​Grab​បានប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា ក្រុមហ៊ុន​បានដឹង​រួចហើយ​ករណី​បុគ្គលិក​របស់ខ្លួន លួច​ស្បែកជើង​ភ្ញៀវ​ដាក់​ក្នុង​ហឹប​ដឹក​អាហារ​មុន​ចាក​ចេញពីផ្ទះ​អតិថិជន​។ ក្រុមហ៊ុន​ប្រកាស​នឹង​បើក​ការស៊ើបអង្កេត ហើយ​នឹងមិន​អត់ឱន​ឲ្យ​ឡើយ​ចំពោះ​ឥរិយាបថ​នេះ ប្រសិនបើ​រកឃើញថា​មាន​កំហុស​មែន​។ 

​រឿងរ៉ាវ​នេះ​បាន​កើតឡើង​នៅក្នុង​ប្រទេស​សិង្ហ​បុរី ដោយមាន​គណនី​ហ្វេ​សប៊ុក​ឈ្មោះ​Grace Lim បាន​បង្ហោះ​វីដេអូ​ឃើញ​បុគ្គលិក​ដឹកជញ្ជូន​អាហារ​របស់​ក្រុមហ៊ុន​Grab បាន​លួច​យក​ស្បែកជើង​នៅ​ខាងក្រៅ​ផ្ទះ​ភ្ញៀវ នៅពេល​គេ​ប្រគល់​កញ្ចប់​អាហារ​ទៅឲ្យ​ម្ចាស់ផ្ទះ​រួច មុន​ត្រឡប់ទៅ​វិញ​។ ដោយ​ឃើញ​ឱកាសល្អ​គ្មាន​មនុស្ស ទើប​អ្នក​ដឹកជញ្ជូន​អាហារ​រូបនោះ​បាន​យក​ស្បែកជើង​មក​ដាក់​ក្នុង​ហឹប​ដឹក​អាហារ​ហើយក៏​ចាកចេញ​ទៅ​។ វីដេអូ​បាន​បង្ហោះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ដោយមាន​ចំនួន​ចូល​មើល​ជាង​៣៨,០០០​ដង និង​ចែករំលែក​ជិត​១,៥០០​ដង​។ 

​ដោយសារតែ​បែបនេះហើយ ទើប​ក្រុមហ៊ុន​ប្រកាស​នឹង​ស៊ើបអង្កេត​រក​ការពិត ព្រោះ​មិន​ចង់ឲ្យ​ខូច​ឈ្មោះ​ក្រុមហ៊ុន ដោយសារតែ​មាន​បុគ្គលិក​ជា​ចោរ​នោះឡើយ​៕

ព័ត៌មានផ្សេងទៀត