​លោក​ហ៊ុន សែន​ប្រកាស​ឈប់​ទទួល​ជំនួយ​ខណៈ​ថវិកា​កើន​ជាង​$២,៥​លាន​

27-06-2019 9:12 pm 502

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ល្ងាច​ថ្ងៃទី​២៧​មិថុនា បាន​ថ្លែង​ប្រកាស​ឈប់​ទទួល​ជំនួយ​ពី​សប្បុរសជន ក្នុងករណី​គ្រោះថ្នាក់​បាក់​រលំ​អគារ​កម្ពស់​៧​ជាន់​នៅ​ខេត្ត​ព្រះសីហនុ ខណៈ​ថវិកា​កើន​ជាង​២,៥​លាន​ដុល្លារ ។ លោក​បញ្ជាក់ថា បើ​គិត​ថវិកា​ឧបត្ថម្ភ​សរុប​ពី​គ្រប់ទិសទី អ្នក​ស្លាប់​ម្នាក់​ទទួលបាន​លើស​ពី​ជាង​៩​ម៉ឺន​ដុល្លារ ...

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ល្ងាច​ថ្ងៃទី​២៧ មិថុនា បាន​បញ្ជាក់​លើ​ទំព័រ​ហ្វេ​ស​ប៊ុកខ្លួន​ថា គិត​ត្រឹម​ម៉ោង​៦​ល្ងាច ថ្ងៃនេះ ថវិកា​ជំនួយ​ដែល​ទទួលបាន​ពី​សប្បុរសជន បាន​កើនឡើង​ពី ២.៣៦៨.៤០០​ដុល្លារ ដល់ ២.៥១២.៨២១ ដុល្លារ ។​

​លោកនាយក​រដ្ឋមន្ត្រី​ថា ដោយ​ដក ៣​សែន​ដុល្លារ ចែក​ជូន​អ្នក​របួស ថវិកា​នៅសល់ កើន​ពី ២.០៦៨.៤០០ ដល់ ២.២១២.៨២១ ដុល្លារ សម្រាប់​ចែកជូន​អ្នកស្លាប់ ចំនួន​២៨​នាក់ បាន​កើនឡើង​ពី ៧៣.៨៧០ ដុល្លារ ដល់ ៧៩.០០១ ដុល្លារ សម្រាប់​ស​ពម្នាក់ ។​

​លោក​បន្តថា បើ​គិត​ទាំង​ព្រះរាជ​ឧបត្ថម្ភ​ពី​ព្រះមហាក្សត្រ​និង​សម្តេចម៉ែ ព្រម​ទាំង​ថវិកា​ពី​សំណាក់​រដ្ឋ​សភា ព្រឹទ្ធសភា​រាជរដ្ឋាភិបាល កាកបាទ​ក្រហម និង​សប្បុរសជន​ចូល​ផ្ទាល់ អ្នក​ស្លាប់​ម្នាក់​ទទួលបាន​លើស​ពី​ជាង​៩​ម៉ឺន​ដុល្លារ ឬ​ជិត​៤០០​លាន​រៀល ដែល​ជួយ​សម្រាល​ដល់​ការលំបាក​នៃ​គ្រួសារ​សព ដែល​នៅ​រស់ ។​

​ប្រមុខ​រាជរដ្ឋាភិបាល​បញ្ជាក់ថា សម្រាប់​ថវិកា​លោក​ផ្ទាល់ បាន​ឧបត្ថម្ភ​ដល់​កម្លាំង​ចូលរួម​ប្រតិបត្តិការ​រុក និង​សង្គ្រោះ ដោយ​ម្នាក់​ទទួលបាន​១០០​ដុល្លារ​ជា​បុរស និង​២០០​ដុល្លារ​ជា​នារី​រួចហើយ និង​បន្ថែម​ជូន​១០០​ដុល្លារ​ម្នាក់ទៀត ទាំង​បុរស និង​នារី នៅពេល​ទទួលបាន​មេដាយមាស នាពេលខាងមុខ ។​

​គូសបញ្ជាក់ថា នៅវេលា​ម៉ោង​ជិត​៥​ព្រឹក ថ្ងៃទី​២២ មិថុនា មាន​ករណី​បាក់​រលំ​អគារ​កម្ពស់​៧​ជាន់ នៅ​ជិត​កន្លែង​លាង​រថយន្ត​យីហោ «​អា​រុណ​រះ​» ស្ថិតក្នុង​ភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។ សំណង់​អគារ​នេះ មាន​ទំហំ​ទទឹង​១៥​ម៉ែត្រ បណ្តោយ​៣០​ម៉ែត្រ កំពុង​ដំណើរការ​សាងសង់ បាន​ប្រមាណ​៧០-៨០​ភាគរយ ។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ចុះ​ថ្ងៃ​ទី​២៤ មិថុនា បានឱ្យដឹងថា ប្រតិបត្តិការ​នៃ​ការរុករក​ជនរងគ្រោះ​នៅ​ក្រោម​គំនរ​បាក់បែក​នៃ​អគារ​រលំ ធ្វើឡើង​រយៈពេល​២​ថ្ងៃ​កន្លះ ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៤ មិថុនា ត្រូវ​បិទ​បញ្ចប់​ស្ថាពរ ត្រឹម​ម៉ោង​៧:៣០​យប់ ថ្ងៃទី​២៤ មិថុនា ។​

​តុល្យការ​ជនរងគ្រោះ​ដែល​ក្រុម​ការងារ​បាន​ជួយសង្គ្រោះ​យកចេញ​ពី​គំនរ​អគារ​បាក់បែក​មាន​ចំនួន​សរុប ៥៤​នាក់ ក្នុងនោះ ស្លាប់​ចំនួន​២៨​នាក់ (​ស្រី​៤​នាក់​) និង​រងរបួស​ចំនួន​២៦​នាក់ (​ស្រី​២​នាក់​) ៕

ព័ត៌មានផ្សេងទៀត