មន្ត្រី​ជំនាញ​៖ ប្រទេស​កាន់តែ​អភិវឌ្ឍន៍ ជម្ងឺគ្រុនឈាម​កាន់តែ​កើនឡើង​

27-06-2019 6:36 pm 2288

​នា​រដូវវស្សា ឆ្នាំ​២០១៩​នេះ ជំងឺគ្រុនឈាម បាន​ផ្ទុះឡើង​ខ្លាំង​គួរឲ្យ​បារម្ភ ជា​ហេតុ​ធ្វើ​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ចេញ​សេចក្តីអំពាវនាវ ដល់​អាណាព្យាបាល​ទាំងអស់ ត្រូវ​ប្រុងប្រយ័ត្ន និង​ចូលរួម​ទប់ស្កាត់​ជំងឺ​គ្រុនឈាម តាមរយៈ​ការការពារ​កុមារ កុំ​ឲ្យ​មូស​ខ្លា​ខាំ​។ ដោយឡែក នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា​នេះ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​លោក​ផៃ ស៊ីផា​ន បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន ស្តីពី​ស្ថានភាព​ជម្ងឺគ្រុនឈាម​នាពេល​បច្ចុប្បន្ន​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​។​

លោក​ហ៊ុយ រ៉េ​កុល ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​ជម្ងឺ​គ្រុម​ឈាម នៃ​ក្រសួង​សុខាភិបាល បានបញ្ជាក់​ថា ប្រទេស​កាន់តែ​អភិវឌ្ឍន៍ ជម្ងឺគ្រុនឈាម​កាន់តែ​មាន​ការកើនឡើង​។ លោក​បាន​លើកឡើង​ពី​ប្រទេស​អភិឌ្ឍន៍​មួយចំនួន​ដូចជា​ប្រទេស​សឹង្ហ​បុរី អូស្ត្រាលី ចិន ហ្វីលីពីន ថៃ វៀតណាម អត្រា​ស្លាប់ និង​កើត​មាន​ជម្ងឺគ្រុនឈាម មាន​ចំនួន​ទ្វេរ​ដង​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ​។ លោក​បន្ថែមថា នៅ​កម្ពុជា​បច្ចុប្បន្ន បើទោះបីជា​ផ្ទុះ​កើត​មាន​ជម្ងឺគ្រុនឈាម​ក៏ពិតមែន ប៉ុន្តែ​មិន​ទាន់​ស្ថិត​ក្នុង​ក្តីព្រួយបារម្ភ​នៅឡើយ​នោះទេ​។​

សំឡេង​

​លោក​ហ៊ុយ រ៉េ​កុល បញ្ជាក់ទៀតថា មាន​កត្តា​ជាច្រើន ដែល​បង្ក​ឲ្យ​ប្រទេស​អភិវឌ្ឍន៍​ប្រឈម​នឹង​ការ​កើត​មាន​ជម្ងឺគ្រុនឈាម​ច្រើន ដូចជា ការ​មមារ​ញឹក​លើ​មុខរបរ ការងារ មិនសូវ​យកចិត្តទុកដាក់​លើ​បញ្ហា​សត្វ​មូស​ខាំ​។ សត្វ​មូស​អាច​ឆ្លងដែន​ចម្លង​មេរោគ​បាន តាមរយៈ​ការ​ហើរ​ចូលទៅក្នុង​យន្តហោះ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ឬ​អាច​ឆ្លងដែន​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ផ្សេង​ទៀត​។

សំឡេង

​ជម្ងឺគ្រុនឈាម​កើតមាន​ចំពោះ​មនុស្ស​គ្រប់​វ័យ មិន​ថា​កុមារ ឬ​មនុស្ស​ចាស់​ឡើយ ហើយ​ជម្ងឺ​កើតមាន​នៅ​គ្រប់​រដូវ​ផងដែរ មិន​ថា​រដូវប្រាំង ឬ​រដូវវស្សា​នោះទេ​។ នេះ​ជា​ការបញ្ជាក់​ពី​លោក​អ៊ុ​វេជ្ជបណ្ឌិត អ៊ុង សុផល អនុប្រធាន​គណៈកម្មកា​រ​គ្លីនិក​ជាតិ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ​។​

​រោគសញ្ញា​នៃ​ជម្ងឺគ្រុនឈាម មាន​លក្ខណៈ​ខុស​គ្នា​រវាង​កុមារ និង​មនុស្ស​ចាស់ ខណៈ​ដែល​រោគវិនិច្ឆ័យ និង​ការព្យាបាល​ចំពោះ​មនុស្ស​ចាស់ អាច​ជួប​បញ្ហា​ប្រឈម​ខ្លាំង​ជា​កុមារ​។ សូម​ស្តាប់​ការរៀបរាប់​ពី​លោក​វេជ្ជបណ្ឌិត​អ៊ុង សុផល​...៖

​សំឡេង​

​ជម្ងឺគ្រុនឈាម ជា​ជម្ងឺ​បង្កឡើង​ដោយ​សត្វ​មូស​ខ្លា​ញី​ខាំ ហើយ​ជម្ងឺ​គ្មាន​ថ្នាំ​ព្យាបាល​នោះ​ឡើយ ប្រសិនបើ​អ្នក​ជម្ងឺ មិន​បាន​មក​ពិនិត្យ ព្យាបាល និង​ថែទាំ ទាន់ពេលវេលា​ទេ​នោះ អាច​នឹង​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​
​យ៉ាងណាមិញ លោក​ហ៊ុយ រ៉េ​កុល បាន​បញ្ជាក់បន្ថែម​ថា សម្បក​កង់ឡាន​ចាស់ៗ​ដែល​មាន​ទឹក​ដក់ គឺជា​សណ្ឋាគារ​ផ្កាយ​៥​របស់​សត្វ​មូស​។ សត្វ​មូស​នេះ​ភាគច្រើន​រស់នៅ​ទីកន្លែង​ងងឹត នៅ​កន្លែង​ទឹក​ដក់​ថ្លា​គ្មាន​ក្លិនស្អុយ​។ សត្វ​មូស​អាច​ហិតក្លិន​សាយភាយ​អា​ម៉ូ​ញាក់​ចេញពី​ញើស​របស់​មនុស្ស​បាន​ចម្ងាយ​៥​គីឡូម៉ែត្រ និង​អាច​ហើរ​ខាំ​មនុស្ស​បាន​ចម្ងាយ​១៥០​ម៉ែត្រ​។​

​សម្រាប់​វិធី​បង្ការ​ជម្ងឺគ្រុនឈាម ត្រូវបាន​លោក​ហ៊ុយ រ៉េ​កុល បញ្ជាក់ថា ត្រូវ​ប្រកាន់​គោលជំហ​រថា គ្រុនឈាម គឺ​កើត​ចេញពី​គ្រួសារ​យើង និង​ពី​ខ្លួន​យើង​ម្នាក់ៗ និង​ត្រូវ​ប្រាកដថា ផ្ទះ​របស់​ខ្ញុំ​គ្មាន​ដង្កូវ​ទឹក​។​
​ការ​កម្ចាត់​ទី​ជម្រក​មូស នៅ​កន្លែង​ដែល​មាន​ទឹក​ដក់​, កាប់ឆ្ការ​ព្រៃ​ស៊ប់​ទ្រុឌ​ដែល​នៅ​ជុំវិញ​ផ្ទះ​, ត្រូវ​ស្លៀកពាក់​ខោអាវ​វែងៗ និង​គេង​ក្នុង​មុង ទាំង​ពេល​ថ្ងៃ និង​ពេលយប់​, បើកទ្វារ​បង្អួច​ផ្ទះ ឬ​បន្ទប់​ឲ្យមាន​ពន្លឺ​ចេញចូល​គ្រប់​គ្រាន់​។ ជាមួយគ្នានេះ ក្រសួង​សុខាភិបាល​បាន​ផ្គត់ផ្គង់​ថ្នាំ​បាញ់​សម្លាប់​សត្វ​មូស ប្រមាណ​៧៣០០​លីត្រ នៅ​គ្រប់​២៥​រាជធានី​/​ខេត្ត រួម​នឹង​ការ​ដាក់​ថ្នាំ​អា​បេត និង​ថ្នាំ​BTI ដើម្ប​សម្លាប់​ដង្កូវទឹក​ផងដែរ​។​

​គួរបញ្ជាក់​ថា ជម្ងឺ​គ្រុនឈាម​បាន​ផ្ទុះ​ឡើង​ខ្លាំង នៅក្នុង​ឆ្នាំ​២០១៩​នេះ គិត​ត្រឹម​សប្តាហ៍​ទី​៣ ខែមិថុនា ជំងឺ​គ្រុនឈាម​បាន​កើតមាន​ប្រមាណ ១៣,០០០​ករណី ក្នុងនោះ ២៤​ករណី បាន​ស្លាប់​បាត់បង់​ជីវិត​៕

 ពាក្យគន្លឹះ  ជំងឺគ្រុនឈាម

ព័ត៌មានផ្សេងទៀត