លោក​​កឹម សុខា​៖​«​ដរាប​ណា​​ព្រះអាទិត្យ​​នៅ​រះ ​ខ្ញុំ​នៅ​​រង់​តែ​​ចាំ​ថ្ងៃ​​បម្រើ​​ជាតិ​»​

27-06-2019 3:38 pm 749
លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។

​នៅ​ថ្ងៃទី​២៧ មិថុនា ឆ្នាំ​២០១៩​នេះ គឺជា​ខួបកំណើ​របស់លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​ក្នុងឱកាស​គម្រប់​ខួប​៦៦ ឆ្នាំ​ចូល ៦៧​ឆ្នាំនេះ លោក កឹម សុខា​ដែល​កំពុង​ឃុំខ្លួន​ក្នុងផ្ទះ បាន​ផ្ញើ​សារ​ជូន​អ្នកគាំទ្រ​របស់លោក​ដោយ​ថា ដរាបណា​ព្រះអាទិត្យ​នៅតែ​រះ លោក​នៅតែ​ភ្ញាក់ឡើង​ទន្ទឹងរង់ចាំ​ថ្ងៃ​ដែល​បាន​ជួបជុំ និង បម្រើ​ជាតិខ្មែរ​តទៅទៀត​។​

​បើ​យោងតាម​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់លោក កឹម សុខា បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «​មិនមាន​អ្វី​អាច​រារាំង​មនោសញ្ចេតនា​របស់ខ្ញុំ​ដែលមាន​ចំពោះ​ប្រជាជាតិ​មួយ​នេះឡើយ​។​ទោះបី​ខ្ញុំ​មិនអាច​ជួបជុំ​ប្រជាពលរដ្ឋ​ដូច​កាលពីមុន ទោះបី​ខ្ញុំ​មិនអាច​ស្តាប់ឮ​ដោយផ្ទាល់​នូវ​ទុក្ខ​កង្វល់​របស់​បងប្អូន ទោះបី​មាន​ឧបសគ្គ​យ៉ាងណា បើ​ដរាបណា​ព្រះអាទិត្យ​នៅតែ​រះ សូម​ប្រជាជាតិ​ខ្មែរ​ជឿ​ចុះ​ថា ខ្ញុំ កឹម សុខា នៅតែ​ភ្ញាក់ឡើង​ទន្ទឹងរង់ចាំ​ថ្ងៃ​ដែល​បាន​ជួបជុំ​និង​បម្រើ​ជាតិខ្មែរ​តទៅទៀត​»​។

​ប្រធាន​អតីត​បក្សប្រឆាំង​ដដែល​រូបនេះ បាន​សង្កត់ធ្ងន់ថា មិន​ថា​រង​ទុក្ខ​ឬ​ការ​ធ្វើបាប​តាម​រូបភាព​ណា វា​គ្មានទេ​ពាក្យ​ថា ស្តាយក្រោយ​សម្រាប់ កឹម សុខា ដែល​បាន​បូជា​ជូន​ជាតិ ប្រជាពលរដ្ឋ ដើម្បី​លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព អធិបតេយ្យភាព និង ការផ្សះផ្សា​ជាតិ​។​

​សូមជម្រាបថា លោក កឹម សុខា​⁣ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ពាក់កណ្តាល​អាធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទថា បាន​ឃុបឃិត​ជាមួយ​បរទេស រៀបចំ​គម្រោង​ផ្តួលរំលំ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​។ ប៉ុន្តែ​មកទល់ពេលនេះ​តុលាការ​នៅ​មិនទាន់​កំណត់ពេល​បើកសវនាកា​រ​នៅឡើយ ខណៈ​សហគមន៍​អន្តរជាតិ​ខាង​លោក​សេរី​នៅ​បន្ត​ទាមទារ​ឲ្យ​ដោះលែង លោក កឹម សុខា ឲ្យមាន​សេរី​ភាពពេញ​ឡើងវិញ​៕

 ពាក្យគន្លឹះ  មេធាវីលោកកឹមសុខា

ព័ត៌មានផ្សេងទៀត