រឿង​ទិញ​​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ពី​រុស្ស៊ី​​ឥណ្ឌា​ប្រាប់​អាមេរិក​ថា​​ដើម្បី​ប្រយោជន៍​ជាតិ​

27-06-2019 3:00 pm 1145
  ស្តាប់
រូបភាពប្រព័ន្ធការពារមីស៊ីល​S-400​​រុស្ស៊ី​
ស្តាប់ជាសំឡេង

​រដ្ឋមន្ដ្រី​ក្រសួងការបរទេស​ឥណ្ឌា​បាន​និយាយថា ទីក្រុង​ញូវដេលី​នឹង​យក​ផលប្រយោជន៍ជា​តិដាក់​ក្នុង​ចិត្ដ តាមរយៈ​ការបន្ដ​កិច្ចព្រមព្រៀង​ទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​S-400​ពី​រុស្ស៊ី​។ កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​សហរដ្ឋអាមេរិក​ជំទាស់​។ លោក​Subrahmanyam Jaishankar​និយាយ​ដូច្នេះ ឆ្លើយតប​នឹង​សំណួរ​ចោទសួរ​ពី​សម្ពាធ​របស់​អាមេរិក ដាក់​តាមរយៈ​រដ្ឋមន្ដ្រី​ការបរទេស​លោក​Mike Pompeo ពេល​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ញូវដេលី​។​

​លោក​រដ្ឋមន្ដ្រីការបរទេស​ឥណ្ឌា​បញ្ជាក់​បន្ថែមថា “​យើង​មាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជាច្រើន ដែល​ក្នុងនោះ​មាន​មួយចំនួន​ជា​ប្រទេស​ល្បីឈ្មោះ​។ ពួកគេ​មាន​ប្រវត្ដិ​របស់គេ​។ សម្រាប់​យើង​នឹងធ្វើ​អ្វី​ដែលជា​ផលប្រយោជន៍​ជាតិ​។​”

​តាម​របាយការណ៍​បានឲ្យដឹងថា ឥណ្ឌា​មាន​គម្រោង​ជំរុញ​ឲ្យ​រដ្ឋមន្ដ្រីការបរទេ​សអា​មេរិក​លោក​Pompeo​លើកលែង​ដល់​ទីក្រុង​ញូវដេលី ជុំវិញ​ការទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​S-400​ពី​រុស្ស៊ី​។ ឥណ្ឌា​ចង់ឲ្យ​អាមេរិ​កគិតថា​កិច្ចព្រមព្រៀង​ទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះ ពុំមាន​រំលោភបំពាន​ទណ្ឌកម្ម​អាមេរិក​ឡើយ​។ ប្រសិនបើ​គ្មាន​ការលើកលែង​ឥណ្ឌា​អាច​ជាប់​ទណ្ឌកម្ម ស្ថិតក្រោម​ច្បាប់​អាមេរិក​ឆ្នាំ​២០១៧​ស្គាល់​ថា CAATSA ដែល​ហាមឃាត់​ការធ្វើ​ជំនួញ​ផ្នែក​សព្វាវុធ​ជាមួយ​រុស្ស៊ី​។​

​លោក​នាយករដ្ឋមន្ដ្រី​Narendra Modi​និង​លោក​ប្រធានាធិបតី​Vladimir Putin បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ការពារជាតិ តម្លៃ​៥​ពាន់​លាន​ដុល្លារ​កាលពី​ខែតុលា​ឆ្នាំមុន​។ ប៉ុន្ដែ​មន្ដ្រី​អាមេរិក​បាន​ព្យាយាម​រារាំង​ឥណ្ឌា មិនឲ្យ​ទទួលបាន​ប្រព័ន្ធ​ការពារមី​ស៊ីលដ៏​ទំនើប​របស់​រុស្ស៊ី​ឡើយ ដោយ​ព្រមាន​ថា​ធ្វើ​ដូច្នេះ​អាច​ប៉ះពាល់​ដល់​កិច្ចព្រមព្រៀង​ទិញ​អាវុធ​ជាមួយ​អាមេរិក​។ មន្ទីរ​បញ្ច​កោណ​បាន​សន្យាថា​នឹង​ផ្ដល់ឲ្យ​ឥណ្ឌា នូវ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ដែលមាន​សក្ដានុពល​ខ្លាំង​ជាង​S-400​ទៅទៀត​។​

​ទោះជា​យ៉ាងណាក៏ដោយ​ឥណ្ឌា​នៅតែ​អះអាងថា កិច្ចព្រមព្រៀង​ជាមួយ​រុស្ស៊ី​មាន​សារសំខាន់​ខ្លាំងណាស់ ព្រមទាំង​លើក​ហេតុផល​ថា​ឥណ្ឌា​-​រុស្សី ជា​ដៃគូ​លើ​វិស័យ​ការពារជាតិ​ដ៏​ជោគជ័យ​យូរណាស់​មកហើយ​។ ជា​ការកត់សម្គាល់ មិនមែន​មានតែ​ប្រទេស​ឥណ្ឌា​មួយ​ទេ​ដែល​អាមេរិក​ហាមឃាត់​មិនឲ្យ​ទិញ​ប្រព័ន្ធ​ការពារមី​ស៊ីល​S-400​ពី​រុស្ស៊ី អាមេរិក​ក៏​ព្យាយាម​បញ្ចុះបញ្ចូល​តួ​ក​គី​ឲ្យធ្វើ​បែបនេះ​ដូចគ្នា​៕

ព័ត៌មានផ្សេងទៀត