កូរ៉េខាងជើង​​ទទូច​ជាថ្មី​​ឲ្យ​អាមេរិក​​ផ្លាស់ប្ដូរ​​ឥរិយាបថ​​បើ​ចង់​ចរចា​​លើក​ទី​បី​

27-06-2019 11:19 am 134
រូបភាពលោកគីម ជុងអ៊ុន(ឆ្វេង)​និងលោកដូណាល់ ត្រាំ

មន្ដ្រីជាន់ខ្ពស់​កូរ៉េខាងជើង​ទទួលបន្ទុក​កិច្ចការ​ទំនាក់ទំនង​ជា​មួយ​អាមេរិក បាន​និយាយ​នៅ​ថ្ងៃទី​២៧​មិថុនា​នេះ​ថា អាមេរិក​គួរតែ​ចាត់វិធានការ​ដើម្បី​ជា​យុទ្ធសាស្ដ្រ​ថ្មី រម្លឹក​ឡើងវិញ​ពី​កិច្ចចរចា​រំលាយ​នុយក្លេអ៊ែ​រ​។ លោក​ក៏បាន​ព្រមាន​ថា​ពេលវេលា​បាន​រំកិល​ទៅមុខ​ហើយ សម្រាប់​លទ្ធភាព​នៃ​កិច្ច​ជំនួប​លើក​ទី​បី​រវាង​លោក​គីម ជុង​អ៊ុន​ជាមួយ​លោក​ដូណាល់ ត្រាំ​។ 

​បន្ទាប់ពី​កិច្ចចរចា​លើក​ទី​ពីរ​នៅ​វៀតណាម​កាលពី​ចុង​ខែកុម្ភៈ​បរាជ័យ លោក​គីម​បាន​និយាយថា​កិច្ចប្រជុំ​លើក​ទី​បី​អាច​ចាប់ផ្ដើមបាន ប្រសិនបើ​ទីក្រុង​វ៉ា​ស៊ីនតោន​ទទួលយក​ការផ្លាស់ប្ដូរ​ប្រកបដោយ​ភាព​ឆ្លាត​វៃ​។ លោក​គីម​ថា​លោក​នឹង​រង់ចាំ​មើល​រហូតដល់​ចុង​ឆ្នាំនេះ​។ 

​ប៉ុន្ដែ​សម្រាប់​លោក​គ្វុន ចុង​ហ្គុន នាយក​ទទួលបន្ទុក​កិច្ចការ​ចរចា​ជាមួយ​អាមេរិក បាន​លើកឡើងថា ថ្មីៗ​នេះ​អាមេរិក​បាន​និយាយ​ពី​ការចរចា ប៉ុន្ដែ​អាមេរិក​នៅតែ​ធ្វើ​សកម្មភាព​បង្កហេតុ​។ កិច្ចចរចា​លើក​ទី​បី​មិនអាច​កើតឡើង​បានទេ ប្រសិនបើ​អាមេរិក​មិន​បញ្ឈប់​ទង្វើ​ទាំងនេះ​។ អាមេរិក​គួរតែ​ចាប់ផ្ដើម​ជាថ្មី​ជា​មួ​យុទ្ធសាស្ដ្រ​ផ្ដល់​ប្រយោជន៍​ដល់​ភាគី​ទាំងសងខាង​។ អាមេរិក​សល់​ពេល​មិន​ច្រើន​ទៀត​ទេ បើ​ចង់បាន​លទ្ធផល​វិជ្ជមាន​៕​

ព័ត៌មានផ្សេងទៀត