ក្រុមហ៊ុន​មួយ​របស់​ឥណ្ឌា​​ចង់​សហការ​លើ​ជំនាញ​​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​​ដល់​យុវជន​កម្ពុជា​​

27-06-2019 11:14 am 170

​ក្រុមហ៊ុន​មួយ​របស់​ឥណ្ឌា​ដែល​កំពុង​ទទួលបាន​ភាពជោគជ័​យ ក្នុង​ការអភិវឌ្ឍ​វិស័យ​អប់រំ​បណ្តុះបណ្ដាល​វិជ្ជាជីវៈ បានបង្ហាញ​គោលបំណង​ចង់​បង្កើត​នូវ​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​វិស័យ​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដល់​យុវជន ដែល​កំពុង​សិក្សា​នៅ​កម្រិត​អនុវិទ្យាល័យ និង​យុវជន​ដែល​បោះបង់​ការសិក្សា ដើម្បីឱ្យ​ពួកគេ​ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់​និង​សមរម្យ​។ គោលបំណង​នេះ បានលើកឡើង​ក្នុង​កិច្ច​ជំនួប​ពិភាក្សា​រវាង លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជាមួយ​លោក​រ៉ា​ជ​នីស្ហ កូណា​ត្រា​(Rajneesh Kanotra) ប្រធាន​ផ្នែក​ទំនាក់ទំនង​ទីផ្សារ​ក្រុមហ៊ុន​Centum Learning Ltd នៅ​ទីស្ដីការក្រសួង កាលពី​រសៀល​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។​

​ក្នុងឱកាស​នោះដែរ លោក​អ៊ិត សំហេង បាន​សម្ដែង​នូវ​ការស្វាគមន៍​ចំពោះ​លោក រ៉ា​ជ​នីស្ហ កូណា​ត្រា ដែល​មានបំណង​ចង់​បង្កើត​នូវ​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ដោយសារ​នេះ​ជា​ការចូលរួម​ដ៏​សំខាន់​ក្នុង​ការជំរុញ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​ឥណ្ឌា​។ លោក​រដ្ឋមន្ត្រី​បាន​បន្តថា លោក​បាន​ពិនិត្យមើល​ប្រវត្តិ ហើយ​បាន​កោតសរសើរ​ចំពោះ​ភាពជោគជ័យ​របស់​ក្រុមហ៊ុន​Centum Learning Ltd ហើយ​លោក​ក៏បាន​បង្ហើប​ពី​គោលបំណង​ចង់ឱ្យ​ក្រុមហ៊ុន​របស់​ឥណ្ឌា​មួយ​នេះ បង្កើត​នូវ​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ក្នុង​ការអភិវឌ្ឍ​ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​។​

​សូមបញ្ជាក់ថា ក្រុមហ៊ុន​Centum Learning Ltd បាន​ដំណើរការ​ក្នុង​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​អភិវឌ្ឍន៍​ជំនាញ​យ៉ាង​ជោគជ័យ​រយៈពេល​៧​ឆ្នាំ​មកហើយ ដោយបាន​ជួយ​ដល់​ប្រជាពលរដ្ឋ​ជាច្រើន ទាំង​នៅ​ប្រទេស​ឥណ្ឌា​និង​នៅ​តំបន់​អាហ្វ្រិក​ផងដែរ នេះ​បើតាម​លោក​រ៉ា​ជ​នីស្ហ កា​ណូត្រា​។ លោក​បាន​ឱ្យដឹងទៀតថា ក្រុមហ៊ុន​មាន​គោលបំណង​ចង់​រួម​ដៃ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា បង្កើត​គម្រោង​អភិវឌ្ឍន៍​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដល់​យុវជន​កំពុង​សិក្សា និង​យុវជន​ដែល​បាន​បោះបង់​ការសិក្សា​ត្រឹម​ថ្នាក់​ទី​៩ ដើម្បីឱ្យ​ពួកគេ​ទទួលបាន​នូវ​ជំនាញ​វិជ្ជាជីវៈ​សមរម្យ ក្នុងនោះ​មានដូចជា​ជំនាញ​បច្ចេកវិទ្យា ទេសចរណ៍ សុខាភិបាល ហិរញ្ញវត្ថុ​ជាដើម​៕

 ពាក្យគន្លឹះ  ​ឥណ្ឌា​កម្ពុជា

ព័ត៌មានផ្សេងទៀត