Huawei​​អះអាងថា​​អាជីវកម្ម​5G​​មិន​ប៉ះពាល់​ទេ​​ទោះ​អាមេរិក​​ដាក់ទណ្ឌកម្ម​

27-06-2019 9:48 am 317
  ស្តាប់
រូបភាពឡូហ្គោក្រុមហ៊ុន​Huawei
ស្តាប់ជាសំឡេង

ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន​Huawei​បានបញ្ជាក់​កាលពី​ថ្ងៃ​ពុធ​ថា អាជីវកម្ម​លើ​ប្រព័ន្ធ​5G​មិន​រង​ផលប៉ះពាល់​អ្វី​ឡើយ ទោះបី​អាមេរិក​ដាក់ទណ្ឌកម្ម​ក្នុងពេល​ថ្មីៗ​នេះ​ក្ដី​។ ការប្រកាស​របស់​ក្រុមហ៊ុន​ធ្វើឡើង​ចន្លោះពេល​ចិន​និង​អាមេរិក កំពុង​ផ្ទុះ​សង្គ្រាម​ពាណិជ្ជកម្ម​អូសបន្លាយ​ពេល​ប្រមាណ​១​ឆ្នាំ​មកហើយ​។ អនុប្រធាន​ក្រុមហ៊ុន​Huawei​លោក​ខេន ហ៊ូ ថ្លែង​ក្នុង​សន្និសីទកាសែត​នៅ​សៀង​ហៃ​ថា លោក​អាច​បញ្ជាក់ឲ្យ​មនុស្ស​គ្រប់គ្នា​បានដឹង បច្ចុប្បន្ននេះ​បច្ចេកវិទ្យា​5G​របស់​Huawei ពិតជា​មិន​រង​ផលប៉ះពាល់​ព្រោះតែ​ទណ្ឌកម្ម​អាមេរិក​ឡើយ​។​

​លោក​ហ៊ូ​បន្ដថា កិច្ចសន្យា​ដែល​បាន​ចុះ​និង​កិច្ចសន្យា​ដែល​គ្រោង​ចុះ​នៅ​ថ្ងៃ​ខាងមុខ ក្រុមហ៊ុន​ពិតជា​ធានាថា​នឹង​ផ្ដល់​ការផ្គត់ផ្គង់​ដល់​អតិថិជន​តាម​អ្វីដែល​បានកំណត់​។ ក្រុមហ៊ុន​បាន​វិនិយោគ​ប្រាក់​ចំនួន​៤​ពាន់​លាន​ដុល្លារ​អាមេរិក​រួចហើយ​លើ​បច្ចេកវិទ្យា​5G ហើយ​យុទ្ធសាស្ដ្រ​នៃ​ការវិនិយោគ​នឹងមិន​ផ្លាស់ប្ដូរ​ទេ​នៅ​ជំហាន​បន្ទាប់​។ 

​រដ្ឋបាល​របស់លោក​ដូណាល់ ត្រាំ​បានដាក់​សម្ពាធ​លើ​ប្រទេស​ជាច្រើន ដើម្បី​ហាមឃាត់​មិនឲ្យ​ចុះកិច្ចសន្យា​អភិវឌ្ឍ​បណ្ដាញ​អ៊ីនធឺណេ​ត​ល្បឿន​លឿន​5G​ជាមួយ​Huawei​។ គម្រោង​នេះ​Huawei​រំពឹង​នឹង​ក្លាយជា​អ្នកដើរតួ​យ៉ាងសំខាន់​។ ក្រុមហ៊ុន​Huawei​និយាយថា បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ចំនួន​៥០​សម្រាប់​អភិវឌ្ឍ​បណ្ដាញ​5G ភាគច្រើន​គឺជា​ក្រុមហ៊ុន​អឺរ៉ុប​។ Huawei​នឹង​បន្ដ​បង្កើន​ការវិនិយោគ​លើ​បណ្ដាញ​អ៊ី​ន​ធឺ​ណេត​ឥត​ខ្សែជំនា​ន់ក្រោយ​ទៀត​។ 

​សូម​រម្លឹកថា ទណ្ឌកម្ម​ដែល​អាមេរិក​ដាក់​លើ​ក្រុមហ៊ុន​Huawei ក៏​ហាមឃាត់​មិនឲ្យ​ក្រុមហ៊ុនបច្ចេក​វិទ្យា​ធំៗ​របស់​អាមេរិក ផ្គត់ផ្គង់​គ្រឿងបន្លាស់​និង​កម្មវិធី​ទៅឲ្យ​Huawei​ដែរ​។ ភ្លាមៗ​ក្រុមហ៊ុន​Google​អាមេរិក​បាន​ផ្អាក​ការផ្គត់ផ្គង់​បណ្ដោះអាសន្ន​។ ប៉ុន្ដែ​បើតាម​របាយការណ៍​ថ្មីៗ​នេះ​ឲ្យដឹងថា ក្រុមហ៊ុន​អាមេរិក Micron Technology បានចាប់ផ្ដើម​លក់​គ្រឿងបន្លាស់​មួយចំនួន​ទៅឲ្យ​Huawei​វិញ​ហើយ ទោះជា​មាន​ការហាមឃាត់​ពី​លោក​ដូណាល់ ត្រាំ ដោយ​បារម្ភ​ពី​សុវត្ថិភាព​សន្ដិសុខ​ជាតិ​ក៏ដោយ​។ ដោយសារតែ​ទណ្ឌកម្ម​អាមេរិក នាយក​ប្រតិ​ប​ត្ដិ​ក្រុមហ៊ុន​Huawei​លោក​យិន ចេង​ហ្វៃ​បាន​និយាយ​កាលពី​ដើមខែ​នេះ​ថា ការលក់​ស្មា​ត​ហ្វូននៅ​ក្រៅប្រទេ​សបានធ្លាក់​ចុះ​៤០​ភាគរយ​៕

ព័ត៌មានផ្សេងទៀត