រុស្ស៊ី​មិនបាន​បញ្ជូន​ទ័ព​បន្ថែម ទៅ​វេ​ណេ​ហ្ស៊ូ​អេ​ឡាទេ​

26-06-2019 4:29 pm 589

​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ គេ​បាន​ប្រទះឃើញ​យន្តហោះ​របស់​កង​ទ័ពអាកាស​រុស្ស៊ី​មួយគ្រឿង ចុះចត​នៅ​ព្រលានយន្តហោះ ក្នុងប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា ហើយ​ធ្វើឲ្យមាន​ការសង្ស័យថា រុស្ស៊ី​ទំនង​បញ្ជូន​ទ័ព​បន្ថែម ទៅកាន់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ហើយ​។ យ៉ាងណា ក្រសួងការបរទេស​រុស្ស៊ី បញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ​ថា យន្តហោះ​នោះ​ផ្ទុក​ទៅដោយ​យោធា​មែន ប៉ុន្តែ​ជា​យោធា​បញ្ជូនទៅ ដើម្បី​ប្តូរ​វេន ជាមួយ​ក្រុម​យោធា​ចាស់​ប៉ុណ្ណោះ​។ ដូច្នេះ វត្តមាន​ទ័ព​រុស្ស៊ី ដែល​រក្សាទុក​នៅវេ​ណេ​ហ្ស៊ូ​អេ​ឡា នៅ​ចំនួន​ដដែល​មិន​កើនឡើង​ទេ​។​

គួរ​ជម្រាបជូន​ថា រុស្ស៊ី​ជា​ប្រទេស​មហាអំណាច​មួយ បន្ទាប់ពី​ចិន ដែល​គាំទ្រ​លោក​នី​កូឡាស់ ម៉ា​ឌូ​រ៉ូ​ប្រធានាធិបតី​នៃ​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា ផ្ទុយ​ពី​អាមេរិក​និង​ប្រទេស​លោកខាងលិចភាគច្រើន ដែល​គាំទ្រ​លោក​ជូ​អាន ហ្គៃ​ដូ​មេ​បក្សប្រឆាំង​នៃ​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​។ លោក​ហ្គៃ​ដូ​ដែល​បានប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន តែ​មិនអាច​ផ្តួល​លោក​ម៉ា​ឌូ​រ៉ូ​បាន​។ កាលពី​ខែមីនា​កន្លងទៅ​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក ធ្លាប់បាន​បញ្ជា​ឲ្យ​រុស្ស៊ី ប្រមូល​កងទ័ព​ចេញ​ឲ្យអស់ ពី​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា តែ​រុស្ស៊ី​ថា​ទ័ព​ទាំងនោះ​សុទ្ធតែជា​អ្នកឯកទេស ដែល​ធ្វើ​ការពាក់ព័ន្ធ​នឹង​ការរៀបចំ​កិច្ចសន្យាលក់​អាវុធ​៕

ព័ត៌មានផ្សេងទៀត