លោក​ត្រាំ​គំរាមកំម្ទេច ខណៈ​អ៊ីរ៉ង់​ថា​នឹង​បន្ត​រំដោះខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែ​រ​

26-06-2019 2:26 pm 813
  ស្តាប់
លោកដូណាល់ ត្រាំនៅខាងឆ្វេងលោកហាសាន រ៉ូហានី
ស្តាប់ជាសំឡេង

ប្រើ​ភាសា​បែប​គំរោះគំរើយ ដូច​ធ្លាប់​និយាយ​ដាក់​កូរ៉េខាងជើង​កន្លង​មក លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក​ថា រាល់​ការវាយប្រហារ​ដោយ​អ៊ីរ៉ង់ ទៅលើ​អ្វីដែល​ជា​របស់​អាមេរិក នឹងត្រូវ​ប្រឈម​ជាមួយ​កម្លាំង​ដ៏​អស្ចារ្យ​និង​ខ្លាំងក្លា​។ លោក​ថា នៅតាម​តំបន់​ខ្លះ​របស់​ប្រទេស​អ៊ីរ៉ង់ នឹងត្រូវ​រង​នូវ​ការ​កម្ទេចចោល​។ 

​សារ​បែប​ដុត​រោល​ឲ្យ​ផ្ទុះ​សង្គ្រាម​នេះ ធ្វើឡើង​ក្រោយ​អ៊ីរ៉ង់ ថ្កោលទោស​ទណ្ឌកម្ម​ដែល​អាមេរិក​ដាក់​លើ​អ៊ីរ៉ង់​ជាថ្មី​ថា ជា​ចិត្ដសាស្ដ្រ​ពន្យឺត​ការរីកចម្រើន​របស់ខ្លួន និង​ក៏​ជា​ផ្លូវ​ឈានទៅ​បិទ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​ទាំងស្រុង​។ ប្រធានាធិបតី​អ៊ីរ៉ង់ លោក ហាសាន រ៉ូ​ហានី​និយាយ​ចំអក​តាម​ប៉ុស្តិ៍​ទូរទស្សន៍​ថា ទណ្ឌកម្ម​ហិរញ្ញវត្ថុ​នោះ មិនមាន​ឥទ្ធិពល​អ្វី​លើ​មេដឹកនាំ​កំពូល លោក Khamenei និង​មន្ត្រីជាន់ខ្ពស់​ផ្នែក​យោធា​អ៊ីរ៉ង់​ទេ ពីព្រោះ​តែ​បុគ្គល​ទាំងនេះ គ្មាន​ប្រាក់​តម្កល់​នៅ​បរទេស សម្រាប់ឲ្យ​អាមេរិ​កបង្កក​ឡើយ​។ លោក​បន្តថា ការណ៍​ដែល​អ៊ីរ៉ង់​អត់ធ្មត់ គឺជា​យុទ្ធសាស្ត្រ​របស់​អ៊ីរ៉ង់ មិនមែន​មានន័យថា អ៊ីរ៉ង់​ខ្លាចរអារ​នឹង​អាមេរិក​ឡើយ​។​

​លោក​ដូណាល់ ត្រាំ​បាន​ណែនាំ​អ៊ីរ៉ង់ ឲ្យ​និយាយ​ភាសា​បែប​សន្តិភាព​ជាមួយ​អាមេរិក ដើម្បី​បន្ថយ​ភាព​តានតឹង ដែល​អាចមាន​សក្កា​នុព​ល ឆ្ពោះទៅរក​ការដក​ទណ្ឌកម្មសេដ្ឋកិច្ច​ចេញ​ផងដែរ​។ បើទោះជា​បែបនេះ​ក្តី លោក​ត្រាំ​នៅតែ​បន្ត​បើកទ្វារ​ចរចា​ជាមួយ​អ៊ីរ៉ង់ តែ​អ៊ីរ៉ង់​មិន​យល់ព្រម​ទទួលយក​ការសន្ទនា ខណៈដែល​ខ្លួន​កំពុង​រង​នូវ​ការគំរាមកំហែង​បែបនេះ​ទេ​។ ទន្ទឹមនឹងនោះ អ៊ីរ៉ង់​ថា​នឹង​ដកចេញ​នូវ​ការប្តេជ្ញាចិត្ត​មួយចំនួនទៀត ដែល​បាន​ឯកភាពគ្នា​នៅក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​នៅ​ឆ្នាំ​២០១៥​។ 

​ការប្រកាស​របស់​អ៊ីរ៉ង់​បង្ហាញថា អ៊ីរ៉ង់​ព្យាយាម​រំដោះខ្លួន ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែ​រ ដែល​ចងរឹត​អ៊ីរ៉ង់ ពី​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​។ កាលពី​ថ្ងៃទី​៨​ខែ​មីនា អ៊ីរ៉ង់​ប្រកាស​នឹង​ដក​នូវ​ការប្តេជ្ញាចិត្ត​មួយចំនួន ចេញពី​កិច្ចព្រមព្រៀង​នេះ ដោយ​កំណត់ពេល​២​ខែ ឲ្យ​សហភាព​អឺរ៉ុប ចិន​និង​រុស្ស៊ី​ជួយ​ធ្វើ​យ៉ាងណាឲ្យ​អាមេរិកដក​ទណ្ឌកម្ម ដោយ​អនុញ្ញាតឲ្យ​អ៊ីរ៉ង់ អាច​បន្ត​នាំ​ប្រេង​ចេញ​វិញ​បាន​។ នៅ​ថ្ងៃទី​៧​ខែកក្កដា​ខាងមុខ អ៊ីរ៉ង់​នឹង​អនុវត្ត​ជំហាន​ទី​ពីរ ដោយ​បន្ត​ដក​នូវ​ការប្តេជ្ញាចិត្ត​បន្ថែមទៀត ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​។​

​ភាព​តានតឹង​រវាង​អាមេរិក​និង​អ៊ីរ៉ង់ កើនឡើង​កាន់តែខ្លាំង​នាពេលនេះ បន្ទាប់​អ៊ីរ៉ង់ ចោទអាមេរិកថាបានបញ្ជា ​យន្តហោះ​យកការណ៍​គ្មាន​មនុស្ស​បើក ​ហោះរំលោភចូល​ដែនអាកាស​របស់ខ្លួន ហើយក៏​បាន​បាញ់​កម្ទេច​យន្តហោះ​មួយគ្រឿង​នោះ​ចោល​។ អាមេរិក​ដែល​អះអាងថា យន្តហោះ​ខ្លួន​ស្ថិតក្នុង​ទិសដៅ​ក្រៅ​ដែនអាកាស​អ៊ីរ៉ង់​នោះ បាន​សងសឹក​នឹង​អ៊ីរ៉ង់​វិញ ដោយ​ការដាក់ទណ្ឌកម្ម​បន្ថែម​។ ប៉ុន្តែ នេះ​មិនមែនជា​ដំណោះស្រាយ​ល្អទេ វា​កាន់តែ​បង្កឲ្យមាន​ការព្រួយបារម្ភ​ខ្លាំង​ពី​អន្តរជាតិ ជំរុញ​ឲ្យ​ភាគី​ទាំងពីរ​នេះ ស្វែងរក​ដំណោះស្រាយ​បញ្ចប់​ភាព​តានតឹង តាមរយៈ​ការសន្ទនា​៕

ព័ត៌មានផ្សេងទៀត