លោក​ហ៊ុន សែន នឹង​បំពាក់​មេដាយមាស​ដល់​ក្រុម​សង្គ្រោះ​ករណី​បាក់​រលំ​អគារ​

26-06-2019 11:00 am 235

ក្រោយ​ផ្តល់​ថវិកា លើកទឹកចិត្ត​ដល់​ក្រុម​សង្គ្រោះ​ជិត​១៥០០​នាក់ ក្នុងករណីរ​លំបាក់​អគារ​កម្ពស់​៧​ជាន់ នៅ​ខេត្ត​ព្រះសីហនុ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏​បាន​ប្រកាស​បំពាក់​មេដាយមាស ជូន​ក្រុម​សង្គ្រោះ​ទាំងនេះ​បន្ថែមទៀត ដើម្បី​ឆ្លើយតប នឹង​ការខិតខំ ប្រឹងប្រែង ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ​។

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​បញ្ជាក់​តាម Facebook នៅ​យប់​ថ្ងៃទី​២៥ ខែមិថុនា នេះ​ថា​៖ «​ខ្ញុំ​ក៏​សុំ​បញ្ជាក់​ជូន​ផងដែរ​ថា យប់មិញ​នេះ នៅមុន​ម៉ោង​១២​យប់ ខ្ញុំ​បាន​ឱ្យ​លោក សេង ទៀង យក​ថវិកា​ខ្ញុំ ទៅ​ចែក​ជូន​កម្លាំង​ចូលរួម​ប្រត្តិបត្តិការ ចំនួន​១៤៨៧​នាក់ ក្នុងនោះ​នារី​៣៥​នាក់​ដោយ​ម្នាក់ៗ ជា​បុរស​ទទួលបាន​១០០​ដុល្លារ ជា​នារី​ទទួលបាន​២០០​ដុល្លារ អស់​ទឹកប្រាក់​១៥២,២០០​ដុល្លារ​។ ខ្ញុំ​នឹង​បំពាក់​មេដាយមាស​ជូន​ក្រុម​ជួយ​ស​ង្គ្រាះ ដើម្បី​ឆ្លើយតប​នឹង​ការខិតខំ​របស់​បងប្អូន​ទាំងអស់​រាប់​ទាំង​ផ្នែក​ឯកជន​ផង​ដែរ​»​។​

​ប្រមុខ​រដ្ឋាភិបាល បាន​បញ្ជាក់ទៀតថា «​អាស្រ័យ​ដោយ​ក្តី​អាណិត​ស្រឡាញ់​ចំពោះ​ជនរងគ្រោះ​សប្បុរសជន នៅ​បន្ត​ជួយ​ឧបត្ថម​ដែល​ធ្វើ​ចំនួន​ទឹកប្រាក់​កើនឡើង​ពី ២,១៩៨,៤០០​ដុល្លារ ដល់ ២,៣៦៨,៤០០​ដុល្លារ​។ ដោយ​ដក​៣០​ម៉ឺន​ដុល្លារ​ចែក​ជូន​អ្នក​ត្រូវរបួស​ថវិកា​នៅសល់​សម្រាប់​ចែក​ជូន​ក្រុមគ្រួសារ​អ្នកស្លាប់​កើន​ពី​ចំនួន ១,៨៩៨,៤០០​ដុល្លារ ដល់ ២,០៦៨,៤០០​ដុល្លារ ដែល​ធ្វើឱ្យ​គ្រួសារ​សព ម្នាក់ៗ​ទទួល​បាន​កើន​ពី ៦៧,៨០០$​ដល់ ៧៣,៨៧០​ដុល្លារ​»​។​

​សូមបញ្ជាក់​ថា កាលពី​វេលា​ទាបភ្លឺ​ថ្ងៃទី​២២ ខែ​មិថុនា​នេះ មាន​ករណីរ​លំបាក់​សំណង់​អគារ​កម្ពស់​៧​ជាន់ នៅ​ខេត្ត​ព្រះសីហនុ ដែល​បាន​បណ្តាលឱ្យ​មាន​អ្នកស្លាប់​២៨​នាក់ និង​អ្នករបួស​២៦​នាក់​។ ករណីនេះ​លោកនាយក​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការសោកស្តាយ​យ៉ាងខ្លាំង និង​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ក្រុមគ្រួសារ​សព ព្រមទាំង​ប្រកាស​អំពាវនាវ​ដល់​សប្បុ​រ​សជន ដើម្បី​ឧបត្ថម្ភ​ដល់​ជនរងគ្រោះ និង​គ្រួសារ​សាកសព​ផងដែរ​៕

ព័ត៌មានផ្សេងទៀត