លោក​ហ៊ុន សែន ប្រើ​ថវិកា​ផ្ទាល់ខ្លួន​ឧបត្ថម្ភ​ក្រុម​សង្គ្រោះ​ករណី​រលំ​អគារ​

25-06-2019 9:45 pm 378

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​យប់​ថ្ងៃទី​២៥ មិថុនា បាន​បញ្ជាក់​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុកខ្លួន​ថា អាស្រ័យ​ដោយ​ក្តី​អាណិត​ស្រឡាញ់​ចំពោះ​ជនរងគ្រោះ សប្បុរសជន​នៅ​តែ​បន្ត​ជួយ​ឧបត្ថម្ភ ដែល​ធ្វើ​ឱ្យ​ចំនួន​ទឹកប្រាក់​កើនឡើង​ពី ២.១៩៨.៤០០ ដុល្លារ ដល់ ២.៣៦៨.៤០០ ដុល្លារ ។​

​លោក​ថា ថវិកា​នេះ នឹង​ដក​៣០​ម៉ឺន​ដុល្លារ ចែក​ជូន​អ្នក​ត្រូវរបួស ថវិកា​នៅសល់ គឺ​សម្រាប់​ចែក​ជូន​ក្រុមគ្រួសារ​អ្នកស្លាប់ ដែល​កើន​ពី ១.៨៩៨.៤០០ ដុល្លារ ដល់ ២.០៦៨.៤០០ ដុល្លារ ដែល​ធ្វើឱ្យ​គ្រួសារ​សព​ម្នាក់ៗ ទទួល​បាន​កើន​ពី ៦៧.៨០០ ដុល្លារ ដល់ ៧៣.៨៧០ ដុល្លារ ។​

​ប្រមុខ​រាជរដ្ឋាភិបាល​បញ្ជាក់​បន្តថា លោក សេង ទៀង នឹង​ចាត់ចែង​បញ្ជូន​ថវិកា​នេះ ទៅកាន់​គ្រួសារ​សព នៅពេល​បិទ​បញ្ចប់​ការទទួល​ជំនួយ​តាម​រយៈ​ធនាគារ ។ 

​លោក​បញ្ជាក់​បន្តថា កាលពី​យប់​មុន​ម៉ោង​១២ ថ្ងៃទី​២៤ មិថុនា លោក​បាន​ឱ្យ​លោក សេង ទៀង យក​ថវិកា​ផ្ទាល់ខ្លួន​របស់​លោក ទៅ​ចែក​ជូន​កម្លាំង​ចូលរួម​ប្រតិបត្តិការ​ចំនួន ១.៤៨៧​នាក់ ក្នុងនោះ នារី​៣៥​នាក់ ដោយ​ម្នាក់ៗ ជា​បុរស​ទទួលបាន ១០០​ដុល្លារ ហើយ​ជា​នារី ទទួលបាន​២០០​ដុល្លារ ។ លោក​បន្តថា ថវិកា​ដែល​ទទួលបាន​ពី​សប្បុរសជន ប្រើប្រាស់​សម្រាប់​តែ​អ្នកស្លាប់ និង​របួស​តែប៉ុណ្ណោះ ៕

ព័ត៌មានផ្សេងទៀត