ម៉ាឡេស៊ី​បិទ​សាលារៀន​ជាង​៤០០ ក្រោយ​សិស្ស​ធ្លាក់ខ្លួន​ឈឺ​បន្តបន្ទាប់​

25-06-2019 2:36 pm 156
  ស្តាប់
ស្តាប់ជាសំឡេង

​សាលារៀន​ស្ថិតនៅក្នុង​រដ្ឋ Johor នៃ​ប្រទេស​ម៉ាឡេស៊ី​ចំនួន​ជាង​៤០០​កន្លែង ត្រូវបាន​បិទទ្វារ​បណ្តោះអាសន្ន ក្រោយពី​សិស្សសាលា​ក្មេងៗ​ជាង​៧៥​នាក់ ធ្លាក់ខ្លួន​ឈឺ​បន្តបន្ទាប់​គ្នា​។ នៅក្នុង​នោះ​មាន​សាលាបឋមសិក្សា​និង​អនុវិទ្យាល័យ​របស់​រដ្ឋ​ចំនួន​ជាង​១០០​កន្លែង និង​សាលា​ឯកជន​ចំនួន​៣០០ ត្រូវបាន​បញ្ជា​ឲ្យ​បិទទ្វារ​បណ្តោះអាសន្ន​ក្នុង​សប្តាហ៍​នេះ​។ សាលារៀន​នៅក្នុង​តំបន់ឧស្សាហកម្ម Pasir Gudang​នេះ ត្រូវបាន​គេ​បិទទ្វារ​រហូតដល់​ថ្ងៃ​ព្រហស្បតិ៍​។ ការផ្អាក​ការបង្រៀន​សិស្ស បន្ទាប់ពី​មាន​សិស្សសាលា​ចំនួន​៧៥​នាក់ មាន​អាការ​ស្រដៀង​គ្នា គឺ​ពិបាក​ដកដង្ហើម​និង​ក្អួតចង្អោរ​។​

​អាជ្ញាធរ​បាន​និយាយថា ពេលនេះ​មិនទាន់​ដឹង​មូលហេតុ​ពិតប្រាកដ ដែល​នៅ​ពីក្រោយ​ករណី​សិស្សសាលា​ធ្លាក់ខ្លួន​ឈឺ​បន្តកន្ទុយ​គ្នា​នៅឡើយ​ទេ ដោយ​អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​។ មាន​ការសង្ស័យថា ករណីនេះ ពាក់ព័ន្ធ​នឹង​ករណី​ពុល​សារ​ធាតុគីមី​កាលពី​ខែមីនា​។ កាលពី​ខែមីនា មាន​មនុស្ស​ខ្ទង់ពាន់​នាក់ បាន​ជួបប្រទះ​អាការ​ដូចៗ​គ្នា គឺ​ពិបាក​ដកដង្ហើម ឈឺទ្រូង​និង​ក្អួត បន្ទាប់ពី​មាន​គេ​យក​កាកសំណល់​គីមី​ចំនួន​៤០​តោន និង​១៥​ប្រភេទ​ខុសៗ​គ្នា ទៅ​ទម្លាក់​ចូលក្នុង​ទឹកទន្លេ​Kim Kim​ដោយ​ខុសច្បាប់​។ 

យ៉ាងណាក៏ដោយ អាជ្ញាធរ​អះអាងថា ករណី​សិស្សសាលា​ធ្លាក់ខ្លួន​ឈឺ​ជាថ្មី​នេះ មិន​ពាក់ព័ន្ធ​ជាមួយ​កាកសំណល់​គីមី កាលពី​លើក​មុន​នោះឡើយ​។ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក​Mahathir Mohamad នៅ​ថ្ងៃ​អង្គារ​នេះ ប្តេជ្ញា​ចាត់វិធានការ​ម៉ឹងម៉ាត់ ដើម្បី​ប្រឆាំងនឹង​មូលហេតុ ដែល​នៅ​ពីក្រោយ​ឧប្បត្តិហេតុ​នេះ ដោយ​មិន​អនុញ្ញាតឲ្យ​ករណីនេះ កើតឡើង​ម្តងទៀត​ដាច់ខាត​៕

ព័ត៌មានផ្សេងទៀត