អង្គការសហប្រជាជាតិ ជំរុញឲ្យមាន​កិច្ចចរចា បញ្ចប់​ភាព​តានតឹង រវាង​អាមេរិក​និង​អ៊ីរ៉ង់​

25-06-2019 12:57 pm 417
  ស្តាប់
ស្តាប់ជាសំឡេង

​បន្ទាប់ពី​បិទ​បញ្ចប់​កិច្ចប្រជុំ​២​ម៉ោង​កាលពី​ថ្ងៃទី​២៤​ខែមិថុនា ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បាន​យល់ព្រម​លើ​សេចក្តីថ្លែងការណ៍​រួមមួយ ដែល​បញ្ជាក់​យ៉ាងច្បាស់ ដោយ​មិនមែន​ចង្អុល​ចំឈ្មោះ​អ៊ីរ៉ង់​តែ​ម្នាក់​នោះទេ ប៉ុន្តែ​បាន​ប្រាប់​ទៅ​គ្រប់ភាគី​ទាំងអស់ គួរតែ​ដកខ្លួន​ចេញពី​ការប្រឈមមុខ​ដាក់គ្នា ផ្នែក​យោធា​ដ៏​គួរឲ្យ​ភ័យខ្លាច​។ ក្រុមប្រឹក្សា​បាន​និយាយថា គ្រប់ភាគី​ពាក់ព័ន្ធ​និង​ប្រទេស​ទាំងអស់​ក្នុង​តំបន់ ត្រូវតែ​រឹតបន្តឹង​ជា​អតិបរមា និង​ចាត់វិធានការ​និង​សកម្មភាព ដើម្បី​កាត់បន្ថយ​ភាព​តានតឹង ដែល​កើនឡើង​កាន់តែខ្លាំង​។ ក្រុមប្រឹក្សាសន្តិសុខ បាន​អំពាវនាវ​ឲ្យ​អាមេរិកនិង​អ៊ីរ៉ង់ បើក​ការចរចា​បញ្ចប់​ភាព​តានតឹង​។ ចំណែក​បារាំង អង់គ្លេស​និង​អាល្លឺម៉ង់ បាន​អំពាវនាវ​ដាច់ដោយឡែក ឲ្យ​បន្ថយ​ភាព​តានតឹង និង​បើក​ការសន្ទនា ដោយ​គោរព​ឲ្យបាន​ពេញលេញ​នូវ​ច្បាប់​អន្តរជាតិ​។​

​ភ្លាមៗ អ៊ីរ៉ង់​បាន​បដិសេធ​យ៉ាង​ដាច់អហង្កា​។ អគ្គរដ្ឋទូត​អ៊ីរ៉ង់​នៅ​អង្គការសហប្រជាជាតិ លោក Majid Takht Ravanchi និយាយថា ស្ថិតក្នុង​ការលៈ​ទេសៈនេះ អ៊ីរ៉ង់​មិនអាច​ចាប់ផ្តើម​ការចរចា​ជាមួយ​អាមេរិក​បានទេ​។ លោក​ថា ការចរចា​មិនអាច​ចាប់ផ្តើមបាន ជាមួយ​នរណាម្នាក់ ដែល​កំពុងតែ​គំរាមកំហែង បំភិតបំភ័យ​អ្នក​នោះទេ​។ ក្រៅពីនេះ លោក Majid Takht Ravanchi បាន​ប្រាប់​អ្នកកាសែត ថា អាមេរិក​ត្រូវតែ​បញ្ឈប់ សង្គ្រាម​សេដ្ឋកិច្ច​ប្រឆាំង​ប្រជាជន​អ៊ីរ៉ង់​ទៅ​។ នៅពេលដែល​ទណ្ឌកម្មសេដ្ឋកិច្ច​នៅតែ​រក្សា​លើ​អ៊ីរ៉ង់ នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ លោក​ត្រាំ​ទើបបាន​ដាក់ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ​ប្រឆាំង​មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក​Ayatollah Ali Khamenei និង​មន្ត្រី​គ្រា​ក់ៗ​មួយចំនួនទៀត​។ ចំណុច​នេះហើយ ដែល​អ៊ីរ៉ង់​ច្រានចោល​ការផ្តួចផ្តើម​ឲ្យមាន​ការសន្ទនា​ជាមួយ​ជាមួ​យ​អាមេរិក​។​

​ភាព​តានតឹង​រវាង​អាមេរិក​និង​អ៊ីរ៉ង់ បាន​កើនឡើង​ខ្លាំង ក្រោយ​អ៊ីរ៉ង់​បាញ់​ទម្លាក់​យន្តហោះ​យកការណ៍​គ្មាន​មនុស្ស​បើក​របស់​អាមេរិក​កាលពី​សប្តាហ៍​មុន​។ ករណីនេះ អ៊ីរ៉ង់​ថា​យន្តហោះ​នោះ បាន​ហោះ​រំលោភ​ចូល​ដែនអាកាស​របស់គេ ប៉ុន្តែ​អាមេរិក​លើកឡើង​ផ្ទុយ​ពីនេះ​ថា យន្តហោះ​ខ្លួន​ស្ថិតនៅ​ក្រៅ​ដែនអាកាស​របស់​អ៊ីរ៉ង់​ទេ​។ ភ្លាមៗ លោក​ត្រាំ​ប្រុង​នឹង​បើក​ការអន្តរាគមន៍​យោធា​ដើម្បី​សងសឹក​នឹង​អ៊ីរ៉ង់​ទៅហើយ ប៉ុន្តែ​លោក​ត្រាំ​ទប់​កំហឹង​ទាន់ ដោយ​ងាក​មក​ដាក់ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ​លើ​មេដឹកនាំ​កំពូល​អ៊ីរ៉ង់ លោក​Ayatollah Ali Khamenei និង​មន្ត្រី​គ្រា​ក់ៗ​មួយចំនួន ជំនួស​វិញ​៕

 

 

 ពាក្យគន្លឹះ  UNអ៊ីរ៉ង់អាមេរិក

ព័ត៌មានផ្សេងទៀត