លោក​ហ៊ុន សែន មាន​អារម្មណ៍​ចម្លែក​ថា​មាន​ពលរដ្ឋ នៅ​មាន​ជីវិត ទើប​លោក​..

25-06-2019 11:26 am 595

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានបង្ហាញ​មាន​អា​ម្មណ៍ ក្តុកក្តួល​ក្រៃលែង ចំពោះឧ​ប្ប​ទ្ទេ​វហេតុ នៃ​ការបាក់​រលំ​អគារ​កំពស់​៧​ជាន់ នៅ​ខេត្ត​ព្រះសីហនុ ដែល​បាន​បណ្តាលអោយ​កម្មករ​ខ្មែរ​របួស និង​ស្លាប់​ចំនួន ២៨​នាក់ និង​របួស​២៦​នាក់​។

​តាមរយៈ​ហ្វេ​សប៊ុក​លោកនាយក​រដ្ឋមន្ត្រី បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា លោក​មាន​អារម្មណ៍​ចម្លែក​ជាមួយនឹង​ជំនឿ​ថា គឺ​នៅ​មាន​ពលរដ្ឋ ដែល​មាន​ជីវិត​រស់ នៅ​កំពុង​កៀប​នៅក្រោម​អគារ​។ អារម្មណ៍​នេះហើយ ដែល​បាន​បណ្តាលអោយ រូប​លោក​សម្រេចចិត្ត​ចេញដំណើរ ពី​គេហដ្ឋានៅ​រសៀល​ថ្ងៃ​ទី​២៤ មិថុនា ឆ្ពោះ​មក​កាន់​ទីតាំង​អាគារ​៧​ជាន់ ដែលមាន​ក្រុមការងារ​កំពុង​ធ្វើការ​យ៉ាង​សស្រាក់សស្រាំ ដែល​មាន​ខ្លះ​ជីក​គាស់​ថ្ម កាត់​ផ្សារ​ដែក កាត់​ផ្ទាំង​ស៊ីម៉ង់ត៍ និង​ដឹកជញ្ជូន​កំទេចកំទី​ទាំងនោះ ចេញពី​កន្លែង​សង្ស័យ ដើម្បីឲ្យ​ការរុករក​កាន់តែ​ងាយស្រួល​។​

​ប្រមុខ​រដ្ឋាភិបាល មានប្រសាសន៍​បន្ថែម​ថា លោក​បាន​ឈរ​មើល​ក្រុម​ការងារ​សង្គ្រោះ រុករក​អ្នក​បាត់​ខ្លួន​អស់​មួយ​សន្ទុះ ដោយ​អារម្មណ៍​រសាប់រសល់​បំផុត​។ ពេលនោះ ស្រាប់តែ​ក្រុម​អ្នក​រុករក​បាន​ស្រែក​ថា ឮ​សម្លឹង​មនុស្ស​ស្រែក​សុំ​ទឹក​ផឹក នៅ​ក្រោម​គំនរ​ផ្ទាំង​ស៊ីម៉ង់តិ៍ ដែល​មាន​បន្ទះ​ស័ង្កសី គ្របពីលើ​១​ជាន់​ទៀត​។ ក្រុម​រុករក​បាន​យក​ដែក​ស្បែ​ង គាស់ និង​ប្រើ​ហ្គាស់​សម្រុក​កាត់​ទម្លុះ​ផ្ទាំង​ថ្ម និង​សង្ក័សី ហើយក៏​បាន​ឃើញ​បុរស់​២​នាក់​នៅ​មាន​ដង្ហើម នៅឡើយ ប៉ុន្តែ​ឃើញ​២​នាក់​ទៀត​បាន​ស្លាប់​នៅ​ជិត​គ្នា​។​

​ទន្ទឹម​នឹង​ដំណឹង​ដ៏​ក្រៀមក្រំ​បំផុត​នេះ ក៏​មាន​ដំណឹង​ដ៏​សែន​រំភើប​រីករាយ​បំផុត​ដែរ​សម្រាប់ លោកនាយក​រដ្ឋមន្ត្រី ក៏ដូចជា​សម្រាប់​ពលរដ្ឋ​កម្ពុជា​ទាំងមូ​ល ដែល​កំពុង​រង់ចាំ​មើល​ថា តើ​នៅ​ម៉ោង​នេះ នៅមាន​មនុស្ស​រស់រានមានជីវិត​ដែរ​ទេ ព្រោះ​គ្រប់គ្នា​អស់សង្ឃឹម​ហើយ​ថា គ្មាន​អ្នក​រស់​ទេ ។​

​ប្រមុខ​រដ្ឋាភិបាល មានប្រសាសន៍​ទៀត​ថា លោក​សប្បាយរីករាយ​ឥតឧបមារ ហើយក៏​បាន​អញ្ជើញ​រួសរាន់​ដើរ​ទៅ​រង់ចាំ​ទទួល​ជនរងគ្រោះ ដែល​នៅ​មាន​ជីវិត​ទាំង​២​នាក់ នៅ​ឯ​រថយន្ត​សង្គ្រោះបន្ទាន់ ដែល​កំពុង​រង់ចាំ​ដឹក​ពួកគេ​ទៅ​មន្ទីរពេទ្យ​។​

​ជីវិត​មនុស្ស​ពិត​ជា​ថ្លៃ​ណាស់ លោកនាយក​រដ្ឋមន្ត្រី មាន​អារម្មណ៍​ក្តុកក្តួល​ក្រៃលែង​ជាមួយ​កែវភ្នែក​រលីងរលោង នៅពេល​ដែល​បាន​ឃើញ​ស្ថានភាព​នឹង​មុខ​បែបនេះ​។ ក្រោយ​ពី​ជនរងគ្រោះ​ទាំង​២​បាន​បញ្ជូន​មកកាន់រ​ថយ​ន្ត សង្គ្រោះបន្ទាន់ លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​អញ្ជើញ​ចូល​ទៅ​ជួប​ពួកគេ​នៅ​ក្នុង​រថយន្ត ដោយ​បាន​ស្ទាប​ច្របាច់​ដៃ និង​បាន​ជូត​សម្អាតខ្លួន​ជនរងគ្រោះ​ដោយ​កន្សែង​ត្រជាក់ ហើយ​បាន​ផ្តល់​កម្លាំងចិត្ត​ដល់​អ្នក​ទាំង​ពីរ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត