តុលាការ​សម្រេច​ចោទប្រកាន់ ឧកញ៉ា​សុខ ប៊ុន និង​បក្ខពួក​ជា​មន្ត្រី​អាជ្ញាធរ​៥​នាក់​

24-06-2019 6:06 pm 297

លោក​ឧកញ៉ា​សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ ខេត្ត​ព្រះសីហនុ ៥​នាក់​ផ្សេង​ទៀត ត្រូវបាន​តុលាការ សម្រេច​ចោទប្រកាន់ ពី​បទ​បំផ្លាញ​ដោយ​ចេតនា និង​តៃ​បំបាត់​ដោយ​ទុច្ចរិត​, វីតិក្រម​, ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ ក្លែង​ប្រព្រឹត្ត​នៅ​សង្កាត់​កោះរ៉ុង ក្រុង​កោះរុង ខេត្ត​ព្រះសីហនុ កាលពី​អំឡុង​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩​។

​តុលាការក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា​នេះ បានសម្រេច​ចោទប្រកាន់​លោក​ឧកញ៉ា សុខ ប៊ុន និង​មន្ដ្រី​អាជ្ញាធរ​សង្កាត់​កោះរ៉ុង ចំនួន​៥​នាក់​ផ្សេង​ទៀត ពាក់ព័ន្ធ​ការរំលោភ​ដី​ខុសច្បាប់ នៅ​សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ មុន​បញ្ចូន​សំណុំរឿង​នេះ ទៅ​ចៅក្រម​ស៊ើបសួរ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។​

​ជនសង្ស័យ​ទាំង​៦​នាក់ ត្រូវបាន​ចោទប្រកាន់​នោះ​រួមមាន​៖

១៖ ឈ្មោះ អ៊ុង និត ប្រធាន​ក្រុមប្រឹក្សា ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ​

២៖ ឈ្មោះ សេង ហួ​លាង ចៅ​សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ​

៣៖ ឈ្មោះ ហែម សា​ឡេះ សមាជិក​ក្រុមប្រឹក្សា​សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ​

៤៖ ឈ្មោះ កែ សោម ចៅសង្កាត់រង​ទី​២ ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ​

៥៖ ឈ្មោះ កែវ ពៅ មេ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ​

៦៖ ឈ្មោះ សុខ ប៊ុន អគ្គនាយក សុខ ប៊ុន គ្រុប​។​

​សូមបញ្ជាក់​ថា ឧកញ៉ា សុខ ប៊ុន រួម​ជាមួយ​មន្ដ្រី​អាជ្ញាធរ ៥​នាក់​ទៀត នៅ​សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ ត្រូវបាន​កម្លាំង​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ឃាត់ខ្លួន និង​បាន​បញ្ជូន​ទៅកាន់ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ ពាក់ព័ន្ធ​ការរំលោភ​យក​ដី​រដ្ឋ និង​ក្លែង​លិខិត​បន្លំ​យក​ដី​អ្នកដទៃ នៅ​សង្កាត់​កោះរ៉ុង ចន្លោះ​ឆ្នាំ​២០១៦-២០១៩​។​

​មន្ដ្រី​ស៊ើបអង្កេត​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានបញ្ជាក់​ថា «​នេះ​ករណី ប៉ះពាល់​ទ្រព្យសម្បត្តិ​រដ្ឋ​ធ្ងន់ធ្ងរ ជា​ការបំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត​, ការរំលោភ​អំណាច ប្រព្រឹត្ត​កាលពី​អំឡុង ឆ្នាំ​២០១៦-២០១៩ នៅ​សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ​។ មន្ត្រី​នៅ​កោះ​រុង ៥​នាក់ និង​អ្នករកស៊ី​ម្នាក់​គឺ​ឧកញ៉ា សុខ ប៊ុន ត្រូវ​បាន​ជាប់​អង្កេត និង​ត្រូវបាន​បញ្ជូន​ទៅ​តុលាការ​ព្រឹក​នេះ ក្រោយ អ​.​ប​.​ព ឃាត់ខ្លួន​ស្តាប់​ចម្លើយ​៧២​ម៉ោង​៕

 ពាក្យគន្លឹះ  លោកសុខប៊ុនACU

ព័ត៌មានផ្សេងទៀត