ចិន​៖​​បញ្ហា​​នៅ​ហុងកុង​​មិនអាច​​យកទៅ​​ពិភាក្សា​​ក្នុង​កិច្ចប្រជុំ​G20​​ដាច់ខាត​

24-06-2019 4:36 pm 315
  ស្តាប់
រូបភាពតវ៉ានៅហុងកុង
ស្តាប់ជាសំឡេង

​ប្រទេស​ចិន​បាន​និយាយ​នៅ​ថ្ងៃទី​២៤​មិថុនា​នេះ​ថា នឹងមិន​អនុញ្ញាតឲ្យ​មាន​កិច្ចពិភាក្សា​ស្ដីពី​បញ្ហា​នៅ​ហុងកុង នៅក្នុង​កិច្ចប្រជុំ​G20​ក្នុង​សប្ដាហ៍​នេះឡើយ ទោះបីជា​លោក​ដូណាល់ ត្រាំ​ចង់​លើកឡើង​ពី​ចលនា​តវ៉ា​នៅ​ហុងកុង​ក្ដី​។ លោក​ត្រាំ​គ្រោង​នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ស៊ី ជីន​ពីង​ប្រធានាធិបតី​ចិន នៅក្រៅ​កិច្ចប្រជុំ​G20​រៀបចំឡើង​ក្នុងប្រទេស​ជប៉ុន​។​

​ចលនា​តវ៉ា​នៅក្នុង​ក្រុង​ហុងកុង​កំពុង​បង្ក​ការព្រួយបារម្ភ​យ៉ាងខ្លាំង និង​ធ្វើឲ្យ​ផ្ទុះ​ភាពចលាចល​យ៉ាងខ្លាំង​រហូតមាន​អំពើហិង្សា ដើម្បី​ទាមទារ​ឲ្យ​លុបចោល​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន និង​ទាមទារ​ឲ្យ​មេដឹកនាំ​ហុងកុង​ចុះ​ចេញពី​តំណែង​។ សេចក្ដីព្រាងច្បាប់​ដែល​រដ្ឋាភិបាល​ហុងកុង​ចង់​អនុម័ត អាច​បញ្ជូន​អ្នកប្រព្រឹត្ដ​បទឧក្រិដ្ឋ​ទៅកាន់ទោស​នៅ​ចិនដីគោ​ក ហើយ​ធ្វើ​ដូច្នេះ​ប្រជាជន​ហុងកុង​មិន​ពេញចិត្ដ​ទេ​។ 

​លោក​ត្រាំ​បានចាត់ទុក​នេះ​គឺជា​ភាពវឹកវរ​នយោបាយ​ដ៏​អាក្រក់​បំផុត ចាប់តាំងពី​ហុងកុង​ទទួលបាន​ឯករាជ្យ​ពី​អង់គ្លេស មក​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ចិន​នៅ​ឆ្នាំ​១៩៩៧​។ លោក​និយាយថា​លោក​យល់​មូលហេតុ​នៃ​ការតវ៉ា ហើយ​សង្ឃឹម​ក្រុមបាតុករ​អាច​ដោះស្រាយ​បញ្ហា​ជាមួយ​ចិន​។ រដ្ឋមន្ដ្រីការបរទេស​អាមេរិក​លោក​ម៉ៃ ផុម​ភី​អូបាន​និយាយ​ដែរថា លោក​ត្រាំ​នឹង​ពិភាក្សា​ពី​វិបត្ដិ​នៅ​ហុងកុង​ជាមួយ​លោក​ស៊ី​នៅក្រៅ​កិច្ចប្រជុំ​G20 នៅ​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​។​

​ប៉ុន្ដែ​មន្ដ្រី​នៃ​ក្រសួងការបរទេស​ចិន​និយាយថា កិច្ចប្រជុំ​G20​ជា​កិច្ចប្រជុំ​ផ្ដោត​សំខាន់​លើ​បញ្ហា​សេដ្ឋកិច្ចពិភពលោក​។ ដូច្នេះ​កិច្ចប្រជុំ​នឹង​មិនអាច​និយាយ​ពី​បញ្ហា​នៅ​ហុងកុង​បានទេ ហើយ​ចិន​ក៏​មិន​អនុញ្ញាតឲ្យ​មាន​ការពិ​ភាក្សា​បញ្ហា​នេះដែរ​។ កិច្ចការ​នៅ​ហុងកុង​គឺជា​រឿង​ផ្ទៃក្នុង​របស់​ចិន​សុទ្ធសាធ គ្មាន​ប្រទេសក្រៅ​ណា​មាន​សិទ្ធិ​ធ្វើ​អន្ដរាគមន៍​ឡើយ​។ មន្ដ្រី​ក្រសួងការបរទេស​ចិន​រំលឹកថា ទីក្រុង​នេះ​គឺជា​រដ្ឋបាល​ពិសេស​មួយ​របស់​ប្រទេស​ចិន​៕

 ពាក្យគន្លឹះ  អាមេរិកចិនហុងកុង

ព័ត៌មានផ្សេងទៀត