ក្រោយ​ការសុំ​ចុះចេញ​ពី​តំណែង​លោក​យន្ត មីន សុំ​ការ​អភ័យទោស​ពី​ប្រជាពលរដ្ឋ​

24-06-2019 4:19 pm 452

​ក្រោយ​ពី​សុំលាលែង​ពី​តំណែង​អភិបាលខេត្ត​ព្រះសីហនុ ពាក់ព័ន្ធ​ករណីរ​លំបាក់​អគារ​សង្កត់​មនុស្ស​ស្លាប់ និង​របួស​ជាច្រើន​នាក់ លោក យន្ត មីន បាន​បង្ហោះ​សារ​មួយ​សម្តែង​នូវ​ការសោកស្តាយ និង​សុំ​អភ័យទោស ពី​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បើ​ការដឹកនាំ​កន្លងមក មាន​ការខុសឆ្គង ដោយ​ប្រការ​ណាមួយ​នោះ​។​

​លោក យន្ត មីន បញ្ជាក់ថា «​ខ្ញុំបាទ​សូម​គោរព​បងប្អូន​អ្នក​ខេត្ត​ព្រះសីហនុ​ជា​ពិសេស​បងប្អូន​រងគ្រោះ​ក្នុង​ហេតុការណ៍​អគារ​៧​ជាន់ រលំ​នា​ថ្ងៃទី​២២​កន្លងមក ខ្ញុំ​ពិតជា​មាន​ការសោកស្តាយ និង​សុំ​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ ជាមួយ​គ្រួសារ​នៃ​សព​។ ខ្ញុំ​បាន​ជួប​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដើម្បី​សុំ​ការ​អភ័យទោស​ពី​លោក និង​សុំ​លាលែង​ចេញពី​តំណែង​អភិបាលខេត្ត​ព្រះសីហនុ​»​។​

​ពាក់ព័ន្ធ​នឹង​រឿង​សុំលាលែង​ពី​តំណែង​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​យល់ព្រម និង​សម្រេច​តែងតាំង​លោក គួច ចំរើន ពី​អភិបាលខេត្ត​កំពង់ចាម ឲ្យមក​ធ្វើ​ជា​អភិបាលខេ​ត្ត​ព្រះសីហនុ ជំនួស​លោក យន្ត មីន​៕

ព័ត៌មានផ្សេងទៀត