រលំ​​អគារ​​នៅ​​ព្រះ​សីហនុ​ឈាន​ដល់​​ការ​ដក​តំណែង​​មន្ត្រី ​និង​តែង​តាំង​ថ្មី​​

24-06-2019 4:07 pm 753
​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ (ឆ្វេង) និង លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

​ហេតុការណ៍​បាក់​រលំ​អគារ​នៅឯ​ខេត្ត​ព្រះសីហនុ បាន​នាំឱ្យ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​ដក​អភិបាលខេត្ត​ព្រះសីហនុ និង មន្ត្រី​ពាក់ព័ន្ធ​មួយរូប​ទៀត​ចេញ​តំណែង ព្រមទាំង​តែងតាំង​អភិបាល​ថ្មី​មក​ជំនួស​។​ការដក​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុម​អ្នកនយោបាយ និង ក្រុម​អង្គការ​សង្គម​ស៊ីវិល (NGO) រួមទាំង​អ្នកលេង​បណ្តាញ​សង្គម​មួយចំនួន ទ​ទូល​ឱ្យ​រដ្ឋាភិបាល​ស្វែងរក​យុត្តិធម៌​ជូន​ដល់​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​។

​នៅ​ទីបំផុត​ទៅ​ហេតុការណ៍​បាក់​រលំ​អគារ​នៅឯ​ខេត្ត​ព្រះសីហនុ​ដែល​បង្ក​ឱ្យ​កម្មករ​ស្លាប់​អស់​ជាច្រើន​នាក់​នោះ បាន​ឈានដល់​ការដកតំណែង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​។​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ទទួលស្គាល់​កំហុស លើ​ការគ្រប់គ្រង​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ដែល​បណ្តាលអោយ​មានរឿង​ឈឺចាប់​កើតឡើង​។​

​លោក​បានស្នើ​មក​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដើម្បី​លាលែង​ចេញពី​អភិបាលខេត្ត​ព្រះសីហនុ​។​លោក​នាយករដ្ឋមន្ត្រី បាន​យល់ព្រម​អោយ​លោក​យន្ត មីន​លាលែង និង បាន​ពិភាក្សា​ជាមួយ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ យក​លោក គួច ចំរើន បច្ចុប្បន្ន​ជា​អភិបាលខេត្ត​កំពង់ចាម មក​ធ្វើជា​អភិបាលខេត្ត​ព្រះសីហនុ​ជំនួស​លោក​យន្ត មីន​វិញ​។​

​បើតាម​លោក​នាយករដ្ឋមន្ត្រី បើទោះបីជា​មាន​ការរៀប​ចំ​បែបនេះ​ក៏ដោយ​ក៏ លោក យន្ត មីន នៅ​បន្ត​ដឹកនាំ យុទ្ធនាការ​រុករក និង​សង្គ្រោះ​តទៅទៀត​រហូត​ចប់​កិច្ចការ និង អភិបាលខេត្ត​ថ្មី​ចូល​កាន់តំណែង​។​

​ជាមួយគ្នា​នឹង​ការដក​លោក​យន្ត មីន លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​២៤ មិថុនា​នេះ ក៏បាន​សម្រេចចិត្ត​ដក​លោក ញឹម វណ្ណដា ចេញពី​តំណែង​ជា​ទេសរដ្ឋមន្ត្រី និង ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ផងដែរ​។ មូលហេតុ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ពន្យល់​យ៉ាងខ្លី​ថា លោក​ញឹម វណ្ណដា «​ខ្វះ​ការទទួលខុសត្រូវ និង ភូតភរ​»​។

​បន្ទាប់ពី​ដក​លោក ញឹម វណ្ណដា លោក​នាយករដ្ឋមន្ត្រី បានសម្រេច​តែងតាំង​លោក គន់ គីម ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បន្ថែម​លើ​តួនាទី​ដែល​កំពុងមាន​ស្រាប​។ លោក​ញឹម វណ្ណដា ត្រូវបាន​ព្រះមហាក្សត្រ​នៃ​កម្ពុជា ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល ឋានៈ​ស្មើ​ទេសរដ្ឋមន្ដ្រី​។

​គួរ​បញ្ជាក់ថា ការ​ឈានដល់​ការដកតំណែង​មន្ត្រីជាន់ខ្ពស់​ទាំងពីរ ធ្វើឡើង​បន្ទាប់ពី​មាន​ហេតុការណ៍​បាក់​រលំ​អគារ​នៅឯ​ខេត្ត​ព្រះសីហនុ បង្ករ​ឱ្យ​កម្មករសំណង់​ស្លាប់ និង របួស​អស់​ជាច្រើន​នាក់ និង បង្កឱ្យមាន​ការរិះគន់​ជាច្រើន​លើ​តួនាទី​របស់​អាជ្ញាធរខេត្ត​ដែល​បណ្តែត​បណ្តោយឱ្យ​អគារ​កំពស់​៧​ជាន់​សាងសង់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។

​អ្នកនយោបាយ និង ក្រុម​អង្គការ​សង្គម​ស៊ីវិល (NGO) រួមទាំង​អ្នកលេង​បណ្តាញ​សង្គម​មួយចំនួន បាន​ស្នើឱ្យ​រដ្ឋាភិបាល​ត្រូវ​ស្វែងរក​យុត្តិធម៌​ជូន​ដល់​ជនរងគ្រោះ ហើយ​ទាមទារ​ឱ្យមាន​ដកតំណែង​អ្នកទទួលខុសត្រូវ​។​

​គួរ​បញ្ជាក់ថា គិត​ត្រឹម​ម៉ោង​០៤ម៉ោង​៤១​ថ្ងៃទី​២៤  ខែមិថុនា​ឆ្នាំនេះ ចំនួន​អ្នកស្លាប់​កើន​ដល់ ២៨​នាក់ និង អ្នករបួស​២៦​នាក់ ខណៈ​ក្រុម​សង្គ្រោះ​កំពុង​រុករក​បន្ត​នៅក្នុង​សំណង់​បែកបាក់​អគារ​។​សាក្សី​នៅ​ជិត​កន្លែងកើតហេតុ​អះអាងថា អាច​នៅសល់​មនុស្ស​ជិត​២០​នាក់​ទៀត កំពុង​ជាប់​ក្នុង​គំនរ​នោះ​។ តែ​ជាមួយគ្នា​នោះ ក្លិនស្អុយ​ដូចជា​សាកសព​មនុស្ស​កំពុង​សាយភាយ​ចេញពី​គំនរ​ខ្មោច​អគារ​របស់​ចិន​ដែល​ដួល កាលពី​ម៉ោង​ជិត​៥​ទៀបភ្លឺ ថ្ងៃ​សៅរ៍​កន្លងទៅ​៕

 ពាក្យគន្លឹះ  រលំអគារព្រះសីហនុ

ព័ត៌មានផ្សេងទៀត