អង្គភាព​អ្នកនាំពាក្យ​ចេញ​សេចក្តីថ្លែងការណ៍​ជុំវិញ​ឧប្បទ្ទវហេតុ​បាក់​រលំ​អគារ​

24-06-2019 3:51 pm 400

​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានចេញ​សេចក្តីថ្លែងការណ៍ សម្ដែង​នូវ​សេចក្ដីសោកស្ដាយ ចំពោះ​ឧប្បទ្ទវហេតុ​បាក់​រលំ​អគារ​កម្ពស់​៧​ជាន់ នៅ​ខេត្ត​ព្រះសីហនុ ដែល​បាន​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​ស្លាប់ និង​រងរបួស​។

​សេចក្តីថ្លែងការណ៍​បានឲ្យដឹងថា អង្គភាព​អ្នកនាំពាក្យ បាន​យល់​អំពី​ស្ថានភាព​លំបាក​របស់​ក្រុមគ្រួសារ​នៃ​សព និង​អ្នករងរបួស ក៏​ប៉ុន្ដែ​រាជរដ្ឋាភិបាល បាន​នឹង​កំពុង​ធ្វើ​កិច្ចការ​នេះ និង​វិធានការ​ផ្សេងៗ​ទៀត ដើម្បី​រួមចំណែក​ដោះស្រាយ ទុក្ខលំបាក​ជូន​ក្រុមគ្រួសារ​ជនរងគ្រោះ បណ្ដាល​ពី​ឧបទ្ទវហេតុ​នេះ​។ អង្គភាព​អ្នកនាំពាក្យ សូម​ចូលរួម​រំលែក​ទុក្ខ និង​មរណទុក្ខ​ដ៏​ក្រៀមក្រំ​ជូន​ចំពោះ​គ្រួសារ​សព និង​គ្រួសារ​ជនរងគ្រោះ​។​

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​លើកឡើង​ថា សោកនាដកម្ម​នេះ ជា​រឿង​ឈឺចាប់​របស់​ជាតិ​យើង ខណៈ​លោក​បាន​ចាត់វិធានការ​ភ្លាមៗ ជាមួយនឹង​វត្តមាន​ដោយផ្ទាល់ នៅ​នឹង​កន្លែងកើតហេតុ ទាំងយប់​អាធ្រា​ត បន្ទាប់ពី​លោក​ត្រឡប់​ពី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។​

​អង្គភាព​អ្នកនាំពាក្យ បាន​ថ្លែងអំណរគុណ​ដល់ គ្រប់​បណ្ដា​ស្ថាប័ន និង​អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​សប្បុរសជន​ជាតិ និង​អន្ដរជាតិ​ទាំងអស់ ដែល​បាន​ចូលរួម​យ៉ាង​សកម្ម និង​ទាន់​ពេលវេលា រួមវិភាគទាន​ទាំង​កម្លាំងកាយ សម្ភារៈ និង​ថវិកា ឆ្លើយតប​ទៅនឹង​កិច្ច​សង្គ្រោះ​បន្ទាន់​ដល់​ជនរងគ្រោះ​ទាំងអស់​។​

​ទង្វើ​នេះ​ជា​ការបង្ហាញ​ឲ្យ ឃើញ​ជាក់ស្ដែង​នូវ​ការឯកភាព សាមគ្គីភាព ក៏ដូចជា ឧត្តមគតិ​ជាតិ ក្រោម​ការដឹកនាំ​ប្រកបដោយ​ថាមពល និង​ប្រសិទ្ធភាព ក្នុង​កិច្ច​កសាង​ការពារជាតិ​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​។​

​អង្គភាព​អ្នកនាំពាក្យ បញ្ជាក់​ផង​ដែរ​ថា ការដួលរលំ​អគា​រកំ​ពុង​សាងសង់ នៅ​ក្រុងព្រះសីហនុ គឺ​ស្ថិតនៅក្នុង​ឧបទ្ទវហេតុ​បច្ចេកទេស នៃ​សំណង់​សុទ្ធសាធ មិន​ប៉ះពាល់​ដល់​បរិយាកាស នៃ​ការវិនិយោគ​ផ្នែក​ឧស្សាហកម្ម​សំណង់ និង​អចលនទ្រព្យ​នោះទេ​។ សាធារណ​ជន​ទាំង​អស់ អធ្យាស្រ័យ ជៀសវាង​នូវ​ការសន្និដ្ឋាន ឬ​វាយតម្លៃ​ណាមួយ​ចំពោះ​ឧបទ្ទវហេតុ​នេះ ដោយ​រង់ចាំ​លទ្ធផល​ស្រាវជ្រាវ​ផ្លូវការ​របស់​គណៈកម្មកា​រ​ជាតិ​។ រាជ​រដ្ឋាភិបាល​កម្ពុជា ស្វាគមន៍​ជានិច្ច នូវ​រាល់​ការបណ្ដាក់ទុន និង​វិនិយោគ​គ្រប់​វិស័យ មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា មាន​ឧបទ្ទវហេតុ​បាក់​រលំ​អគារ​កម្ពស់ ៧​ជាន់ នៅ​ខេត្ត​ព្រះសីហនុ ដែល​បាន​បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​ច្រើន​នាក់​។ បើ​តាម​ការ​បញ្ជាក់ពី ​ក្រុម​ជួយសង្គ្រោះ បានឲ្យដឹងថា គិត​ត្រឹម​រសៀល​ថ្ងៃទី​២៤ ខែ​មិថុនា​នេះ អ្នក​ស្លាប់​បាន​កើនឡើង​ដល់​២៦​នាក់ និង​របួស​២៤​នាក់​៕


ព័ត៌មានផ្សេងទៀត