អាមេរិក​ព្យាយាម​​វាយប្រហារ​តាម​​អ៊ី​ន​ធឺ​ណេត​​ប្រឆាំង​អ៊ីរ៉ង់​​តែ​បរាជ័យ​

24-06-2019 3:17 pm 428
  ស្តាប់
រូបភាព​នៅទីបញ្ជាការ​កងទ័ពអាមេរិក
ស្តាប់ជាសំឡេង

​សហរដ្ឋអាមេរិក​បាន​បញ្ជា​ឲ្យ​បើ​កការវាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេត ប្រឆាំង​ប្រព័ន្ធគ្រប់គ្រង​មី​ស៊ី​ល​របស់​អ៊ីរ៉ង់​និង​លួច​ស៊ើប​យកការណ៍​ផងដែរ បន្ទាប់ពី​អ៊ីរ៉ង់​បាញ់​ទម្លាក់​យន្ដហោះ​ឈ្លប​ការណ៍​របស់ខ្លួន​មួយគ្រឿង​។ លោក​ដូណាល់ ត្រាំ​បានចេញ​បញ្ជា​ដោយ​សម្ងាត់ ឲ្យ​បើ​កការវាយប្រហារ​លើ​អ៊ីរ៉ង់ បន្ទាប់ពី​លោក​បាន​ប្ដេជ្ញា​នឹង​ដាក់ទណ្ឌកម្ម​ថ្មី​លើ​អ៊ីរ៉ង់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​Washington Post​កាលពី​ថ្ងៃអាទិត្យ​។​

​ប៉ុន្ដែ​រដ្ឋមន្ដ្រី​អ៊ីរ៉ង់​បាន​និយាយថា ការវាយប្រហារ​មិន​ទទួលជោគជ័យ​ទេ ព្រោះ​អ៊ីរ៉ង់​ទប់ស្កាត់​ទាន់ពេលវេលា​។ យ៉ាងណាមិញ​រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​និង​បច្ចេកវិទ្យា​ទូរគមនាគមន៍​អ៊ីរ៉ង់ ក៏​បដិសេធ​មិន​ធ្វើ​សេចក្ដីអធិប្បាយ​អ្វី​ទាំងអស់​ជុំវិញ​ព័ត៌មាន​ដែលថា អាមេរិក​បាន​វាយប្រហារ​បិទ​ប្រព័ន្ធ​កុំព្យូទ័រ​គ្រប់គ្រង​គ្រាប់​រ៉ុក​ក្កែ​ត​និង​មី​ស៊ី​ល​។ អ៊ីរ៉ង់​គ្រាន់តែ​ថា​ខ្លួន​មាន​បទពិសោធន៍​រួចទៅហើយ​លើ​ករណី​លួច​វាយប្រហារ​នេះ ដោយ​កាលពី​ឆ្នាំមុន​មាន​ការប៉ុនប៉ង​វាយប្រហារ​រហូតដល់​៣៣​លាន​ដង​ឯណោះ​។ ចំណែក​មន្ទី​រប​ច្ច​កោ​ណនិង​សេត​វិមាន​ក៏​មិនបាន​និយាយ​អ្វី​ដែរ ជុំវិញ​ករណី​លួច​វាយប្រហារ​ប្រឆាំង​អ៊ីរ៉ង់​។​

​សូមបញ្ជាក់ថា អាមេរិក​និង​អ៊ីរ៉ង់​បាន​ផ្ទុះ​ភាព​តានតឹង​ជាមួយគ្នា​កាន់តែខ្លាំង បន្ទាប់ពី​អ៊ីរ៉ង់​បាញ់​ទម្លាក់​យន្ដហោះ​គ្មាន​មនុស្ស​មួយគ្រឿង អាមេរិក​ប្រើ​សម្រាប់​ឈ្លប​ការណ៍​។ អ៊ីរ៉ង់​ថា​យន្ដហោះ​នេះ​ហោះ​បំពាន​ដែនអាកាស​របស់ខ្លួន ប៉ុន្ដែ​អាមេរិក​ថា​យន្ដហោះ​បំពេញបេសកកម្ម​ក្នុង​ដែន​អន្ដរជាតិ​ប៉ុណ្ណោះ​។ មុន​មាន​ករណី​បាញ់​ទម្លាក់​យន្ដហោះ អ៊ីរ៉ង់​និង​អាមេរិក​ក៏មាន​ជម្លោះ​ជាមួយគ្នា​ស្រាប់​ទៅហើយ រឿង​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​និង​រឿង​អាមេរិក​បញ្ជូន​កម្លាំង​ទ័ព​ទៅ​មជ្ឈិម​បូព៌ា​។ រហូត​មកដល់ពេលនេះ​នៅ​ពុំទាន់​មាន​ដំណោះស្រាយ​សមស្រប​នៅឡើយ​៕

ព័ត៌មានផ្សេងទៀត