​តើ​លទ្ធផល​​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​​លើក​ទី​៣៤​​ផ្ដោតលើ​បញ្ហា​អ្វីខ្លះ​?​

24-06-2019 12:27 pm 437
  ស្តាប់
ស្តាប់ជាសំឡេង

​តើ​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤​ផ្ដោតលើ​បញ្ហា​អ្វីខ្លះ​? ខណៈ​មេដឹកនាំ​អាស៊ាន​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់ នៃ​ការជំរុញ​ភាពជា​ដៃគូ​សម្រាប់​ចីរភាព ដើម្បី​សម្រេចបាន​នូវ​សហគមន៍​អាស៊ាន​មួយ ដែល​យកចិត្តទុកដាក់ និង​ផ្តោតលើ​ប្រជាជន​ ដោយ​មិន​បំភ្លេច​នរណាម្នាក់​។ ជាមួយគ្នា​នោះ មេដឹកនាំ​អាស៊ាន បានបង្ហាញ​អំពី​ការព្រួយបារម្ភ ជុំវិញ​និន្នាការ​កើនឡើង​នៃ​គំនិត​គាំពារ​និយម​ផងដែរ​។

​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ​កម្ពុជា តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន បាន​បញ្ជាក់ថា នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៣៤ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៩ ថ្នាក់ដឹកនាំ​អាស៊ាន​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់ នៃ​ការជំរុញ​ភាពជា​ដៃគូ​សម្រាប់​ចីរភាព ដើម្បី​សម្រេចបាន​នូវ​សហគមន៍​អាស៊ាន​មួយ ដែល​យកចិត្តទុកដាក់ និង​ផ្តោតលើ​ប្រជាជន​ដោយ​មិន​បំភ្លេច​នរណាម្នាក់​។ ក្រសួងការបរទេស​ក៏​បានបញ្ជាក់​ផងដែ​រថា នៅក្នុង​បរិយាកាស​តំបន់ និង​សកលលោក​ដែល​កំពុង​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស ក៏ដូចជា​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស នៃ​បច្ចេកវិទ្យា ន​វា​នុវត្ត ឌីជីថល ថ្នាក់ដឹកនាំ​អាស៊ាន​បាន​ឯកភាព​លើកកម្ពស់ កិច្ចសហប្រតិបត្តិការ​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នានា និង​ការកសាង​ប្រព័ន្ធ​អ៊ីនធឺណិត​មួយ​ប្រកបដោយ​សុវត្ថិភាព សន្តិសុខ និង​ធន់​រឹងមាំ ដែល​គាំទ្រ​ដល់​សេដ្ឋកិច្ច​ឌីជីថល​ក្នុង​តំបន់​អាស៊ាន​។​

​ជាមួយគ្នា​នោះ ក្រសួងការបរទេស​កម្ពុជា ក៏​បានឱ្យដឹងដែ​រថា ថ្នាក់ដឹកនាំ​អាស៊ាន បានបញ្ជាក់​អះអាង​ពី​ការប្ដេជ្ញាចិត្ត​ក្នុង​ការបញ្ចប់​កិច្ចចរចា​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) នៅ​ក្នុងឆ្នាំនេះ​។ ថ្នាក់ដឹកនាំ​ក៏​បានបង្ហាញ​អំពី​ការព្រួយបារម្ភ ជុំវិញ​និន្នាការ​កើនឡើង​នៃ​គំនិត​គាំពារ​និយម និង​ការប្រឆាំង​សាកលភាវូបនីយកម្ម ដែល​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សកលលោក និង​បង្ក​ការ​គម្រាមកំហែង​ដល់​ពហុភាគី​និយម​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ចុះ​ថ្ងៃទី​២៤ មិថុនា ឆ្នាំ​២០១៩​។ នៅ​ក្នុងនោះដែរ​មេដឹកនាំ​ក៏​បានបញ្ជាក់​ពី​ការព្រួយបារម្ភ​ចំពោះ​ការកើនឡើង​យ៉ាងខ្លាំង និង​ឆាប់រហ័ស​នៃ​កាកសំណល់​សំរាម​ក្នុង​​សមុទ្រ​នៃ​តំបន់​អាស៊ាន​។​

​ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ក្រសួងការបរទេស​កម្ពុជា បាន​គូសបញ្ជាក់ថា ថ្នាក់ដឹកនាំ​បាន​អះអាង​ជាថ្មី​អំពី​សារៈសំខាន់​ក្នុង​ការរក្សា និង​លើកកម្ពស់​សន្តិភាព សន្តិសុខ និង​ស្ថេរភាព​ក្នុង​តំបន់​។ ជាមួយគ្នា​នោះ​ថ្នាក់ដឹកនាំ​ស្វាគមន៍​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បញ្ចប់​ការពិនិត្យ​ពិភាក្សា​ជុំ​ទី​១ នៃ​សេចក្ដីព្រាង​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង COC នៅ​ឆ្នាំ​២០១៩​ផងដែរ​។ ដោយឡែក​ចំពោះ​ឧបទ្វីប​កូរ៉េ ថ្នាក់ដឹកនាំ​ក៏បាន​សង្កត់ធ្ងន់​នូវ​សារៈសំខាន់​នៃ​ការបន្ត​កិច្ចសន្ទនា​ប្រកបដោយ​សន្តិវិធី​ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​សម្រេចបាន​នូវ​សន្តិភាព និង​ស្ថេរភាព​យូរអង្វែង​នៅក្នុង​ឧបទ្វីប​កូរ៉េ​។​

​ក្រសួងការបរទេស​ក៏បាន​គូសបញ្ជាក់ថា កិច្ចប្រជុំ​កំពូល​ក៏​បានអនុម័ត​ឯកសារ​សំខាន់ៗ​ចំនួន​៤​ផងដែរ ដោយ​ទី ១. សេចក្ដីប្រកាស​ចក្ខុវិស័យ​របស់​ថ្នាក់ដឹកនាំ​អាស៊ាន ស្ដីពី​ភាពជា​ដៃគូ​សម្រាប់​ចីរភាព ២. សេចក្ដីថ្លែងការណ៍​ទីក្រុង​បាងកក ស្ដីពី​ការទប់ស្កាត់​សំណល់​សមុទ្រ​ក្នុង​តំបន់​អាស៊ាន ៣. សេចក្ដីប្រកាស​ថ្នាក់ដឹកនាំ​អាស៊ាន ស្ដីពី​ឆ្នាំ​វប្បធម៌​អាស៊ាន​២០១៩ និង ៤. ឯកសារ​ទស្សនវិស័យ​អាស៊ាន​នៅក្នុង​ខេត្ត​ឆៃ​ណាត ដែល​ស្ថិតនៅក្រោម​ភស្តុភា​សង្គ្រោះបន្ទាន់ ពេល​មាន​គ្រោះមហន្តរាយ​អាស៊ាន នៅក្នុង​ឱកាស​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​៕

ព័ត៌មានផ្សេងទៀត