រលំ​​អគារ​​នៅ​​ព្រះ​សីហនុ​​៖​អ្នក​នយោបាយ ​និង​NGO​​ស្នើ​ដក​តំណែង​​អ្នក​ពាក់ព័ន្ធ​

24-06-2019 9:56 am 651
ជនរងគ្រោះម្នាក់ក្នុងហេតុការណ៍រលំអគារនៅក្រុងព្រះសីហនុ ត្រូវបានក្រុមជួយសង្គ្រោះលើចេញពីគំនរអគារបាក់បែក។

​ហេតុការណ៍​បាក់​រលំ​អគារ​នៅឯ​ខេត្ត​ព្រះសីហនុ បាន​ធ្វើឱ្យមាន​ការរិះគន់​ជាច្រើន​លើ​តួនាទី​របស់​អាជ្ញាធរខេត្ត​ដែល​បណ្តោយឱ្យ​អគារ​កំពស់​៧​ជាន់​សាងសង់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។ អ្នកនយោបាយ និង ក្រុម​អង្គការ​សង្គម​ស៊ីវិល (NGO) រួមទាំង​អ្នកលេង​បណ្តាញ​សង្គម​មួយចំនួន បាន​ស្នើឱ្យ​រដ្ឋាភិបាល​ត្រូវ​ស្វែងរក​យុត្តិធម៌​ជូន​ដល់​ជនរងគ្រោះ ហើយ​ទាមទារ​ឱ្យមាន​ដកតំណែង​អ្នកទទួលខុសត្រូវ​។

​ចំនួន​អ្នកស្លាប់​ដោយសារ​ការបាក់រ​លំអ​គារ​នៅឯ​ខេត្ត​ព្រះសីហនុ បាន​កើនឡើង​ជា​បន្តបន្ទាប់ ខណៈ​ក្រុម​ជួយសង្គ្រោះ នៅតែ​បន្ត​បេសកកម្ម​របស់ខ្លួន​ស្វែងរក​មនុស្ស​ដែល​សង្ស័យថា អាចមាន​នៅក្នុង​គំនរ​អគារ​ដួលរលំ​នេះ​បន្តទៀត​។​ហេតុការណ៍​បាក់​រលំ​អគារ​នៅ​ក្រុងព្រះសីហនុ បាន​ធ្វើឱ្យមាន​ការរិះគន់​ជាច្រើន​លើ​តួនាទី​របស់​អាជ្ញាធរខេត្ត​ដែល​បណ្តោយឱ្យ​អគារ​កំពស់​៧​ជាន់​សាងសង់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។

​លោក យ៉ែម បុញ្ញា​ឬ​ទ្ធិ អតីត​អ្នកតំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវការ​ផ្ទាល់ខ្លួន​រប​ស់លោក​បាន​ថ្លែងថា លោក​ពិតជា​មានក្តី រន្ធត់ សង្វេគ​ពេក​ក្រៃ​ចំពោះ​ក្រុមគ្រួសារ​នៃ​សព​ជនរងគ្រោះ​។​សោកនាដកម្ម​លើ​ជីវិត​កម្មករសំណង់ ដែល​ខិតខំ​រក​ប្រាក់កម្រៃ​ចិញ្ចឹមជីវិត និង​គ្រួសារ ដោយ​កម្លាំង​ស្អាតស្អំ​ថ្លៃថ្នូរ ត្រូវបាន​រងគ្រោះ​ក្នុង​ការដ្ឋាន​សំណង់ ដោយ​ការបាក់​រលំ​អគារ​កម្ពស់​៧​ជាន់​បណ្ដាលឱ្យ​ស្លាប់​ជាច្រើន​នាក់​។​

​អតីត​អ្នកតំណាងរាស្ត្រ​រូបនេះ សម្តែង​ការ​អរគុណ ចំពោះ​កាយវិការ​មនុស្សធម៌រ​បស់​ក្រុម​សង្គ្រោះ​ទាំងអស់​របស់​កម្ពុជា​ដែល​ខិតខំ​អស់ពី​កម្លាំងកាយ​កម្លាំងចិត្ត ក្នុងការ​ជួយសង្គ្រោះ​ជីវិត ហើយ​លោក​ជឿជាក់ថា ជនរងគ្រោះ​ត្រូវតែ​ទទួលបាន​យុត្តិធម៌ ក្រុមហ៊ុន ស្ថាប័ន មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៃ​អាជ្ញាធរខេត្ត ត្រូវតែមាន​ការទទួល​ខុសត្រូវ​ចំពោះ​ករណីនេះ តាម តួនាទី និង ភារកិច្ច​របស់ខ្លួន​។​

​ស្រប​ជាមួយគ្នា​នោះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (​គ​បម​) ដែលមាន​ទីស្នាក់ការ​នៅ​កម្ពុជា ក៏បាន​សំដែង​ការសោកស្តាយ នូវ​ព្រឹត្តិការណ៍​រលំ​សំណង់​អគារ​នៅ​ខេត្ត​ព្រះសីហនុ និង ចូលរួម​រំលែក​ទុក្ខ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​សំណង់​អគារ​រលំ​នេះ​។​

​សម្រាប់បក្ស​ថ្មីថ្មោង​មួយ​នេះ យល់ឃើញថា អ្វីដែល​កើតមានឡើង ជា​ការទទួលខុសត្រូវ​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ ហើយ​បក្ស​ទាមទារ​ឱ្យ​រដ្ឋបាលខេត្ត​នេះ ត្រូវ​បង្ហាញ​ទំនួល​ខុសត្រូវ​ចំពោះ​ប្រជាពលរដ្ឋ និង​ទាមទារ​ឱ្យមាន​ការដកតំណែង ឬ​ការលាឈប់​ពី​តួនាទី​របស់​មន្ត្រីជាន់ខ្ពស់​ក្នុង​ដែន​រដ្ឋបាលខេត្ត​នេះ​។​

​រីឯ​ក​លោកពេ​ជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់យោបល់ ទាមទារ​ឱ្យ​រដ្ឋាភិបាល ត្រូវ​ដក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី នៅឯ​ខេត្ត​ព្រះសីហនុ ហើយ​ស្រាវជ្រាវ​រក​បក្ខពួក​ដែល​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ជុំវិញ​ការមិន​អនុវត្ត​ច្បាប់​លើ​ការដ្ឋាន​អគារ​៧​ជាន់​នេះ​។​លោក​ថា ករណី​បាក់​រលំ​អគារ​នេះ បង្ហាញ​ពី​ការអនុវត្ត​ច្បាប់​ដ៏​ធូ​ររលុង​។​

​ក្រៅពី​អ្នកនយោបាយ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា គឺ​លោក ព្រាប កុល ក៏​បានស្នើ​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដកតំណែង​លោក យន្ត មីន ពី​អភិបាលខេត្ត​ព្រះសីហនុ​។​ការស្នើ​ដោយសា​រលោក​គិតថា លោក យន្ត មីន បាន​ធ្វេស​ប្រហែល​ក្នុង​ការអនុវត្ត​ច្បាប់​ទើប​បណ្តាលឱ្យ​មនុស្ស​ស្លាប់ និង របួស​២១​នាក់ ក្រោម​គំនរ​អគារ​៧​ជាន់​។​

​ជា​ការកត់សម្គាល់ មិនថាឡើយ​តែ​អ្នកនយោបាយ និង ប្រធាន​អង្គការ​សង្គម​ស៊ីវិល សូម្បីតែ​ប្រជាពលរដ្ឋ ជាពិសេស អ្នកលេង​នូវ​បណ្តាញ​សង្គម​សុទ្ធតែ​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​ការពិន័យ និង ដកតំណែង​អ្នកទទួលខុសត្រូវ​លើ​ការ​អនុញ្ញាត្តឱ្យ​សាងសង់​អគារ​នេះឡើង​។​

​តែ​យ៉ាងណាក៏ដោយ ការស្នើ​ទទូច​ពី​ក្រុម​អ្នកនយោបាយ សង្គម​ស៊ីវិល និង អ្នកប្រើប្រាស់​បណ្តាញ​សង្គម​នេះ លោក​នាយករដ្ឋមន្ត្រី​មន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​កុំ​ទាន់​និយាយ​ដល់​រឿង​ដកតំណែង ឬ​តែងតាំង​។​សម្រាប់​លោក ហ៊ុន សែន ពេលនេះ​កំពុង​ផ្តោត​យកចិត្តទុកដាក់ លើ​ការរុករក និង សង្គ្រោះ​កម្មករ​ជាមុនសិន​។​លោក​នាយករដ្ឋមន្ត្រី​មន្ត្រី បាន​សម្តែង​ការសោកស្តាយ ចំពោះ​ការបាត់បង់​អាយុជីវិត​ពលរដ្ឋ ដោយសារតែ​ការធ្វេសប្រហែស​របស់​ក្រុមហ៊ុន​សាងសង់ ដែល​បណ្តាលឱ្យមាន​គ្រោះថ្នាក់​កើតឡើង​នេះ​។

​គួរ​បញ្ជាក់ថា គិត​ត្រឹម​ម៉ោង ៩​ម៉ោង​៣០​ព្រឹក​ថ្ងៃទី​២៤  ខែមិថុនា​ឆ្នាំនេះ ចំនួន​អ្នកស្លាប់​កើន​ដល់ ២៥​នាក់ និង អ្នករបួស​២៤​នាក់ ក្រោយ​ក្រុម​សង្គ្រោះបាន​រកឃើញ​សាកសព​បុរស ម្នាក់ទៀត​នៅក្នុង​គំនរ​បាក់បែក​នៃ​អគារ​។ តុល្យការ​ចុងក្រោយ​នៃ​ឧបទ្ទវហេតុ​រលំ​អគារ​នេះ បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់ និង​រងរបួស​ចំនួន​៤៩ រូប​ក្នុងនោះ​ស្លាប់​ចំនួន ២៥​នាក់ (​ស្រី ៤ នាក់​)​ហើយ​អ្នករងរបួស​ចំនួន​២៤​រូប (​ស្រី ២ នាក់​)​។ ហេតុការណ៍​​បាក់​រលំ​អគារ​បានធ្វើឱ្យ​មាន​ការរិះគន់​ជាច្រើន​លើ​តួនាទី​របស់​អាជ្ញាធរខេត្ត ដែល​បណ្តោយឲ្យ​អគារ​កំពស់​៧​ជាន់​សាងសង់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​៕

 

 

 ពាក្យគន្លឹះ  រលំអគារព្រះសីហនុ

ព័ត៌មានផ្សេងទៀត