ប៉ាឡេ​ស្ទីន​ទាត់ចោល​ផែនការ​សន្តិ​ភាព​ផ្នែក​សេដ្ឋកិច្ច​អាមេរិក​

23-06-2019 3:05 pm 206
  ស្តាប់
លោកMahmoud Abbas
ស្តាប់ជាសំឡេង

​លោក Mahmoud Abbas មេដឹកនាំ​ប៉ាឡេ​ស្ទីន បាន​បដិសេធ​មិន​ទៅ​ចូលរួម​កិច្ចពិភាក្សា បន្ថែម​លើ​ផែនការ​សន្តិភាព សម្រាប់​តំបន់​មជ្ឈិម​បូព៌ា របស់​សហរដ្ឋអាមេរិក ដែល​ត្រូវធ្វើឡើង​នៅ​ប្រទេស​បា​រ៉ែ​ន នា​សប្តាហ៍​ក្រោយ​នោះទេ​។ លោក​បញ្ជាក់​ជាថ្មី នូវ​ការបដិសេធ​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ផែនការ​សន្តិភាព​សេដ្ឋកិច្ច​នេះ ដោយ​និយាយថា ដំណោះស្រាយ​នយោបាយ ជា​រឿង​អទិភាព​ត្រូវធ្វើ​មុនគេ​។ លោក​អះអាងថា ដរាបណា មិនមាន​ដំណោះស្រាយ​នយោបាយ ប៉ាឡេ​ស្ទីន​មិន​ទទួល​យកការពិ​ភាក្សា​បញ្ហាសេដ្ឋកិច្ច​ទេ​។​

​ខ្លឹមសារ​មួយចំនួន នៅក្នុង​ផែនការ​សន្តិភាព​សេដ្ឋកិច្ច​នេះ បានចែង​ពី​ការបង្កើន​ប្រាក់​ចំនួន​ជាង​៥០​ពាន់​លាន​ដុល្លារ សម្រាប់​ប្រជាជន​ប៉ាឡេ​ស្ទីន និង​ការបង្កើត​ការងារ​១​លាន សម្រាប់​ពួកគេ ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​។ សម្រាប់​ប៉ាឡេ​ស្ទីន ទំហំ​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ គឺ​អាមេរិក​មានបំណង​យកមក​ជះ ដើម្បី​ទិញ​ប្រជាជន​ប៉ាឡេ​ស្ទីន និង​បង្អត់​កុំឲ្យ​ប៉ាឡេ​ស្ទីន​បង្កើត​រដ្ឋ​ឯករាជ្យ​។ ប៉ាឡេ​ស្ទីន​ថា ទីក្រុង​វ៉ាស៊ីនតោន កំពុង​ព្យាយាម​ប្រើប្រាស់​ការវិនិយោគ ដ៏​មាន​សក្តានុពល គឺ​ការទម្លាក់​លុយ​រាប់ពាន់​លាន​ដុល្លារ ដើម្បី​ចៀសវាង​ដោះស្រាយ​បញ្ហានយោបាយ ជាពិសេស ការកាន់កាប់​របស់​អ៊ីស្រាអែល​លើដី​របស់​ពួកគេ​។ 

​លោក​Hanan Ashrawi ជំនួយការ​របស់​មេដឹកនាំ​ប៉ាឡេ​ស្ទីន បាន​ប្រាប់​អាមេរិក​ត្រឡប់​ទៅវិញ​ថា រឿង​ដែល​អាមេរិក​ត្រូវធ្វើ​ពេលនេះ គឺ​គួរ​ទៅ​បង្ខំ​សម​មិត្ត​អ៊ីស្រាអែល​របស់គេ ឲ្យ​បញ្ឈប់​ការឡោមព័ទ្ធ​តំបន់​ហ្គា​ហ្សា ឈប់​លួច​ប្លន់​ដី​របស់​ប៉ាឡេ​ស្ទីន ហើយ​ផ្តល់​សិទ្ធិសេរីភាព​ពេញលេញ ឲ្យ​ប៉ាឡេ​ស្ទីននៅក្នុង​ការគ្រប់គ្រ​ង​ដែនដី ដែនអាកាស​និង​ដែនទឹក​របស់គេ -​ល​-​។ 

​យ៉ាងណាក៏ដោយ អ្វីដែល​ធ្វើឲ្យ​ប៉ាឡេ​ស្ទីន​ផ្ទុះ​កំហឹង​ខ្លាំង​បែបនេះ ទំនង​ត្រង់ចំណុច​ដែល​ចែង​នៅក្នុង​ផែនការ​សន្តិភាព​សេដ្ឋកិច្ច ថា កញ្ចប់​ថវិកា​ដើម្បី​ស្តារ​សេដ្ឋកិច្ច​ប៉ាឡេ​ស្ទីន ត្រូវ​រក្សាទុក​ក្នុង​ធនាគារ​មួយ​។ ការធ្វើ​យ៉ាង​ដូច្នេះ ជា​មធ្យោបាយ​មួយ ដើម្បី​ធានា​នូវ​អភិបាលកិច្ច​ល្អប្រសើរ និង​ទប់ស្កាត់​អំពើពុករលួយ​។​

​គួរ​ជម្រាបជូន​ថា ផែនការ​សន្តិភាព​ផ្នែក​សេដ្ឋកិច្ច ត្រូវបាន​កូនប្រសា​របស់​ប្រធានាធិបតីអាមេ​រិក លោក​ដូណាល ត្រាំ និង​ជា​ជំនួយការ​ជាន់ខ្ពស់ គឺ​លោក​Jared Kushner ចំណាយពេល​ជាង​២​ឆ្នាំ ធ្វើការ​លើ​គម្រោង​នេះ​។ ផែនការ​នេះ បានដាក់​បង្ហាញ​កាលពី​ថ្ងៃ​សៅរ៍ តែ​ត្រូវ​លើក​ទៅ​ពិភាក្សា​បន្ថែមទៀត នៅ​ប្រទេស​បា​រ៉ែ​ន​ចំនួន​ពីរ​ថ្ងៃ ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​។ ក្រៅពី​មេដឹកនាំ​ប៉ាឡេ​ស្ទីន កម្មវិធី​ដ៏​ចម្រូងចម្រាស​នេះ ក៏​ត្រូវបាន​លោក​Ismail Haniya មេដឹកនាំ​ក្រុម​ហា​ម៉ាស ដែលជា​ក្រុម​អ៊ីស្លាម​គ្រប់គ្រង​តំបន់​ហ្គា​ហ្សា និង​អ្នកជំនួញ​ប៉ាឡេ​ស្ទីន​បដិសេធ​មិន​ចូលរួម​ដែរ​។ ប្រជាជន​ប៉ាឡេ​ស្ទីន បាន​ធ្វើពហិការ​ប្រឆាំង​នឹង​ដំណោះ​ស្រា​នានា​របស់​រដ្ឋបាល​អាមេរិក ចាប់តាំងពី លោក​ត្រាំ​ទទួលស្គាល់​ក្រុង​ជេ​រូ​សាឡឹម ជា​រដ្ឋធានី​របស់​ប្រទេស​អ៊ីស្រាអែល​នៅក្នុង​ខែធ្នូ​ឆ្នាំ ២០១៧​។ ប៉ាឡេ​ស្ទីន ចាត់ទុក​ផ្នែក​ខាងកើត​នៃ​ទីក្រុង​នេះ ជា​រដ្ឋធានី របស់​ពួកគេ​នា​ពេលអនាគត​៕

ព័ត៌មានផ្សេងទៀត