លោក​ស ខេង​ថា នឹង​ចាត់វិធានការ​ចំពោះមុខ​ស្វែងរក​ដើម​ហេតុ​នៃ​ការបាក់​រលំ​អគារ​

23-06-2019 11:51 am 1072
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាល​ពី​ម្សិលមិញ តាមរយៈ​សារ​រំលែក​ទុក្ខ បាន​អះអាង​ថា លោក​ផ្ទាល់ នឹង​ចាត់វិធានការ​ចំពោះមុខ ស្វែងរក​ដើមហេតុ​នៃ​ការ​បាក់​រលំ​សំណង់​អគារ កម្ពស់​៧​ជាន់ នៅក្នុង​ខេត្ត​ព្រះសីហនុ ដែល​បាន​បណ្តាលឱ្យ​មាន​ជនរងគ្រោះ​ស្លាប់ និង​របួស​ជាច្រើន​នាក់ ។ ដោយឡែក លោក កឹម សុខា ក៏​បាន​អំពាវនាវ​ឱ្យមាន​ការផ្តល់​យុត្តិធម៌ ជូន​ជនរងគ្រោះ ដោយ​ផ្តល់​សំណង និង​ផ្តន្ទាទោស ចំពោះ​អ្នក​ទទួលខុសត្រូវ​ដែល​ពាក់ព័ន្ធ​ឱ្យបាន​សមរម្យ ។ យ៉ាងណាមិញ សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់ ពី​គណបក្ស​ខ្មែរ​ក្រោក ក៏បាន​លើកឡើង បង្ហាញ​អំពី​តម្រុយ នៃ​អ្នកពាក់ព័ន្ធ​ដែល​ត្រូវ​ទទួលខុសត្រូវ លើ​ករណី​បាក់​រលំ​សំណង់​អគារ​៧​ជាន់ នៅ​ក្រុងព្រះសីហនុ កាលពី​ថ្ងៃ​ទី​២២ មិថុនា នេះដែរ ...

​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​កម្ពុជា កាល​ពី​ម្សិលមិញ បាន​ថ្លែង​បញ្ជាក់ថា តាមរយៈ​យន្តការ​អន្តរក្រសួង លោក​នឹង​ចាត់​វិធានការ​ជាក់ស្តែង​ចំពោះមុខ​ដទៃទៀត ដោយ​ត្រូវ​បន្ត​ជំរុញ​ស្រាវជ្រាវ និង​ស្វែងរក​ឱ្យ​ឃើញ​នូវ​ដើមហេតុ ដែល​នាំឱ្យ​កើត​មាន​សោកនាដកម្ម​ដ៏​អាណោចអាធម្ម​នេះ ព្រមទាំង​ចាត់វិធានការ​លើ​បុគ្គល​ពាក់ព័ន្ធ ដើម្បី​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់ ។​

​តាមរយៈ​សារ​រំលែក​ទុក្ខ ចុះ​ថ្ងៃ​ទី​២២ មិថុនា លោក ស ខេង បាន​បន្តថា មកទល់ពេលនេះ ក្រុមការងារ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច កំពុង​បន្ត​ខិតខំ​យ៉ាង​សស្រាក់សស្រាំ ដោយ​បាន​ប្រមូលផ្តុំ​កម្លាំង និង​មធ្យោបាយ ដើម្បី​ពន្លឿ​នប្រតិបត្តិ​ការស្វែងរ​ក និង​ជួយ​សង្គ្រោះ​ជនរងគ្រោះ ដែល​កំពុង​បាត់​ខ្លួន ។​

​ដោយឡែក លោក កឹម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រសៀល​ថ្ងៃ​ទី​២៣ មិថុនា តាមរយៈ​ទំព័រ​ហ្វេ​សប៊ុក​របស់ខ្លួន បាន​សម្តែង​សេចក្តី​រន្ធត់ និង​សោកស្តាយ ចំពោះ​កម្មករ​សំណង់​ខ្មែរ​ក្រីក្រ ដែល​ទទួល​រងគ្រោះ ស្លាប់ និង​របួស យ៉ាងច្រើន បណ្តាលមកពី​ការ​រលំ​បាក់​អគារ​សំណង់​របស់​ចិន នៅ​ខេត្ត​ព្រះសីហនុ ។​

​ជាមួយគ្នានេះ លោក​ក៏​បាន​អំពាវនាវ​ឱ្យមាន​ការផ្តល់​យុត្តិធម៌​ជូន​ជនរងគ្រោះ ដោយ​ផ្តល់​សំណង និង​ផ្តន្ទាទោស​ចំពោះ​អ្នក​ទទួលខុសត្រូវ​ទាំងឡាយ ដែល​ពាក់ព័ន្ធ​ឱ្យបាន​សមរម្យ ។ លោក​បាន​បញ្ជាក់ថា សូម​រក​មូលហេតុ​ដែល​បង្កឱ្យមាន​គ្រោះថ្នាក់ និង​មាន​វិធានការ​បង្ការ ទប់ស្កាត់ កុំឱ្យ​ហេតុការណ៍​បែបនេះ កើត​មាន​ដដែលៗ​តទៅទៀត ។​

​ដោយឡែក បើ​តាម​លទ្ធផល​ស្រាវជ្រាវ​បឋម របស់​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់ ពី​គណបក្ស​ខ្មែរ​ក្រោក ដែល​បាន​ចេញផ្សាយ លើ​ទំព័រ​ហ្វេ​សប៊ុក​របស់​ប្រធាន​គណបក្ស លោក William Guang នៅ​ព្រឹក​ថ្ងៃទី​២៣ មិថុនា នេះ បានឱ្យដឹងថា ក្រៅ​ពី​ម្ចាស់​អគារ ក៏​មាន​ពាក់ព័ន្ធ​នឹង​ទំនួល​ខុស​ត្រូវ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រួម​ទាំង​រដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ​ដែរ ។​

​អត្ថបទ​នោះ​ថា ព្រោះ​វា​បាន​ជាប់​ពាក់ព័ន្ធ​លើ​ភាព​អសកម្ម​របស់​មន្ត្រី​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ក្នុង​ការអនុវត្ត​ច្បាប់ ដែល​កាលពី​ពេល​ថ្មីៗ​នេះ មុន​នឹង​មាន​សោកនាដកម្ម​បាក់រ​លំអ​គារ​នេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចេញ​លិខិត​លេខ ២៤១៧ អន​ស​.​អ​រប ចុះ​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៨ ដោយ​ភ្ជាប់​កម្មវត្ថុ ឱ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បញ្ឈប់​ការផ្តល់​គោលការណ៍​សាងសង់ មុន​ទទួលបាន​លិខិតអនុញ្ញាត ។​

​លើ​លិខិត​នោះ ក៏​បាន​សរសេ​ភ្ជាប់​ថា មាន​ការដ្ឋាន​សំណង់​ជាច្រើន ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ បាន​កំពុង​សាងសង់​ខ្លះ និង​ខ្លះទៀត​សាងសង់​រួចរាល់ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ឱ្យ​សាងសង់ តែ​រដ្ឋបាលខេត្ត និង​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត លោក យន្ត មីន ពុំ​បាន​ធ្វើការ​តាម​សេចក្តីណែនាំ​របស់​ក្រសួង​ឡើយ ដោយ​បណ្តោយ​ឱ្យ​អគារ​ដែល​គ្មាន​ច្បាប់ អាច​បន្ត​សាងសង់​ដោយ​រលូន ដោយ​គ្រាន់តែ​ធ្វើ​ការចុះ​ហាមឃាត់ និង​អូសបន្លាយ​រហូត​ឈាន​ដល់​ការបាក់​ស្រុត​តែម្តង ។​

​អត្ថបទ​លទ្ធផល​ស្រាវជ្រាវ​បឋម​របស់​គណបក្ស​ខ្មែរ​ក្រោក​នេះ បាន​បន្តថា ក្រោយ​ចេញ​លិខិត​លេខ ២៤១៧ អន​ស​.​អ​រប ចុះ​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៨ ជូន​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​រួច ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក៏​បាន​ចេញ​សេចក្តីសម្រេច ស្តីពី​ការបង្កើត​ក្រុម​ការងារ​ចំពោះ​កិច្ច​ចុះ​តាមដាន និង​ត្រួតពិនិត្យ​ការដ្ឋាន​សំណង់ ស្ថិតនៅក្នុង​ខេត្ត​ព្រះសីហនុ លេខ ០៦៧ សសរ ចុះ​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៨ តែ ការអនុវត្ត​ជាក់ស្តែង គឺ​មាន​ភាព​អសកម្ម ដែល​ផ្ទុយ​ពី​ស្មារតី​ក្នុង​សេចក្តីសម្រេច ។​

​គណបក្ស​ខ្មែរ​ក្រោក​បានបញ្ជាក់​បន្តថា យោង​លើ​អង្គហេតុ អង្គសេចក្តី មូលដ្ឋាន​ច្បាប់ មូលដ្ឋាន​ឯកសារ​បទដ្ឋាន​គតិយុត្តិ​ជា​តម្រុយ បង្ហាញថា សមត្ថកិច្ច​ពាក់ព័ន្ធ មិន​អាច​គេចវេះ ពី​ទំនួល​ខុស​ត្រូវ​លើ​សមត្ថកិច្ច​របស់​ខ្លួន​ទេ ។ 

​ក្នុងនាម​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់ គណបក្ស​ខ្មែរ​ក្រោក បានបញ្ជាក់​ថា នឹង​បន្ត​ប្រមូល​តម្រុយ​ដូច​រៀបរាប់​ខាងលើ រៀបចំ​ជា​របាយការណ៍ ដាក់​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​ពិនិត្យ ហើយ​នឹង​លើក​ក្នុង​កិច្ចប្រជុំ​ប្រចាំខែ របស់​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់ នៅ​សប្តាហ៍​ខាងមុខ ។​

​បើ​តាម​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា គិត​ត្រឹម​ម៉ោង​១១:៣០​នាទី ព្រឹក​ថ្ងៃ​ទី​២៣ មិថុនា ចំនួន​អ្នក​ស្លាប់​បាន​កើន​ដល់​១៨​នាក់ (​ស្រី​៤​នាក់​) និង​របួស​២៤​នាក់ (​ស្រី​២​នាក់​) ក្រោយ​ក្រុម​សង្គ្រោះ​បាន​រកឃើញ​សាកសព​បុរស​ម្នាក់​ទៀត នៅក្នុង​គំនរ​បាក់បែក​នៃ​អគារ ។ ក្រុម​សង្គ្រោះ នៅតែ​បន្ត​បេសកកម្ម​ស្វែងរក​មនុស្ស ដែល​សង្ស័យ​ថា អាច​មាន​នៅក្នុង​គំនរ​អគារ​ដួលរលំ​នេះ​បន្ត​ទៀត ។​

​ការបាក់​រលំ​សំណង់​អគារ កម្ពស់​៧​ជាន់​នេះ កើតឡើង នៅក្នុង​ភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ នៅ​ជិត​កន្លែង​លាង​រថយន្ត​យីហោ «​អា​រុណ​រះ​» កាលពី​វេលា​ម៉ោង​ជិត​៥​ព្រឹក ថ្ងៃទី​២២ មិថុនា ។ សំណង់​នេះ មាន​ទំហំ​ទទឹង​១៥​ម៉ែត្រ បណ្តោយ​៣០​ម៉ែត្រ កំពុង​ដំណើរការ​សាងសង់ បាន​ប្រមាណ​៧០-៨០​ភាគរយ ។​

​បន្ទាប់ពី​មាន​ហេតុការណ៍​បាក់​រលំ​សំណង់​អគារ​កម្ពស់​៧​ជាន់​នេះ កាលពី​ថ្ងៃ​ទី​២២ មិថុនា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៣​នាក់ ពាក់ព័ន្ធ​នឹង​ករណី​សាងសង់​អគារ​កម្ពស់​៧​ជាន់ មិនមាន​ច្បាប់​អនុញ្ញាត ។ ជនជាតិ​ចិន​ទាំង​៣​នាក់​នោះ រួមមាន ជា​ម្ចាស់​ការដ្ឋាន​សំណង់​, ម្ចាស់​ក្រុមហ៊ុន​ទទួល​សាងសង់ និង​ម្នាក់​ទៀត ជា​អ្នកម៉ៅការ​បូកជញ្ជាំង​អគារ ។​

​ក្រៅ​ពី​ជនជាតិ​ចិន​ទាំង​៣​នាក់​ខាងលើ មាន​ជនជាតិ​ខ្មែរ​ម្នាក់ ឈ្មោះ ញឹក ហ៊ុយ ជា​ម្ចាស់​ដី និង​បាន​ជួល​ដី​ឱ្យ​ជនជាតិ​ចិន សាងសង់​អគារ​សម្រាប់​ធ្វើ​សណ្ឋាគារ​នេះ ក៏​ត្រូវបាន​នាំ​ខ្លួន​ទៅ​សាកសួ​រដែរ ។ 

​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ និង​ក្រសួង​រៀបចំ​ដែនដី បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​ស្រុក​ថា មូលហេតុ​នៃ​ការបាក់​រលំ​អាគារ​កម្ពស់​៧​ជាន់​នេះ គឺ​ដោយសារតែ​សាងសង់​ខុស​បច្ចេកទេស ហើយ​ការសាងសង់​នេះ ពុំមាន​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ ។ 

​ក្រសួង​រៀបចំ​ដែនដី បញ្ជាក់ថា អាជ្ញាធរ​ជំនាញ​បាន​ហាមឃាត់​មិន​ឱ្យ​សាងសង់​ចំនួន ២​ដង​រួច​ហើយ​ដែរ ប៉ុន្តែ​ម្ចាស់​សំណង់​ជា​ជនជាតិ​ចិន​មិន​ចូលរួម​សហការ ។ អាគារ​នេះ​ជា​ប្រភេទ​សំណង់​ធ្វើ​ពី​ឆ្អឹង​ដែក​សង់​បាន​កម្ពស់ ៧​ជាន់ ៕

ព័ត៌មានផ្សេងទៀត