លោក​ត្រាំ​ប្រកាស​ដាក់ទណ្ឌកម្ម​កាន់តែ​ធ្ងន់​លើ​អ៊ីរ៉ង់​

23-06-2019 11:13 am 480
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក បានសម្រេច​ថា នឹង​ដាក់ទណ្ឌកម្ម​បន្ថែម លើ​ប្រទេស​អ៊ីរ៉ង់ ហើយ​ទណ្ឌកម្ម​នេះ នឹង​ធ្វើឲ្យ​អ៊ីរ៉ង់​រង​សម្ពាធ​កាន់តែ​ធ្ងន់ធ្ងរ​លើស​មុន​ទៅទៀត​។ លោក​ត្រាំ​មិនទាន់​បញ្ជាក់​ទេ​ថា ទណ្ឌកម្ម​នោះ​មាន​ទម្រង់​យ៉ាងដូចម្តេច​? តែ​លោក​ថា នឹង​បានឃើញ​ប្រភេទ​ទណ្ឌកម្ម​ថ្មី​នេះ នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​។ នេះ​បើតាម​លោក​ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​។​

​ទណ្ឌកម្ម​ថ្មី​នេះ ប្រកាសឡើង​ក្រោយ​អ៊ីរ៉ង់ បាញ់​ទម្លាក់​យន្តហោះ​យកការណ៍​គ្មាន​មនុស្ស​បើក​របស់​អាមេរិក​។ អ៊ីរ៉ង់​អះអាងថា យន្តហោះ​នេះ បាន​ហោះចូល​ដែន​អធិបតេយ្យ​របស់ខ្លួន តែ​អាមេរិក​ថា យន្តហោះ​ខ្លួន​នៅក្រៅ​ដែនអាកាស​អ៊ីរ៉ង់ គឺ​ស្ថិតនៅ​ច្រក​សមុទ្រ​Hormuz​។ ដំបូង​ឡើយ​លោក​ត្រាំ​សម្រេច​ជ្រើសរើស​វិធានការ​យោធា ដើម្បី​សងសឹក​នឹង​អ៊ីរ៉ង់ ដែល​បាន​បាញ់​ទម្លាក់​យន្តហោះ​ឈ្លប​យ​ការណ៍​របស់ខ្លួន​។ ប៉ុន្តែ​ក្រោយមក លោក​បាន​ដក​បទបញ្ជា​នេះ​វិញ ដោយសារតែ​ជម្រើស​យោធា អាច​បណ្តាលឲ្យ​មនុស្ស​ស្លាប់​ច្រើន​។ បើទោះជា​បែបនេះ​ក្តី លោក​ត្រាំ​ព្រមាន​ប្រើប្រាស់​ជម្រើស​ផ្សេង ដោយ​មិន​អនុញ្ញាតឲ្យ​អ៊ីរ៉ង់​រួចខ្លួន​ឡើយ​។ យ៉ាងណា ជម្រើស​យោធា​នៅតែ​ស្ថិតនៅលើ​តុ​សម្រាប់​ពិចារណា ទុក​ប្រើប្រាស់​នៅ​គ្រា​ណាមួយ​ដដែល​។​

​សម្រាប់​អាមេរិក ទណ្ឌកម្ម​ថ្មី​នេះ​អាច​នឹង​ធ្វើឲ្យ​អ៊ីរ៉ង់​ទ័លច្រក ផ្លាស់ប្តូរ​ឥរិយាបទ ពាក់ព័ន្ធ​នឹង​កម្មវិធី​នុយក្លេអ៊ែ​រ​។ លោក​ត្រាំ​យល់ថា សម្ពាធ​កាន់តែ​ធ្ងន់ធ្ងរ​លើ​អ៊ីរ៉ង់ នឹង​ធ្វើឲ្យ​អ៊ីរ៉ង់​ព្រម​បោះបង់ចោល​មហិច្ចតា​នុយក្លេអ៊ែ​រ​។ លោក​អះអាងថា បើ​អ៊ីរ៉ង់​ឈប់​អោបក្រសោប​នុយក្លេអ៊ែ​រ អ៊ីរ៉ង់​នឹង​ក្លាយជា​ប្រទេស​សម្បូរ​ទៅដោយ​ទ្រព្យធន ប្រទេស​ដ៏​រីករាយ ហើយនឹង​ក្លាយជា​មិត្ត​ល្អ​របស់​អាមេរិក​ទៀតផង​។​

​សម្រាប់​អ្នកវិភាគ​វិញ​យល់ថា វិធានការ​របស់​អាមេរិក​នឹង​នាំ​អាមេរិក​-​អ៊ីរ៉ង់ ទៅរក​មាត់ច្រក​នៃ​សង្គ្រាម​។ សេដ្ឋកិច្ច​របស់​ប្រទេស​អ៊ីរ៉ង់ កំពុង​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ​ស្រាប់ ហើយ​ប្រទេស​នេះ​គំរាមកំហែង​រំលោភ លើ​លក្ខខណ្ឌ​មួយចំនួន នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ទៀត​។ ដូច្នេះ​ទណ្ឌកម្ម​ថ្មី​អាមេរិក មិនអាច​បន្ថយ​ភាព​តានតឹង​ទាំងនេះ​បានទេ​។​

​គួរ​ជម្រាបជូន​ថា អាមេរិក​បាន​ដាក់ទណ្ឌកម្ម លើ​ប្រទេស​អ៊ីរ៉ង់​បន្តបន្ទាប់ ចាប់តាំងពី​លោក​ត្រាំ​ដក​អាមេរិក ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ កាលពី​ឆ្នាំមុន​មក​។ ទណ្ឌកម្ម​ជាទូទៅ ជា​ប្រភេទ​ទណ្ឌកម្មសេដ្ឋកិច្ច​រួមមាន ការរារាំង​ក្រុមហ៊ុន​អាមេរិក មិន​ឲ្យធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេ​ស​អ៊ីរ៉ង់​, ការដាក់​បម្រាម មិនឲ្យ​ប្រទេស​មួយចំនួន បញ្ជា​ទិញ​ប្រេង​ពី​អ៊ីរ៉ង់​ជាដើម​៕

ព័ត៌មានផ្សេងទៀត