លោក​ហ៊ុន សែន ស្នើ​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​បន្ថែម​ក្នុង​តំបន់​អាស៊ាន​

23-06-2019 11:07 am 214
  ស្តាប់
ស្តាប់ជាសំឡេង

​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤ នា​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ម្សិលមិញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ដល់​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន ផ្តោត​លើ​ការជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​បន្ថែម​ក្នុង​តំបន់ ខណៈ​ទំហំ​ពាណិជ្ជកម្ម​នៅ​មាន​កម្រិត​នៅឡើយ ...

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ម្សិលមិញ បាន​ស្នើ​ដល់​អង្គប្រជុំ​អាស៊ាន ពិសេស​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន ឱ្យ​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​បន្ថែមទៀត នៅក្នុង​ចំណោម​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​ទាំង​១០ ដើម្បី​ការអភិវឌ្ឍ និង​ភាព​រីកចម្រើន​របស់​អា​ស៊ាន​ទាំងមូល ។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៣៤ នៅ​រសៀល​ថ្ងៃ​ទី​២២ មិថុនា នា​ទីក្រុង​បាងកក ប្រទេស​ថៃ លោកនាយក​រដ្ឋមន្ត្រី បាន​បន្តថា ទំហំ​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ាន​នៅ​មាន​កម្រិត​នៅឡើយ ហើយ​លោក​បាន​ថ្លែង​ជំរុញ​ឱ្យ​បង្កើន​ឱ្យ​បាន​ច្រើន​ជាង​មុន ។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បន្ត​ថា ឆ្នាំ​២០១៩​នេះ គឺជា​ខួប​២០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អាស៊ាន ។ លោក​ថា កន្លងមក កម្ពុជា​បាន​គោរព​តាម​គោលការណ៍ និង​កាតព្វកិច្ច​របស់​ខ្លួន ក្នុង​ការចូលរួម​សមាជិក ពិសេស​ការចូលរួម​ថែរក្សា​សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍ និង​វិបុលភាព ពិសេស​ពាក់ព័ន្ធ​នឹង​មជ្ឈមណ្ឌល​កម្ចាត់មីន​តំបន់​អាស៊ាន ដោយ​អាណត្តិ​នេះ នឹង​មាន​ទីតាំង​នៅ​កម្ពុជា ដែល​មាន​ការជួយ​ពី​បណ្តា​ប្រទេស​ផ្សេងទៀត ហើយ​បាន​ដើរតួនាទី​យ៉ាង​សំខាន់ នៅ​ក្នុង​ការឆ្លើយតប​ទៅនឹង​ចក្ខុវិស័យ​របស់​អាស៊ាន ។​

​គូសបញ្ជាក់ថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ ទៅ​កាន់​ទី​ក្រង​បាងកក ប្រទេស​ថៃ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៣៤ ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៣ មិថុនា តប​តាម​ការអញ្ជើញ​របស់​លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា នាយករដ្ឋមន្ត្រី​ថៃ និង​ជា​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន ៕

ព័ត៌មានផ្សេងទៀត