ព្រះមហាក្សត្រ​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​សព​ក្នុង​គ្រោះថ្នាក់​បាក់​រលំ​អគារ​

23-06-2019 10:44 am 1698

​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី នៅ​ព្រឹក​ថ្ងៃទី​២៣ មិថុនា តាមរយៈទំព័រហ្វេសប៊ុករបស់ព្រះអង្គ បាន​សម្តែង ការចូលរួម​រំលែក​ម​រណៈ​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​ក្រុមគ្រួសារ​នៃ​សព ព្រមទាំង​ជា​មួយ​ប្រជានុរាស្ត្រ​ទូ​ទាំង​កម្ពុជា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​បាក់​រលំ​អគារ នៅ​ក្រុងព្រះសីហនុ កាល​ពី​ម្សិលមិញ ដែល​បណ្តាលឱ្យមាន​ជនរងគ្រោះ​ស្លាប់ និង​របួស​ជាច្រើន​នាក់ ។​

​គូសបញ្ជាក់ថា គិត​ត្រឹម​ម៉ោង​៨​ព្រឹក ថ្ងៃទី​២៣ មិថុនា ចំនួន​ជនរងគ្រោះ ដែល​ក្រុម​ការងារ​បាន​ជួយសង្គ្រោះ និង​យកចេញ​ពី​គំនរ​បាក់បែក​នៃ​អគារ​រលំ គឺ​ស្លាប់​ចំនួន​១៧​នាក់ (​ស្រី​៤​នាក់​) និង​រងរបួស​២៤​នាក់ (​ស្រី​២​នាក់​) ។ ក្នុងនោះ ក្រុមគ្រួសារ​សព បាន​បំពេញ​ឯកសារ​ទទួល​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី បាន​ចំនួន​៩​សព ។​

​បើ​តាម​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ឱ្យដឹងថា គិត​មក​ទល់​ព្រឹក​ថ្ងៃទី​២៣ មិថុនា គំនរ​បែកបាក់​ត្រូវបាន​ក្រុម​ការងារ​ជួយសង្គ្រោះ ធ្វើ​ការកាយ​ចេញ​បាន​ប្រមាណ​៤០​ភាគរយ​ហើយ ។ សកម្មភាព​ជួយសង្គ្រោះ របស់​កម្លាំង​សរុប​នៃ​រដ្ឋបាល​ខេត្ត នៅតែ​បន្ត​សង្គ្រោះ​រហូត​ដល់​យក​ជនរងគ្រោះ​ចេញ​អស់​ពី​ក្រោម​គំនរ​បាក់បែក​នៃ​អគារ​បាក់​រលំ ៕

ព័ត៌មានផ្សេងទៀត