លោក​យន្ត​មីន​បញ្ជា​ឱ្យ​រក​មុខ​មន្ត្រី​ដែល​មាន​កំហុស​ក្នុង​គ្រោះថ្នាក់​បាក់​រលំ​អគារ​

23-06-2019 10:04 am 2284
  ស្តាប់
ស្តាប់ជាសំឡេង

​អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន កាល​ពី​ល្ងាចម្សិលមិញ បាន​ចេញ​លិខិត​បង្គាប់​ចាំបាច់​មួយ​ច្បាប់ បង្កើត​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​សំណង់​អគារ​ដែល​បាក់​រលំ និង​វែក​រក​មុខ​មន្ត្រី​ណា​ដែល​មាន​កំហុស ក្នុង​ហេតុការណ៍​បាក់​រលំ​សំណង់​អគារ ដែល​បណ្តាលឱ្យ​មនុស្ស​ស្លាប់ និង​របួស​ជាច្រើន​នាក់...

​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ នៅ​ល្ងាច​ថ្ងៃទី​២២ មិថុនា បាន​បង្គាប់​ឱ្យ​មន្ត្រី​ឱវាទ នៃ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ត្រូវ​ចុះ​ពិនិត្យ​លក្ខណៈ​បច្ចេកទេស និង​គុណភាព​សំណង់​ដែល​បាន​បាក់​រលំ កាលពី​ព្រឹក​ថ្ងៃទី​២២ មិថុនា ស្ថិតនៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។​

​ក្នុង​លិខិត​បង្គាប់​នោះ លោក​ក៏​បាន​បញ្ជា​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ ចុះ​ស្រាវជ្រាវ​អំពី​សកម្មភាព​ធ្វេសប្រហែស របស់​មន្ត្រី​ដែល​មាន​សមត្ថកិច្ច​ពាក់​ព័ន្ធ ក្នុង​ការអនុវត្ត​ច្បាប់ និង​អំពី​មូលហេតុ​ផ្សេងៗ ដែល​បង្ក​ឱ្យមាន​គ្រោះថ្នាក់រ​លំបាក់​អគារ ។ លោក​ថា ក្នុងករណី​រកឃើញថា មាន​មន្ត្រី​ពាក់ព័ន្ធ ឬ​មាន​កំហុស ត្រូវ​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់ ។​

​ជាងនេះទៅទៀត លោក​ក៏​បាន​បញ្ជា​ឱ្យ​ពិនិត្យ​បទដ្ឋាន បច្ចេកទេស​សំណង់ ឬ​ប្លង់​លម្អិត​គ្រឿង​បង្គុំ​សំណង់ និង​ប្លង់​ស្ថាបត្យកម្ម​ផងដែរ ។ ម្យ៉ាងទៀត លិខិត​នោះ លោក​ក៏​បាន​បង្គាប់​ឱ្យ​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ចំពោះ​ម្ចាស់​សំណង់ ឬ​អ្នក​ទទួលខុសត្រូវ ឬ​អ្នក​គ្រប់គ្រង ដែល​មិន​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រុម​ការងារ​បច្ចេកទេស ។​

​ចំពោះ​សមាសភាព​នៃ​មន្ត្រី​ពាក់ព័ន្ធ​ដែល​ត្រូវបានចាត់តាំង រួមមាន លោក ឈិន សេង​ងួន អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ជា​ប្រធាន​, ហើយ​អនុប្រធាន​មាន​ចំនួន​៤​រូប រួមមាន លោក ចេង ស្រុង ប្រធាន​មន្ទីរ ដ​.​ន​.​ស​.​ស ខេត្ត​ព្រះសីហនុ​, លោកឧ​.​ទា ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​, លោកឧ​.​ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ ។​

​ជាមួយគ្នានេះ សមាជិក​នៃ​ក្រុម មាន​ចំនួន​៧​រូប​ផ្សេងទៀត ដែល​ស្ថិត​នៅក្នុង​ស្ថាប័ន​ពាក់ព័ន្ធ និង​មន្ត្រីរាជការ និង​កងកម្លាំង​តាម​ការចាំបាច់​របស់​ប្រធាន​ក្រុមការងារ មួយ​ឡែក​ផ្សេងទៀត ។

​គូសបញ្ជាក់ថា នៅវេលា​ម៉ោង​ជិត​៥​ព្រឹក ថ្ងៃទី​២២ មិថុនា មាន​ករណី​បាក់​រលំ​អគារ​កម្ពស់​៧​ជាន់ នៅ​ជិត​កន្លែង​លាង​រថយន្ត​យីហោ «​អា​រុណ​រះ​» ក្នុងភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។ សំណង់​អគារ​នេះ មាន​ទំហំ​ទទឹង​១៥​ម៉ែត្រ បណ្តោយ​៣០​ម៉ែត្រ កំពុង​ដំណើរការ​សាងសង់ បាន​ប្រមាណ​៧០-៨០​ភាគរយ ។​

​គិត​ត្រឹម​ម៉ោង​៨​ព្រឹក ថ្ងៃទី​២៣ មិថុនា ចំនួន​ជនរងគ្រោះ​ដែល​បាន​សង្គ្រោះ​ចេញពី​គំនរ​បាក់បែក​នៃ​អគារ​រលំ គឺ​ស្លាប់​ចំនួន​១៧​នាក់ ស្រី​៤​នាក់ និង​របួស​២៤​នាក់ ស្រី​២​នាក់ ។ ក្នុងនោះ ក្រុមគ្រួសារ​សព បាន​បំពេញ​ឯកសារ​ទទួល​សព យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី បាន​ចំនួន​៩​សព ៕

ព័ត៌មានផ្សេងទៀត