លោកហ៊ុន សែន៖ កុំទាន់គិតរឿងដកដំណែងតែត្រូវផ្តោតលើការរុករកនិងសង្រ្គោះសិន

22-06-2019 9:24 pm 1124
  ស្តាប់
ស្តាប់ជាសំឡេង

​ឆ្លើយតប​ទៅ​កាន់​អ្នកលេង​ហ្វេ​សប៊ុក ដែល​ចូល​ទៅ Comment លើ Page របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ស្នើសុំ​ឱ្យ​ដក​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ហើយ​តែងតាំង​អ្នកថ្មី លោក​ថា សូម​កុំ​ទាន់​និយាយ​ដល់​រឿង​ដក ឬ​តែងតាំង តែ​ត្រូវ​ផ្តោត​យកចិត្តទុកដាក់ លើ​ការរុករក និង​សង្គ្រោះ​ជាមុនសិន ។​

​ការឆ្លើយតប​នេះ ធ្វើឡើង​នៅ​លើ​សារ​ដែល​លោក​បាន​បង្ហោះ​ចេញ នៅលើ​ទំព័រ​ហ្វេ​សប៊ុក នា​ល្ងាច​ថ្ងៃទី​២២ មិថុនា ថា នៅពេលដែល​លោក​ចេញដំណើរ​មក​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ថៃ ថ្ងៃនេះ ក៏​មានឧ​ប្ប​ទ្វេ​វហេតុ បាក់​រលំ​អគារ​សំណង់​កំពុង​សាងសង់​នៅ​ក្រុងព្រះសីហនុ បណ្តាល​ឱ្យ​ពលរដ្ឋ​ស្លាប់ និង​របួស​មួយចំនួន ។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​រូបនេះ បានបញ្ជាក់​ថា ជា​បន្ទាន់​នេះ លោក​បាន​បញ្ជា​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​កងកម្លាំងប្រដាប់អាវុធ ចុះ​ជួយ​សង្គ្រោះ​អាយុជីវិត​ពលរដ្ឋ ដែល​ត្រូវបាន​អគារ​បាក់​រលំ​សង្កត់ ហើយ​មក​ទល់​ម៉ោង​៥​ល្ងាច ថ្ងៃនេះ គឺ​មាន​អ្នករបួស​ប្រមាណ​២៣​នាក់ និង​ស្លាប់​៧​នាក់ ខណៈដំណើរ​ការសង្គ្រោះ​អាយុជីវិត​ពលរដ្ឋ​គឺ​កំពុង​ធ្វើ​បន្ត ។​

​លោក​បាន​សម្តែង​ការសោកស្តាយ ចំពោះ​ការបាត់បង់​អាយុជីវិត​ពលរដ្ឋ ដោយសារតែ​ការធ្វេសប្រហែស​របស់​ក្រុមហ៊ុន​សាងសង់ ដែល​បណ្តាលឱ្យមាន​គ្រោះថ្នាក់​កើតឡើង​នេះ ។ លោក​បាន​សង្កត់ធ្ងន់ថា ទោះបីជា​លោក​ជាប់​ប្រជុំ​ក៏ដោយ ក៏​លោក​នៅតែ​តាមដាន​នូវ​ដំណើរការ​រុករក និង​សង្គ្រោះ ដែល​យប់​នេះ ត្រូវធ្វើ​ទាំងយប់​បន្តទៀត ។​

​គូសបញ្ជាក់ថា នៅវេលា​ម៉ោង​ជិត​៥​ព្រឹក ថ្ងៃទី​២២ មិថុនា មាន​ករណី​បាក់​រលំ​អគារ​កម្ពស់​៧​ជាន់ នៅ​ជិត​កន្លែង​លាង​រថយន្ត​យីហោ «​អា​រុណ​រះ​» ក្នុងភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។ សំណង់​អគារ​នេះ មាន​ទំហំ​ទទឹង​១៥​ម៉ែត្រ បណ្តោយ​៣០​ម៉ែត្រ កំពុង​ដំណើរការ​សាងសង់ បាន​ប្រមាណ​៧០-៨០​ភាគរយ ។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ នៅ​រសៀល​ថ្ងៃ​ដដែល បានឱ្យដឹងថា បច្ចុប្បន្ន ថៅកែ​ម៉ៅការ​សាងសង់ និង​អ្នកពាក់ព័ន្ធ​ចំនួន​៣​នាក់​ផ្សេង​ទៀត ត្រូវបាន​នាំ​ខ្លួន​ទៅ​កាន់​ស្ងនការដ្ឋាន​នគរបា​ល​ខេត្ត ដើម្បី​សាកសួរ ធ្វើ​កំណត់ហេតុ និង​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

ព័ត៌មានផ្សេងទៀត