អាជ្ញាធរ​អះអាងថា​សំណង់​អគារ​បាក់​រលំ​មនុស្ស​ស្លាប់​នៅ​ព្រះសីហនុ​គ្មាន​ច្បាប់​អនុញ្ញាត​

22-06-2019 4:57 pm 668
  ស្តាប់
ស្តាប់ជាសំឡេង

​នៅវេលា​ម៉ោង​ប្រមាណ​៥​ទៀប​ភ្លឺ នា​ព្រឹក​ថ្ងៃទី​២២ មិថុនា មាន​ករណី​បាក់​រលំ​អគារ​កម្ពស់​៧​ជាន់ មួយ​កន្លែង​ក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។ គិត​ត្រឹម​ម៉ោង​៣​រសៀល ថ្ងៃ​ដដែល អាជ្ញាធរ​បាន​រកឃើញ​ជនរងគ្រោះ​ស្លាប់​ចំនួន​៧​នាក់ និង​របួសធ្ងន់ ស្រាល សរុប​១៨​នាក់ ។ អាជ្ញាធរ​ពាក់ព័ន្ធ​បាន​អះអាងថា សំណង់​អគារ​កម្ពស់​៧​ជាន់​នេះ មាន​ម្ចាស់​ជា​ជនជាតិ​ចិន ហើយ​ការសាងសង់​សង់​អគារ​នេះ មិនមាន​ច្បាប់​អនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឡើយ...

​នៅវេលា​ម៉ោង​៤:០០​នាទី ទៀប​ភ្លឺ ថ្ងៃទី​២២ មិថុនា មាន​ករណី​បាក់​រលំ​អគារ​មួយ​ដែល​កំពុង​ដំណើរការ​សាងសង់​កម្ពស់​៧​ជាន់ នៅ​ជិត​កន្លែង​លាង​រថយន្ត​យីហោ «​អា​រុណ​រះ​» មាន​ទីតាំង​ស្ថិតនៅ​ភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។​

​សំណង់​អគារ​នេះ មាន​ទំហំ​ទទឹង​១៥​ម៉ែត្រ បណ្តោយ​៣០​ម៉ែត្រ និង​កំពុង​ដំណើរការ​សាងសង់​បាន​ប្រមាណ ៧០ ទៅ ៨០​ភាគរយ ។​

​យ៉ាងណាក៏ដោយ គិត​ត្រឹម​ម៉ោង​៣​រសៀល ថ្ងៃកើតហេតុ ចំនួន​អ្នកស្លាប់​បាត់បង់​ជីវិត បាន​កើនឡើង​៧​នាក់ និង​របួស​១៨​នាក់ ដែល​ជនរងគ្រោះ គឺជា​កម្មករ​សំណង់​ស្នាក់នៅ​ក្នុង​ការដ្ឋាន​នោះ ។​

​បើ​តាម​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ក្រុម​សង្គ្រោះ បាន​ប្រើប្រាស់​អេស្កាវ៉ាទ័រ​ចំនួន​២​គ្រឿង និង​គ្រឿងចក្រ​ផ្សេងទៀត ដើម្បី​ស្វែងរក​មនុស្ស​ដែល​នៅ​ជាប់​ក្នុង​គំនរ​អគារ​ដែល​រលំ​នោះ ។​

​នៅ​ទីតាំង​កើតហេតុ គេ​ឃើញ​មាន​ក្រុម​សង្គ្រោះ​៧១១ ដែល​ប្រចាំការ​នៅ​សាលា​សង្គ្រោះ​មិត្តភាព​កម្ពុជា​-​ជប៉ុន ខេត្ត​ព្រះសីហនុ ក៏​បាន​ចេញ​ទៅ​ជួយ​អន្តរាគមន៍​ស្វែងរក​ជនរងគ្រោះ​ដែរ ។​

​ចំណែកឯ អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា អគារ​ដែលរ​លំបាក់​សង្កត់​លើ​មនុស្ស​ស្លាប់ និង​របួស​ជាច្រើន​នាក់ នៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​នេះ ពុំមាន​ច្បាប់​អនុញ្ញាត​ឱ្យ​សាងសង់​ទេ ។​

​មន្ត្រី​ដដែល​ថា សំណង់​អគារ​ខាងលើ មិនមាន​ច្បាប់​អនុញ្ញាត ហើយ​ធ្លាប់​ត្រូវបាន​អាជ្ញាធរ​ជំនាញ​ហាមឃាត់​មិន​ឱ្យ​សាងសង់​ចំនួន​២​ដង​រួចមកហើយ តែ ម្ចាស់​សំណង់​មិន​ចូលរួម​សហការ ។ ម្ចាស់​សំណង់​ឈ្មោះ CHEN KUN ជនជាតិ​ចិន ទីតាំង​សាងសង់​លើ​ផ្ទៃដី ទំហំ​៥៨៣​ម៉ែត្រក្រឡា ។ អគារ​នេះ ជា​ប្រភេទ​សំណង់​ធ្វើ​ពី​ឆ្អឹង​ដែក សង់​បាន​កម្ពស់​៧​ជាន់ គ្មាន​លិខិតអនុញ្ញាត​សាងសង់ ។​

​អ្នកនាំពាក្យ​រូប​នេះ បន្តថា ជាមួយគ្នានេះ អាជ្ញាធរ​ជំនាញ នឹង​ចុះ​ត្រួតពិនិត្យ​សំណង់​ដែល​មិនមាន​គុណភាព សំណង់​សាងសង់​ខុស​ពី​លិខិតអនុញ្ញាត និង​សាងសង់​ដោយ​គ្មាន​លិខិតអនុញ្ញាត ដើម្បី​មាន​វិធានការ​តាម​ផ្លូវច្បាប់ ។ ឯ​ក្រុមហ៊ុន​ទទួល​ម៉ៅការ​សាងសង់ ត្រូវតែ​ជា​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី និង​មាន​វិញ្ញាបនបត្រ​ប្រកប​អាជីវកម្ម​សាងសង់ ចេញ​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ។​

​ទោះយ៉ាងណា វិទ្យុ​វាយោ​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​លម្អិត​អំពី​ហេតុការណ៍​បាក់​រលំ​អគារ នៅ​ក្រុងព្រះសីហនុ ពី រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានទេ នៅ​រសៀល​ថ្ងៃ​ទី​២២ មិថុនា ដោយហេតុ​ថា លេខ​ទូរស័ព្ទ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​បិទ ចំណែក​ក្រសួង​រៀបចំ​ដែនដី ទាក់ទង​ចូល តែ​មិន​មាន​អ្នក​លើក​ទទួល ។​

​បែប​នេះ​ក្តី ទាក់ទង​ទៅនឹង​ការបកស្រាយ​ពី​សំណាក់​ស្ថាប័ន​ពាក់ព័ន្ធ​ខាងលើ មិន​អាច​ធ្វើឱ្យ​អ្នកតាមដាន​ហេតុការណ៍​នេះ ទទួលយក​បាន​ទេ ។ ដោយ​ពួកគេ​ខ្លះ បាន​រិះគន់​អាជ្ញាធរ​ថា បកស្រាយ​ឱ្យតែ​ផុត​ពី​មាត់ ដោយ​ពួកគេ​បាន​លើកឡើង​ជា​ចម្ងល់​ថា បើ​មិន​មានច្បាប់​អនុញ្ញាត ហេតុ​អ្វី​ម្ចាស់​អគារ​អាច​សាងសង់​បាន​? ហេតុអ្វី​មិន​មាន​ការផ្អាក​ការសាងសង់​? ហេតុ​អ្វី​មន្ត្រី​អនុវត្ត​ច្បាប់ គ្មាន​វិធានការ និង​អំណាច​ទប់ស្កាត់​? ហើយ​តើ​អ្នកណា​ជា​អ្នកទទួលខុសត្រូវ​លើ​ការស្លាប់​ទាំងនេះ​?

​ជាមួយគ្នានេះ ពាក់ព័ន្ធ​នឹង​ករណី​បាក់​រលំ​អគារ នៅក្នុង​ទឹកដី​ខេត្ត​ព្រះសីហនុ​ខាងលើនេះ លោក ជុំ កុសល ទីប្រឹក្សា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ជា​ចម្ងល់​លើ​ទំព័រ​ហ្វេ​ស​ប៊ុកខ្លួន នៅ​រសៀល​ថ្ងៃ​ទី​២២ មិថុនា ថា យន្តការ​រដ្ឋ​យើង​មាន​ចំនួន​២ ទី​១.​ស្ថាប័ន​សមត្ថកិច្ច​ជំនាញ ទី​២.​ស្ថាប័ន​រដ្ឋបាល​គ្រប់គ្រង​ដែនដី ។ 

​លោក​ថា ហេតុអ្វី​បានជា​ស្ថាប័ន​ទាំង​ពីរ គ្មាន​អំណាច​ហាមឃាត់​ចំពោះ​សំណង់​ខុសច្បាប់ ទុក​ឱ្យ​កើត​រឿង​គ្រោះថ្នាក់​បែប​នេះ​?

​លោក​បន្តថា ចម្លើយ​មួយ​ថា បាន​ចុះ​ហាមឃាត់​ពីរដង​ដែរ តែ​ម្ចាស់​ការដ្ឋាន​សំណង់​មិន​សហការ ហើយ​បែរជា​បណ្តោយ​ទុក​ឱ្យ​សាងសង់​បន្ត រហូត​ដួល​រលំ​ពេលនេះ មានន័យ​ថា ទាំង​សមត្ថកិច្ច​ជំនាញ ទាំង​រដ្ឋបាល​គ្រប់គ្រង​ដែនដី​ខេត្ត ខ្លាច​អំណាច​ម្ចាស់​សំណង់​ឬ​? ចុះ​កម្មករ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត និង​របួស តើ​នរណា​ទទួលខុសត្រូវ​?

​គូសបញ្ជាក់ថា ការដ្ឋាន​សំណង់​ដែល​បាន​បាក់​រលំ​នេះ មាន​ម្ចាស់​ឈ្មោះ CHEN KUN ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ បាន​ជួល​ដី​សម្រាប់​សាងសង់​អគារ​ពី​ឈ្មោះ ញឹក ហ៊ុយ ភេទ​ប្រុស ជនជាតិខ្មែរ អាយុ​៦៥​ឆ្នាំ ម៉ៅការ​សាងសង់​ដោយ​ក្រុមហ៊ុន​សំណង់​ឈ្មោះ XI GANG TANG GONG GOU JI HAISAO មាន​ថៅកែ​ម៉ៅការ​សាងសង់​ឈ្មោះ DENG XING GUI ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ និង​អ្នកម៉ៅការ​បូកជញ្ជាំង​អគារ​ឈ្មោះ GAO YU ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ។​

​បច្ចុប្បន្ន អ្នក​ទាំង​៤​ខាងលើ ត្រូវបាន​នាំ​ខ្លួន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សាកសួរ ធ្វើ​កំណត់ហេតុ និង​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

ព័ត៌មានផ្សេងទៀត