Huawei​​ដាក់ពាក្យ​ប្ដឹង​​អាមេរិក​​ជុំវិញ​ការ​រឹបអូស​​ឧបករណ៍​​សំខាន់ៗ​

22-06-2019 4:19 pm 744
  ស្តាប់
រូបភាពឡូហ្គោក្រុមហ៊ុន​Huawei
ស្តាប់ជាសំឡេង

​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​Huawei​បាន​ដាក់ពាក្យ​ប្ដឹង​ជា​ផ្លូវការ​មួយ​កាលពី​ថ្ងៃ​សុក្រ ប្រឆាំងនឹង​ក្រសួងពាណិជ្ជកម្ម​អាមេរិក ជុំវិញ​ការ​រឹបអូស​យក​ឧបករណ៍​ទូរគមនាគមន៍​របស់​ក្រុមហ៊ុន ដែល​ត្រូវបញ្ជូន​មកកាន់​ប្រទេស​ចិន​វិញ នេះ​បើ​យោងតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រ​។ យោងតាម​ពាក្យបណ្ដឹង ក្រុមហ៊ុន​Huawei​បាន​បញ្ជូន​ម៉ាស៊ីន​មេ និង​ឧបករណ៍​អេឡិចត្រូនិច​សម្រាប់​ធ្វើតេស្ដ​ក្នុង​មន្ទីរពិសោធន៍​មាន​មូលដ្ឋាន​នៅ​អាមេរិក​។ បន្ទាប់ពី​ការធ្វើ​តេស្ដ​ចប់សព្វគ្រប់ ការិយាល័យ​ក្រុមហ៊ុន​Huawei​នៅ​អាមេរិក បានរៀបចំ​ដឹកជញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ ប៉ុន្ដែ​ឧបករណ៍​ទាំងនោះ​ត្រូវ​អាមេរិក​រឹបអូស​យកទៅ​ដាក់​ក្នុង​ឃ្លាំង​នៅ​រដ្ឋ​អា​ឡា​ស្កា​។​

​នៅក្នុង​ពាក្យបណ្ដឹង​របស់ខ្លួន​ក្រុមហ៊ុន​Huawei​បាន​បញ្ជាក់ថា បទបញ្ជា​គ្រប់គ្រង​ការនាំចេញ​គឺជា​ហេតុផល​តែមួយគត់ ដែល​អាច​អនុវត្ដ​ដើម្បី​ទាមទារ​រក​យុត្ដិធម៌​ជុំវិញ​ការ​រឹបអូស​ពី​សំណាក់​អាមេរិក​។ បទបញ្ជា​នេះ​មិន​អនុញ្ញាតឲ្យ​ទុក​ឧករ​ណ៍​ទាំងនោះ​នៅ​អាមេរិក​ឡើយ ព្រោះ​វា​ជា​ឧបករណ៍​ផលិត​នៅក្រៅ​ទឹកដី​អាមេរិក​។ អាច​បានត្រឹមតែ​ការយកទៅ​ធ្វើតេស្ដ​សាកល្បង​ប៉ុណ្ណោះ ក្រោយ​ចប់​ហើយ​ត្រូវតែ​បញ្ជូន​ត្រឡប់​ទៅ​ចិន​វិញ​។ ក្រុមហ៊ុន​ទាមទារ​ឲ្យ​ប្រគល់​មកវិញ ដើម្បី​បង្ហាញ​ពី​សកម្មភាព​ប្រកបដោយ​យុត្ដិធម៌​របស់​ក្រសួងពាណិជ្ជកម្ម​អាមេរិក​។ 

​សូម​រម្លឹកថា កាលពី​ខែឧសភា​សេត​វិមាន​បាន​បញ្ជូល​ក្រុមហ៊ុន​Huawei​ទៅក្នុង​បញ្ជីខ្មៅ ដោយ​ហាមប្រាម​មិនឲ្យ​ទិញ​គ្រឿងបន្លាស់​និង​សម្ភារ​ផ្សេងៗ​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ឡើយ ប្រសិនបើ​គ្មាន​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​អាមេរិក​។ ចំណែក​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​Huawei​អ្នកស្រី​ម៉េង វ៉ាន់ចូ ក៏​ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែធ្នូ​ឆ្នាំមុន​នៅ​ប្រទេស​កាណាដា តប​តាម​សំណើ​របស់​ក្រុង​វ៉ាស៊ីនតោន ដែល​ចោទប្រកាន់ថា​អ្នកស្រី​រំលោភ​លើ​ទណ្ឌកម្ម​អាមេរិក​៕

ព័ត៌មានផ្សេងទៀត