អ្នកស្លាប់​កើនឡើង​៧​នាក់ ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​នៅ​ព្រះសីហនុ​

22-06-2019 3:57 pm 409

​គិត​ត្រឹម​ម៉ោង​៣​រសៀល ថ្ងៃទី​២២ មិថុនា ចំនួន​អ្នក​ស្លាប់ បាន​កើនឡើង​៧​នាក់ និង​របួស​១៨​នាក់ ក្នុង​ហេតុការណ៍​បាក់​រលំ​សំណង់​អគារ នៅ​ខេត្ត​ព្រះសីហនុ ។ នេះ​បើ​តាម​លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ស្រង់​សម្តី​ដោយ​អង្គភាព​សារព័ត៌មាន​ហ្វ្រស​ញ៉ូយ៍ ។​

​លោក​ឧត្តមសេនីយ៍ត្រី បានបញ្ជាក់​បន្តថា ពេលនេះ កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច បាន​កំពុង​សហការ​គ្នា បើក​ប្រតិបត្តិការ​យ៉ាង​ញាប់ដៃ ញាប់ជើង ជួយ​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ កាយ​កម្ទេច​ថ្ម​ចេញ ដើម្បី​ទាញ​យក​សាកសព​ជនរងគ្រោះ​ចេញមកក្រៅ ។​

​គូសបញ្ជាក់ថា នៅវេលា​ម៉ោង​ជិត​៥​ព្រឹក ថ្ងៃទី​២២ មិថុនា មាន​ករណី​បាក់​រលំ​អគារ​កម្ពស់​៧​ជាន់ នៅ​ជិត​កន្លែង​លាង​រថយន្ត​យីហោ «​អា​រុណ​រះ​» ក្នុងភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។ សំណង់​អគារ​នេះ មាន​ទំហំ​ទទឹង​១៥​ម៉ែត្រ បណ្តោយ​៣០​ម៉ែត្រ កំពុង​ដំណើរការ​សាងសង់ បាន​ប្រមាណ​៧០-៨០​ភាគរយ ។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ នៅ​រសៀល​ថ្ងៃ​ដដែល បានឱ្យដឹងថា បច្ចុប្បន្ន ថៅកែ​ម៉ៅការ​សាងសង់ និង​អ្នកពាក់ព័ន្ធ​ចំនួន​៣​នាក់​ផ្សេង​ទៀត ត្រូវបាន​នាំ​ខ្លួន​ទៅ​កាន់​ស្ងនការដ្ឋាន​នគរបា​ល​ខេត្ត ដើម្បី​សាកសួរ ធ្វើ​កំណត់ហេតុ និង​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

ព័ត៌មានផ្សេងទៀត