បាក់​រលំ​អគារ​កម្ពស់​៧​ជាន់​អ្នកស្លាប់​កើន​ដល់​៤​នាក់​របួស​១៨​នាក់​

22-06-2019 10:54 am 441

​គិត​រហូត​មកដល់ពេលនេះ មាន​កម្មករ​៤​នាក់ បាន​ស្លាប់ និង​១៨​នាក់ បាន​រងរបួស នៅក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​កម្ពស់​៧​ជាន់ នៅ​ខេត្ត​ព្រះសីហនុ ខណៈ​ដែល​កំពុង​សាងសង់​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​។​

​យ៉ាងណា ក្រុម​ជួយសង្គ្រោះ​កំពុង​ប្រើប្រាស់​អេស្កាវ៉ាទ័រ​ចំនួន​២​គ្រឿង និង​គ្រឿងចក្រ​ផ្សេងទៀត ដើម្បី​ស្វែងរក​មនុស្ស​ដែល​នៅ​ជាប់​ក្នុង​គំនរ​អគារ​ដែល​រលំ​នេះ​។​

​បើ​តាម​អាជ្ញាធរ​ អគារដែល​កំពុង​សាងសង់​ហើយ​បាន​បាក់​រលំ​នេះ ជា​របស់​ជនជាតិ​ចិន ដែល​បាន​ជួល​ដី​ទំហំ​ទទឹង​១៥​ម៉ែត្រ និង​បណ្តោយ​៣០​ម៉ែត្រ សាងសង់​កម្ពស់​៧​ជាន់ សង់​បាន​ប្រហែល​៨០​ភាគរយ​។​

គួរបញ្ជាក់ថា នៅ​ម៉ោង​ជិត​៥​ព្រឹក​ព្រលឹម ថ្ងៃទី​២២ ខែ​មិថុនា​នេះ មាន​ករណី​បាក់​រលំ​អគារ​កម្ពស់​៧​ជាន់ នៅ​ជិត​កន្លែង​លាង​រថយន្ត​យីហោ «​អា​រុណ​រះ​» ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ដោយ​មនុស្ស​ជាច្រើន​នាក់ ត្រូវបាន​គេ​សន្និដ្ឋានថា កំពុងស្ថិត​នៅ​ក្នុង​គំនរ​អគារ​នេះ​៕


ព័ត៌មានផ្សេងទៀត