អឺរ៉ុប​៖​ដាច់ខាត​​គ្មាន​ឡើយ​​ការចរចា​ជាថ្មី​​លើ​កិច្ចព្រមព្រៀង​​អង់គ្លេស​​ចេញពី​អឺរ៉ុប​

22-06-2019 10:03 am 300
​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក​ដូណាល់ ថាស់

​សហភាព​អឺរ៉ុប​បានបង្ហាញ​ពី​គោលជំហរ​យ៉ាង​ម៉ឺងម៉ាត់​ថា នឹង​គ្មាន​ការចរចា​ឡើងវិញ​ជាមួយ​អង់គ្លេស​ឡើយ ជុំវិញ​កិច្ចព្រមព្រៀង​អង់គ្លេស​ចាកចេញ​ពី​សមាជិក​សហភាព​អឺរ៉ុប​។ ការបញ្ជាក់​របស់​សហ​ភាព​អឺរ៉ុប ធ្វើឡើង​បន្ទាប់ពី​អនាគត​នាយករដ្ឋមន្ដ្រី​អង់គ្លេស​និយាយថា នឹង​ផ្លាស់ប្ដូរ​កិច្ចព្រមព្រៀង​នេះ​។ បន្ទាប់ពី​លោកស្រី​ថេរ៉េសា ម៉េប្រ​កាសចុះ​ចេញពី​តំណែង អង់គ្លេស​បានជ្រើសរើស​បេក្ខភាព​នាយករដ្ឋមន្ដ្រី ដើម្បីឲ្យ​ដឹកនាំ​ប្រទេសប​ន្ដ​ពី​លោកស្រី​។ បច្ចុប្បន្ន​នៅសល់​បេក្ខជន​នាយករដ្ឋមន្ដ្រី​តែ​ពីររូប​ប៉ុណ្ណោះ ដែល​នឹងត្រូវ​សម្រេច​ជ្រើសរើស​ម្នាក់​ជា​នាយករដ្ឋមន្ដ្រី​ថ្មី​អង់គ្លេស​។​

​ចំពោះ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក​ដូណាល់ ថាស់ បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ថា លោក​កំពុង​រង់ចាំ​មើល​មេដឹកនាំ​ថ្មី​អង់គ្លេស ប៉ុន្ដែ​កិច្ចព្រមព្រៀង​ពិតជា​គ្មានអ្វី​ត្រូវ​ផ្លាស់ប្ដូរ​ទៅតាម​ការចង់បាន​របស់គេ​ឡើយ​។ សូមបញ្ជាក់ថា​តាម​កំណត់​អង់គ្លេស​នឹងត្រូវ​ចាកចេញ​ពី​អឺរ៉ុប នៅ​ថ្ងៃទី​៣១​ខែតុលា​ខាងមុខ ក្រោយ​លើក​ពេល​ម្ដង​ជា​ពីរដង​ដោយសារ​គ្មាន​កិច្ចព្រមព្រៀង​។ សព្វថ្ងៃ​កិច្ចព្រមព្រៀង​ដែល​លោកស្រី​ម៉េ​ខំ​ចរចា​ជាមួយ​អឺរ៉ុប ក៏​មិនទាន់មាន​ការឯកភាព​ក្នុង​សភា​ថា​ព្រម​ទទួលយក​ទៅ​អនុវត្ដ​ដែរ​៕

ព័ត៌មានផ្សេងទៀត