របាយការណ៍បឋម៖ ស្លាប់៣នាក់របួសជិត១០នាក់ករណីបាក់​រលំ​អគារ​កម្ពស់​៧​ជាន់​

22-06-2019 9:39 am 2355

​គិត​រហូត​មកដល់ពេលនេះ មាន​កម្មករ​៣​នាក់ បាន​ស្លាប់ និង​ជិត​១០​នាក់ បាន​រងរបួស នៅក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​កម្ពស់​៧​ជាន់ នៅ​ខេត្ត​ព្រះសីហនុ ខណៈ​ដែល​កំពុង​សាងសង់​។​

​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា គិត​ត្រឹម​ម៉ោង​៨៖២០​នាទី ព្រឹក​ថ្ងៃ​ទី​២២ ខែ​មិថុនា​នេះ សមត្ថកិច្ច និង​ក្រុម​ជួយសង្គ្រោះ​បាន​រកឃើញ​អ្នកស្លាប់​៣​នាក់ និង​កម្មករ​ជិត​១០​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ជួយ​សង្គ្រោះ ចេញ​ពី​គំនរ​អគារ​កម្ពស់​៧​ជាន់ ដែល​បាក់​រលំ​នៅ​ម៉ោង​ជិត​៥​ព្រឹក​ថ្ងៃ​នេះ​។​

​លោក​អភិបាលខេត្ត​បន្តថា នៅពេល​នេះ​ក្រុម​ជួយសង្គ្រោះ​កំពុង​ប្រើប្រាស់​អេស្កាវ៉ាទ័រ​ចំនួន​២​គ្រឿង និង​គ្រឿងចក្រ​ផ្សេងទៀត ដើម្បី​ស្វែងរក​មនុស្ស​ដែល​នៅ​ជាប់​ក្នុង​គំនរ​អគារ​ដែល​រលំ​នេះ​។​

​បើ​តាម​អាជ្ញាធរ​អគារ ដែល​កំពុង​សាងសង់​ហើយ​បាន​បាក់​រលំ​នេះ ជា​របស់​ជនជាតិ​ចិន ដែល​បាន​ជួល​ដី​ទំហំ​ទទឹង​១៥​ម៉ែត្រ និង​បណ្តោយ​៣០​ម៉ែត្រ សាងសង់​កម្ពស់​៧​ជាន់ សង់​បាន​ប្រហែល​៨០​ភាគរយ​។​
​នៅ​កន្លែងកើតហេតុ​គេ​ឃើញ​មាន​ក្រុម​សង្គ្រោះ​៧១១ ដែល​ប្រចាំការ​នៅ​សាលា​សង្គ្រោះ​មិត្តភាព​កម្ពុជា​-​ជប៉ុន ខេត្ត​ព្រះសីហនុ ក៍​បាន​ចេញ​ទៅ​ជួយ​អន្ត​រគ​មន៍​ស្វែងរក​ជន​រងគ្រៅ​ផង​ដែរ​។​

​សូមជម្រាបថា នៅ​ម៉ោង​ជិត​៥​ព្រឹក​ព្រលឹម ថ្ងៃទី​២២ ខែ​មិថុនា​នេះ មាន​ករណី​បាក់​រលំ​អគារ​កម្ពស់​៧​ជាន់ នៅ​ជិត​កន្លែង​លាង​រថយន្ត​យីហោ «​អា​រុណ​រះ​» ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ដោយ​មនុស្ស​ជាច្រើន​នាក់ ត្រូវបាន​គេ​សន្និដ្ឋានថា កំពុងស្ថិត​នៅ​ក្នុង​គំនរ​អគារ​នេះ​៕

ព័ត៌មានផ្សេងទៀត