លោក​ដូណាល់ ត្រាំ​សម្រេច​​ឲ្យ​ផ្អាក​​វាយប្រហារ​​សងសឹក​​អ៊ីរ៉ង់​​ព្រោះ​រឿង​មួយ​

22-06-2019 9:15 am 1318
  ស្តាប់
លោកដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក
ស្តាប់ជាសំឡេង

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​កាលពី​ថ្ងៃ​សុក្រ​បានប្រកាសថា លោក​បាន​ដក​បញ្ជា​ឲ្យ​វាយ​ប្រហារតាម​អាកាស​ប្រឆាំង​អ៊ីរ៉ង់​ចេញ​វិញ​ហើយ ដោយសារតែ​អាច​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​រហូតដល់​១៥០​នាក់​។ ក្រោយ​បញ្ជា​ឲ្យ​បញ្ឈប់​ផែនការ​នេះ លោក​ត្រាំ​បានប្រកាស​ចង់​បើក​ការចរចា​ជាមួយ​អ៊ីរ៉ង់​។ មូលហេតុ​ដែល​លោក​ត្រាំ​បញ្ជា​ឲ្យ​បើ​កការវាយប្រហារ​តាម​អាកាស​ប្រឆាំង​អ៊ីរ៉ង់ ដើម្បី​សងសឹក​នឹង​អ៊ីរ៉ង់​ដែល​បាញ់​ទម្លាក់​យន្ដហោះ​ស៊ើបការណ៍​សម្ងាត់​គ្មាន​មនុស្ស​បើក​មួយគ្រឿង​របស់​អាមេរិក​។ 

​មុនពេល​យោធា​ធ្វើតាម​បញ្ជា លោក​ត្រាំ​បាន​សួរថា​តើ​ការវាយប្រហា​រលើ​គោលដៅ​ចំនួន​បី​របស់​អ៊ីរ៉ង់​នេះ អាច​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ប៉ុន្មាន​នាក់​។ មេបញ្ជាការ​កងទ័ព​ម្នាក់​ឆ្លើយថា នឹង​អាច​សម្លាប់​មនុស្ស​រហូត​ដល់​១៥០​នាក់​។ លឺដូច្នេះ​លោក​ត្រាំ​ក៏​បញ្ជា​ឲ្យ​ផ្អាក​ផែនការ​វិញ​ភ្លាមៗ ដោយ​បញ្ជាក់ថា​ធ្វើបែបនេះ​មិន​សមាមាត្រ​គ្នា​ទេ ព្រោះ​អ៊ីរ៉ង់​គ្រាន់តែ​បាញ់​ទម្លាក់​យន្ដហោះ​គ្មាន​មនុស្ស​បើក​ប៉ុណ្ណោះ​។ លោក​បន្ថែមថា​លោក​មិន​ប្រញាប់​ពេក​ទេ​ក្នុងការ​សងសឹក ប៉ុន្ដែ​ក៏​មិនមែន​បានន័យថា​អ៊ីរ៉ង់​រួចខ្លួន​ដែរ គ្រាន់តែ​ថា​អ្វីដែល​ចាំបាច់​បំផុត​នៅពេលនេះ គឺ​លោក​ចង់​ប្រើ​ដំណោះស្រាយ​ការទូត​បញ្ចប់​ភាព​តានតឹង​ជាមួយ​អ៊ីរ៉ង់​។​

​កងកម្លាំង​បដិវត្ដន៍​អ៊ីរ៉ង់​បាន​បញ្ជាក់កាល​ពីថ្ងៃ​ព្រហស្បតិ៍​ថា បាន​បាញ់​ទម្លាក់​យន្ដហោះ​គ្មាន​មនុស្ស​បើក​របស់​អាមេរិក​មួយ​គ្រឿង ដែល​ហោះ​បំពាន​ចូលក្នុង​ដែនអាកាស​របស់ខ្លួន នៅ​ជិត​ច្រក​សមុទ្រ​Hormuz​។ យន្ដហោះ​គ្មាន​មនុស្ស​បើក​ប្រភេទ​Global Hawk ជា​ប្រភេទ​យន្ដហោះ​ឈ្លប​ការណ៍ ត្រូវបាន​បាញ់​ទម្លាក់​ដោយ​មី​ស៊ី​ល​។ នេះ​បើតាម​ការអះអាង​របស់​កងទ័ព​អ៊ីរ៉ង់​ក្នុង​សេចក្ដីថ្លែងការណ៍​។ ប៉ុន្ដែ​សម្រាប់​អាមេរិក​បាន​លើកឡើងថា យន្ដហោះ​នេះ​មិនបាន​រំលោភ​លើ​ដែន​អធិបតេយ្យ​អ៊ីរ៉ង់​ឡើយ គឺ​កំពុង​បំពេញការងារ​ក្នុង​ដែន​អន្ដរជាតិ​ប៉ុណ្ណោះ​។ ដូច្នេះហើយ​ទើប​លោក​ដូណាល់ ត្រាំ​ខឹងសម្បា​យ៉ាងខ្លាំង រហូត​សម្រេច​ឲ្យ​បើ​កការវាយប្រហារ​សងសឹក​អ៊ីរ៉ង់​មុន​លោក​បញ្ជា​ឲ្យ​ផ្អាក​។​

​ឧបទ្ទវហេតុ​នេះ​កើតឡើង​ចំពេល​អាមេរិក​ចោទប្រកាន់​អ៊ីរ៉ង់ ជា​អ្នក​វាយប្រហារ​នាវា​ដឹក​ប្រេង​ពីរ​គ្រឿងក្នុង​ដែនសមុទ្រ ខណៈ​កំពុងធ្វើដំណើរ​តាម​ឈូង​សមុទ្រ​អូ​ម៉ង់​ជា​ផ្លូវទឹក​ដឹកជញ្ជូន​ប្រេងដ៏​សំខាន់​។ ទីក្រុង​តេ​រ៉ង់​ធ្លាប់​ប្រកែក​មិនបាន​ពាក់ព័ន្ធ​ទេ និង​ថា​ប្រហែល​ទីក្រុង​វ៉ាស៊ីនតោន​ជា​អ្នករៀបចំ​ការវាយប្រហា​រ​ដោយ​ខ្លួនឯង តែ​យក​លេស​ចោទប្រកាន់​លើ​កងកម្លាំង​អ៊ីរ៉ង់​។ ករណីនេះ​ធ្វើឲ្យ​អាមេរិកនិង​អ៊ីរ៉ង់ប​ន្ដ​ចោទប្រកាន់គ្នា​ទៅវិញទៅមក​។ 

​តាមពិតទៅ​ភាព​តានតឹង​រវាង​ប្រទេស​ទាំងពីរ កើតឡើង​តាំងពី​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​បោះបង់ចោល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ឆ្នាំ​២០១៥​។ អាមេរិក​បាន​ដើរ​ចេញពី​កិច្ចព្រមព្រៀង​នេះ​កាលពី​ឆ្នាំមុន ដោយ​លើក​ហេតុផល​ថា​អ៊ីរ៉ង់​មិនបាន​អនុវត្ដ​តាម​។ បន្ទាប់មក​លោក​ត្រាំ​ក៏​បញ្ជា​ឲ្យ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ជាថ្មី​លើ​អ៊ីរ៉ង់ ហើយ​ជា​ការឆ្លើយតប​អ៊ីរ៉ង់​បានប្រកាស​អាច​នឹង​ចាប់ផ្ដើម​កម្មវិធី​នុយក្លេអ៊ែរ​ឡើងវិញ​។​

​ក្រោយមកទៀត​អាមេរិក​ក៏បាន​បញ្ជូន​កងកម្លាំង​យោធា​ទៅកាន់​តំបន់​មជ្ឈិមបូព៌ា ក្នុង​យុទ្ធនាការ​ការពា​រការ​វាយប្រហារ​ពី​អ៊ីរ៉ង់ ទាំង​អ៊ីរ៉ង់​មិនបាន​ប្រកាស​ផង​ថា​នឹង​ធ្វើសង្គ្រាម​។ អាមេរិក​បាន​បញ្ជូន​ទាំង​កងទ័ព នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង នាវាចម្បាំង យន្ដហោះ​ទម្លាក់​គ្រាប់ ចូល​ទៅកាន់​តំបន់​មជ្ឈិមបូព៌ា​បង្កឲ្យមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​។ អាមេរិក​និង​អ៊ីរ៉ង់​ធ្លាប់​និយាយថា​មិន​ចង់​ធ្វើសង្គ្រាម​ទេ តែ​ក៏​មិន​ឲ្យមាន​ការរំលោភ​បំពាន​ណាមួយ​ដែរ​៕ 

ព័ត៌មានផ្សេងទៀត