បាតុករ​ហុងកុង​​ប្រមូលផ្ដុំ​​តវ៉ា​ជាថ្មី​​នៅ​មុខ​ស្នាក់ការ​​ប៉ូលិស​

21-06-2019 4:48 pm 330
  ស្តាប់
រូបភាពក្រុមបាតុករហុងកុង
ស្តាប់ជាសំឡេង

​មនុស្ស​រាប់ពាន់នាក់​ភាគច្រើន​ជា​យុវជន បាននាំគ្នា​ជួបជុំ​នៅ​ទីស្នាក់ការ​ប៉ូលិស​ក្នុង​ក្រុង​ហុងកុង​នា​ថ្ងៃទី​២១​មិថុនា​នេះ ដើម្បី​ទាមទារ​ឲ្យ​មេដឹកនាំ​ហុងកុង​លោកស្រី​Carrie Lam​ចុះ​ចេញពី​តំណែង និង​ទាមទារ​ឲ្យ​ដក​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន​ចេញ​វិញ​។ ក្រុមអ្នកតវ៉ា​ក៏បាន​បិទផ្លូវ​ក្នុង​ក្រុង​មួយសន្ទុះ​ផងដែរ មុនពេល​ធ្វើដំណើរ​ទៅ​ប្រមូលផ្ដុំ​ជុំវិញ​ស្នាក់ការ​ប៉ូលិស​ក្រុង​។ នេះ​គឺជា​ការតវ៉ា​ជាថ្មី​បន្ទាប់ពី​ផ្ទុះ​ការតវ៉ា​ខ្លាំង​កាលពី​សប្ដាហ៍​មុន​។​

​ការតវ៉ា​ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​បដិសេធ​មិន​ព្រមធ្វើ​តាម​ការទាមទា​ររ​បស់​ក្រុមបាតុករ ដែល​លើកគ្នា​ខ្ទង់លាន​នាក់​ប្រឆាំង​សេចក្ដីព្រាងច្បាប់​បញ្ជូន​មនុស្ស​ទៅកាន់​ទោស​នៅ​ចិន​ដីគោក​។ ចលនា​នេះ​បាន​ផ្លាស់ប្ដូរ​ទៅជា​ការបន្ទោស​យ៉ាងខ្លាំង​មួយ ទៅលើ​រដ្ឋាភិបាល​ហុងកុង​ដឹកនាំ​ដោយ​លោកស្រី​Carrie Lam​។ ពេល​ប្រមូលផ្ដុំ​នៅ​ទីស្នាក់ការ​ប៉ូលិស ក្រុម​តវ៉ា​បាន​រិះគន់​យ៉ាង​ចាស់ដៃ​ចំពោះ​អំពើហិង្សា​កើតឡើង​ក្នុងពេល​តវ៉ា​កាលពី​សប្ដាហ៍​មុន រហូតដល់​ប៉ះទង្គិច​និង​ចាប់ខ្លួន​មនុស្ស​ជាច្រើន​នាក់​។​

​ក្រុមប្រឆាំង​បានទាមទារ​ឲ្យ​ស៊ើបអង្កេត​លើ​ការចោទប្រកាន់​ប៉ូលិស ពីបទ​ប្រព្រឹត្ដ​អំពើ​ឃោ​ឃៅ និង​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់ឃុំ​។ ក្រុម​តវ៉ា​ខ្លះទៀត​បាន​រុះរើ​របាំង​ដែក​ប៉ូលិស និង​បានរៀបចំ​ក្រុម​ប្រមូលផ្ដុំ​នៅ​ខាងក្រៅ ដើម្បី​បង្ហាញ​ពី​គោលជំហរ​មិន​ចុះចាញ់​ប្រឆាំង​រដ្ឋាភិបាល​។ 

កាលពី​ថ្ងៃ​អង្គារ​លោកស្រី​Carrie Lam​មេដឹកនាំ​ហុងកុង បាន​ចេញមុខ​សុំទោស​ជា​សាធារណៈ ដោយ​លោកស្រី​និយាយថា​លោកស្រី​មាន​ការសោកស្ដាយ​យ៉ាងខ្លាំង ជុំវិញ​វិវាទ​កើតឡើង​លើ​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​។ លោកស្រី​សង្កត់ធ្ងន់ថា លោកស្រី​បាន​ស្ដាប់លឺ​ពី​អ្វីដែល​បាន​កើតឡើង​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះហើយ វា​បាន​ឆ្លុះបញ្ចាំង​យ៉ាង​ជ្រាលជ្រៅ​ពី​បញ្ហា​ប្រឈម​។ ក្ដីកង្វល់​កន្លងមកនេះ​គឺ​បណ្ដាលមកពី​កង្វះខាត​របស់​រដ្ឋាភិបាល​ហុងកុង​។​

​គួរ​ជម្រាបជូន​ថា ដើមឡើយ​រដ្ឋាភិបា​លហុង​កុងគ្រោង​រៀបចំ​ធ្វើ​វិសោធនកម្ម អនុម័ត​សេចក្ដីព្រាងច្បាប់​បត្យាប័ន​ជាមួយ​ចិន ឲ្យបាន​ចប់សព្វគ្រប់​នៅមុន​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​។ ជា​ច្បាប់​ដែល​អនុញ្ញាតឲ្យ​បញ្ជូនជន​សង្ស័យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ទៅ​កាត់ទោស​នៅ​តុលាការ​ស្រុក​ចិន​។ សម្រាប់​ក្រុម​អ្នកប្រជាធិបតេយ្យ​ហុងកុង​បានចាប់ផ្តើម​ធ្វើ​សកម្មភាព​ប្រឆាំងនឹង​ច្បាប់​នេះ កាលពី​ថ្ងៃទី​៩​ខែមិថុនា​ដោយសារ​ព្រួយបារម្ភ​ខ្លាច​ឥទ្ធិពល​នៃ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង រំកិល​មក​គ្របដណ្តប់​លើ​ហុងកុង​ព្រោះ​ពួកគេ​មិន​ចង់​រស់នៅ​ក្រោម​ការដឹក​នាំ​បែប​កុម្មុយនីស្ត​ដូច​ចិន​ឡើយ​៕

ព័ត៌មានផ្សេងទៀត