លោក​ដូណាល់ ត្រាំ​៖​​ជា​កំហុស​​ធំ​ណាស់​​ដែល​អ៊ីរ៉ង់​​ហ៊ាន​បាញ់​​ទម្លាក់​​យន្ដហោះ​​អាមេរិក​

21-06-2019 1:54 pm 1690
  ស្តាប់
លោកដូណាល់ ត្រាំប្រធានាធិបតីអាមេរិក
ស្តាប់ជាសំឡេង

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ កាលពី​ថ្ងៃទី​២០​មិថុនា​បាន​ផ្ញើ​សារ​ព្រមាន​ទៅកាន់​ប្រទេស​អ៊ីរ៉ង់​ថា វា​ជា​កំហុស​ធ្ងន់​ណាស់​ដែល​អ៊ីរ៉ង់​ហ៊ាន​បាញ់​ទម្លាក់​យន្ដហោះ​គ្មាន​មនុស្ស​បើក​របស់​អាមេរិក​។ ករណីនេះ​កំពុង​រុញច្រាន​ឲ្យ​ប្រទេស​ទាំងពីរ​ខិត​កាន់តែ​ជិត​ជ្រុង​មួយ​នៃ​សង្គ្រាម ស្របពេល​កំពុង​តានតឹង​រឿង​វាយប្រហារ​នាវា​ដឹក​ប្រេង​ក្នុង​ដែនសមុទ្រ​។ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្នុង​សេត​វិមាន បន្ទាប់ពី​ទទួលបាន​ដំណឹង​យន្ដហោះ​ឈ្លប​ការណ៍​ត្រូវបាន​អ៊ីរ៉ង់​បាញ់​ទម្លាក់ លោក​ត្រាំ​លើកឡើងថា អ៊ីរ៉ង់​បាន​សាង​កំហុស​ដ៏​ធំ​មួយ​។ លោក​ចង់​ប្រាប់​អ៊ីរ៉ង់​ថា រឿងនេះ​អ៊ីរ៉ង់​ត្រូវតែ​ទទួលខុសត្រូវ​ដាច់ខាត​។​

​នៅពេល​អ្នកសារព័ត៌មាន​សួរថា ប្រទេស​ទាំងពីរ​កំពុង​ស្ថិតនៅ​ជ្រុង​មួយ​កៀក​សង្គ្រាម​ហើយ​ឬ​? លោក​ត្រាំ​ឆ្លើយតប​ថា មនុស្ស​គ្រប់គ្នា​អាច​ជឿជាក់​អាមេរិក​និង​អ៊ីរ៉ង់​កំពុង​ខិត​កាន់តែ​ជិត​ហើយ​។ ពួកគេ​បាន​បាញ់​ទម្លាក់​យន្ដហោះ​អាមេរិក ដែល​កំពុងធ្វើការ​ក្នុង​ដែនទឹក​អន្ដរជាតិ​។ តើ​អ្នក​គិតថា​គួរតែ​ធ្វើ​អ្វី​?

កងកម្លាំង​បដិវត្ដន៍​អ៊ីរ៉ង់​បាន​បញ្ជាក់នៅ​ថ្ងៃទី​២០​មិថុនា​ថា បាន​បាញ់​ទម្លាក់​យន្ដហោះ​គ្មាន​មនុស្ស​បើក​របស់​អាមេរិក​មួយ​គ្រឿង ដែល​ហោះ​បំពាន​ចូលក្នុង​ដែនអាកាស​អ៊ីរ៉ង់ គឺ​នៅ​ជិត​ច្រក​សមុទ្រ​Hormuz​។ យន្ដហោះ​គ្មាន​មនុស្ស​បើក​ប្រភេទ​Global Hawk ជា​ប្រភេទ​យន្ដហោះ​ឈ្លប​ការណ៍ ត្រូវបាន​បាញ់​ទម្លាក់​ដោយ​មី​ស៊ី​ល​បន្ទាប់ពី​ហោះ​ឆ្លង​ចូល​ដែនអាកាស​អ៊ីរ៉ង់​។ នេះ​បើតាម​ការអះអាង​របស់​កងទ័ព​អ៊ីរ៉ង់​ក្នុង​សេចក្ដីថ្លែងការណ៍​។ ប៉ុន្ដែ​អាមេរិក​ប្រកែក​ថា​យន្ដហោះ​មិនបាន​ឆ្លង​ដែនអាកាស​អ៊ីរ៉ង់​ទេ គឺ​ស្ថិតនៅក្នុង​ដែន​អន្ដរជាតិ​ប៉ុណ្ណោះ​។​

ឧបទ្ទវហេតុ​នេះ​កើតឡើង​ចំពេល​អាមេរិក​ចោទប្រកាន់​អ៊ីរ៉ង់ ជា​អ្នក​វាយប្រហារ​នាវា​ដឹក​ប្រេង​ពីរ​គ្រឿងក្នុង​ដែនសមុទ្រ ខណៈ​កំពុងធ្វើដំណើរ​តាម​ឈូង​សមុទ្រ​អូ​ម៉ង់​ជា​ផ្លូវទឹក​ដឹកជញ្ជូន​ប្រេងដ៏​សំខាន់​។ ទីក្រុង​តេ​រ៉ង់​ធ្លាប់​ប្រកែក​មិនបាន​ពាក់ព័ន្ធ​ទេ ហើយ​លើកឡើងថា​ប្រហែល​ទីក្រុង​វ៉ាស៊ីនតោន​ជា​អ្នករៀបចំ​ការវាយប្រហា​រ​ដោយ​ខ្លួនឯង តែ​យក​លេស​ចោទប្រកាន់​លើ​កងកម្លាំង​អ៊ីរ៉ង់​។ ករណីនេះ​ធ្វើឲ្យ​អាមេរិកនិង​អ៊ីរ៉ង់ប​ន្ដ​ចោទប្រកាន់គ្នា​ទៅវិញទៅមក​។ 

​តាមពិតទៅ​ភាព​តានតឹង​រវាង​ប្រទេស​ទាំងពីរ កើតឡើង​តាំងពី​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​បោះបង់ចោល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ឆ្នាំ​២០១៥​។ អាមេរិក​បាន​ដើរ​ចេញពី​កិច្ចព្រមព្រៀង​នេះ​កាលពី​ឆ្នាំមុន ដោយ​លើក​ហេតុផល​ថា​អ៊ីរ៉ង់​មិនបាន​អនុវត្ដ​តាម​។ បន្ទាប់មក​លោក​ត្រាំ​ក៏​បញ្ជា​ឲ្យ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ជាថ្មី​លើ​អ៊ីរ៉ង់ ហើយ​ជា​ការឆ្លើយតប​អ៊ីរ៉ង់​បានប្រកាស​អាច​នឹង​ចាប់ផ្ដើម​កម្មវិធី​នុយក្លេអ៊ែរ​ឡើងវិញ​។​

​ក្រោយមកទៀត​អាមេរិក​ក៏បាន​បញ្ជូន​កងកម្លាំង​យោធា​ទៅកាន់​តំបន់​មជ្ឈិមបូព៌ា ក្នុង​យុទ្ធនាការ​ការពា​រការ​វាយប្រហារ​ពី​អ៊ីរ៉ង់ ទាំង​អ៊ីរ៉ង់​មិនបាន​ប្រកាស​ផង​ថា​នឹង​ធ្វើសង្គ្រាម​។ អាមេរិក​បាន​បញ្ជូន​ទាំង​កងទ័ព នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង នាវាចម្បាំង យន្ដហោះ​ទម្លាក់​គ្រាប់ ចូល​ទៅកាន់​តំបន់​មជ្ឈិមបូព៌ា​បង្កឲ្យមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​។ អាមេរិក​និង​អ៊ីរ៉ង់​ធ្លាប់​និយាយថា​មិន​ចង់​ធ្វើសង្គ្រាម​ទេ តែ​ក៏​មិន​ឲ្យមាន​ការរំលោភ​បំពាន​ដែរ​៕ 

ព័ត៌មានផ្សេងទៀត