មេក្លោង​ចោរប្លន់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន​ចាប់ខ្លួន​

21-06-2019 11:18 am 389

​ជនសង្ស័យ​មេក្លោង​ចោរប្លន់​និង​ឆក់​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាប់ខ្លួន នា​ល្ងាច​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩ នៅផ្ទះ​ស្ថិតនៅ​តាមផ្លូវ​បេតុង នៃ​ភូមិ​សាមគ្គី សង្កាត់​ត្រពាំង​ក្រសាំង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ យោងតាម គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ រុន តរៈ​សេត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​មេក្លោង​ចោរប្លន់​។ នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប កម្លាំង​នគរបាល ដកហូត​បាន​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៩​មួយគ្រឿង ដែលជា​មធ្យោបាយ ជិះ​ដើរ​ធ្វើ​សកម្មភាព​កាប់ ប្លន់​។​

​គួរ​ជម្រាបជូន​ថា ជនសង្ស័យ​ម្នាក់នេះ ធ្លាប់​ត្រូវបាន​ចាប់ខ្លួន និង​ធ្លាប់​ជាប់ពន្ធនាគារ​ផងដែរ ខណៈ​កន្លងមក​រុន តរៈ​សេត ជា​ចោរលួច​កំប៉ិចកំប៉ុ​កម្នាក់​។ តែ​លុះ​ពេលចេញ​មកវិញ ក្រៅតែពី​មិន​ព្រម​កែប្រែ​ខ្លួន​ឲ្យ​ល្អ​ហើយ​នោះ បែរមក​បង្កើត​ក្រុម​ធ្វើ​សកម្មភាព​កាប់​និង​វាយ​ប្លន់ យ៉ាង​កក្រើក​លើស​មុន​ទៅទៀត​។ ជនសង្ស័យ​រូបនេះ ត្រូវបាន​សមត្ថកិច្ច តាម​ចាប់ខ្លួន​ច្រើន​ថ្ងៃ ខែ​មកហើយ បន្ទាប់ពី​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​។ ក្រោយ​ចាប់ខ្លួន សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ​សែន​ជ័យ​៕

ព័ត៌មានផ្សេងទៀត