ព្រឹទ្ធសភា​​អាមេរិក​​បោះឆ្នោត​​ហាមឃាត់​​ការលក់​អាវុធ​​ឲ្យ​អា​រ៉ាប៊ីសាអូឌីត​

21-06-2019 11:15 am 194
លោកត្រាំ(ស្ដាំ)​កំពុងពិភាក្សាពីការលក់អាវុធជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត

​ព្រឹទ្ធសភា​អាមេរិក​បាន​បោះឆ្នោត​ដើម្បី​ហាមឃាត់​ការលក់​អាវុធ​ទៅឲ្យ​អារ៉ាប៊ីសាអូឌីត ដែល​ហាក់​ប្រឆាំងនឹង​ចេតនា​របស់លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​។ លោក​ត្រាំ​កាលពី​ខែ​មុន​បាន​ជំរុញ​ឲ្យ​សម្រេច​លើ​កិច្ចព្រមព្រៀង​លក់​អាវុធ​ឲ្យ​អា​រ៉ាប៊ីសាអូឌីត មានតម្លៃ​រហូតដល់​៨​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​លើក​ហេតុផល​ថា​អា​រ៉ាប៊ីសាអូឌីត​រងការ​គំរាមកំហែង​ពី​អ៊ីរ៉ង់​។ ប៉ុន្ដែ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ព្រឹទ្ធសភា​ដឹកនាំ​ដោយ​គណបក្ស​សាធារណរដ្ឋ បានអនុម័ត​សេចក្ដីសម្រេច​ចំនួន​បី​ដើម្បី​ទប់ស្កាត់​ការលក់​អាវុធ​នេះ​។ 

​ចំណែក​តំណាង​គណបក្ស​ប្រជាធិបតេយ្យ​វិញ ក៏​ទំនង​នឹង​បោះឆ្នោត​ហាមឃាត់​ការលក់​អាវុធ​នេះដែរ ប៉ុន្ដែ​លោក​ត្រាំ​បាន​ប្ដេជ្ញា​ថា​លោក​នឹង​វេតូ​។ មិន​ត្រឹមតែ​អាច​លក់​អាវុធ​ទៅឲ្យ​អារ៉ាប៊ីសាអូឌីត​នោះទេ កិច្ចព្រមព្រៀង​ក៏​អាច​លក់​អាវុធ​ទៅឲ្យ​អា​រ៉ាប់រួម​និង​ហ្ស៊​កដា​នី​ផងដែរ​។ សូមបញ្ជាក់ថា ពាក់ព័ន្ធ​ការហាមឃាត់​មិនឲ្យ​លក់​អាវុធ​ទៅ​អារ៉ាប៊ីសាអូឌីត គឺ​បន្ទាប់ពី​ប្រទេសមួយ​នេះ​ត្រូវបាន​គេ​ចោទប្រកាន់ថា នៅ​ពីក្រោយ​ការសម្លាប់​អ្នកកាសែត​ល្បីឈ្មោះ​លោក​ចាម៉​ល ខា​ស៊ូ​ជី បង្ក​ការភ្ញាក់ផ្អើល​ទូទាំង​ពិភពលោក​៕

ព័ត៌មានផ្សេងទៀត