នគរបាលជាតិ​ដាក់ចេញ​វិធានការ​៥​ចំណុច​ដើម្បី​បង្ក្រាប​គ្រឿងញៀន​តាម​ក្លឹប​កម្សាន្ដ​

20-06-2019 4:17 pm 205

​លោក​នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​២០​ខែមិថុនា ឆ្នាំ​២០១៩​នេះ បាន​ដាក់ចេញ​នូវ​វិធានការ ចំនួន​៥​ចំណុច​សំខាន់ៗ ដើម្បី​បង្ក្រាប​គ្រឿងញៀន​ឲ្យអស់​ក្នុង​ឆ្នាំ​២០១៩ នៅ​តាម​ក្លឹប​កម្សាន្ដ និង​កន្លែង​សប្បាយដ្ឋាន​ទូទាំង​ប្រទេស​កម្ពុជា​។​

​វិធានការ ទាំង​៥​ចំណុច រួមមាន ១៖ សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ត្រូវ​ជួយ​គ្នា​ទៅវិញទៅមក ពាក់ព័ន្ធ​នឹង​ការងារ​ស៊ើបអង្កេត ២៖ ការប្រមូល​ព័ត៌មាន​និង​ការគាំទ្រ​គ្នា​ទៅវិញទៅមក ហើយ​បើ​មាន​ព័ត៌មាន​ច្បាស់​ទើប​ឈាន​ដល់​ការបង្ក្រាប​ជោគជ័យ ៣៖ ពង្រឹង​នីតិវិធី​ក្នុង​ការអនុវត្ត​នៅពេល​បង្ក្រាប​គ្រឿងញៀន​។ ៤៖ កិច្ចសហការ​គ្នា​រវាង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ទាំងអស់ និង​ស្ថាប័ន​អយ្យការ​។​៥៖ គណៈបញ្ជាការ​ឯកភាព​ខេត្ត ត្រូវតែ​ទទួលខុសត្រូវ​ក្នុង​ការដឹកនាំ​បញ្ជា នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ដោយសារ​គណៈកម្មាធិកា​រ​ត្រួតពិនិត្យ​គ្រឿងញៀន រាជធានី​-​ខេត្ត គឺ​ជា​ម្ចាស់​ករណី​ដ៏​សំខាន់​។​

​លោក​នេត សាវឿន បាន​សង្កត់ធ្ងន់​ថា​បើសិន​ចំនួន​អ្នកប្រើប្រាស់​គ្រឿងញៀន​កើនឡើង​នោះ បញ្ហា​សន្ដិសុខ បញ្ហា​សណ្ដាប់ធ្នាប់ នឹង​អាច​កើត​មាន​ជាមួយគ្នា​ផងដែរ ដូច្នេះ​ហើយ​សមត្ថកិច្ច​ទាំងអស់​គម្បី​ត្រូវតែ​ធ្វើការ​បង្ក្រាប និង​ទប់ស្កាត់​កុំឲ្យ​មាន​ទីតាំងណា​ផ្ដល់ឱកាស​ឲ្យមាន​អ្នកប្រើប្រាស់​គ្រឿងញៀន ហើយ​កន្លែង នោះ​ក្លាយទៅជា​ទីផ្សារ សម្រាប់​ក្រុម​ជួញដូរ​គ្រឿងញៀន​។​

​បើ​តាម​របាយការណ៍រ​បស់​លេខាធិការដ្ឋាន នៃ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ លើក​ទី​៤ បានបង្ហាញ​ថា រយៈពេល​០៥​ខែ ដើមឆ្នាំ​២០១៩​នេះ កងកម្លាំង​អនុវត្ត​ច្បាប់​បាន​ធ្វើ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន សរុប​ចំនួន​៣,៣៣៥​ករណី ឃាត់ខ្លួន​៧,០៩៧​នាក់ ចាប់​យក​សារធាតុ​ញៀន​គ្រប់​ប្រភេទ​សរុប ៣១០.៩៨​គីឡូក្រាម កញ្ឆា​ស្រស់​៤៧.១០៣​ដើម រួម​នឹង​មធ្យោបាយ​សម្ភារ​វត្ថុតាង​មួយចំនួនទៀត​៕

 ពាក្យគន្លឹះ  នគរបាលជាតិគ្រឿងញៀន

ព័ត៌មានផ្សេងទៀត