កម្ពុជា នឹង​មាន​ឃ្លាំង​ស្តុក​ស្រូវ​-​ឡ​សម្ងួត​២២​បន្ថែមទៀត ក្រោម​ឥណទាន​របស់​ចិន​

20-06-2019 4:05 pm 212

​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម នៅ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៩ បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ពាណិជ្ជកម្ម ស្តីពី​គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ​ក្នុង​ក្របខ័ណ្ឌ​ឥណទាន​សម្បទាន​ពី​ចិន ជាមួយ​លោក Chen Xiaojia ប្រធាន​ក្រុមហ៊ុន CITIC Construction Co., Ltd ។​

​គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលដៅ ដើម្បី​ជួយ​ដល់​កសិករ​ធុរជន និង​ក្រុមហ៊ុននាំចេញ​អង្ករ​ព្រមទាំង​រួមចំណែក​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​លើ​ការជំរុញ​ការនាំ​ចេញ​អង្ករ​ឲ្យបាន​យ៉ាងតិច​១​លាន​តោន​ក្នុង​មួយ​ឆ្នាំ ។​គម្រោង​នេះ​ដែរ​ក៏​ដើម្បី​ទប់ស្កាត់​កុំឲ្យ​ឈ្មួញ​ទុច្ចរិត អាច​ឆ្លៀត​ឱកាស​បង្ខូច​ថ្លៃ​ស្រូវ និង​ជួយ​ឲ្យ​កសិក​រទុក​ស្រូវ​បាន​យូរ អាច​លក់​ស្រូវ​បាន​តាម​ថ្លៃ​សមរម្យ មាន​លទ្ធភាព​ទទួលបាន​ឥណទាន ពេល​ត្រូវការ​ចាំបាច់​តាមរយៈ​ការ​យក​ស្រូវ​ស្តុក​ក្នុង​ឃ្លាំង​ជា​វត្ថុ​បញ្ចាំ​។ 

​បន្ទាប់​ពី​គម្រោង​នេះ​ដាក់​ឲ្យ​ប្រតិបត្តិការ​,​កសិករ​និង​រោង​ម៉ាស៊ីនកិនស្រូវ នឹង​មាន​ឡ​សម្ងួត​ឃ្លាំង​ស្តុក ទុន​បង្វិល​បន្ថែម ព្រមទាំង​ជួយ​បន្ថយ​ចំណាយ​ចាប់ពី​ដំណាក់កាល​ប្រមូល​ផល​ដល់​ដំណាក់កាល​លក់​អង្ករ​។​រយៈ​កិច្ចសន្យា​ពាណិជ្ជកម្ម​នេះ​, ក្រុមហ៊ុន CITIC Construction និង​ក្រុមហ៊ុនហ្គ្រី​ន​ត្រេ​ដ នឹង​ធ្វើ​ការសាងសង់​ឃ្លាំង​ស្តុក​ស្រូវ​-​អង្ករ ចំនួន​១២​កន្លែង​សមត្ថភាព​ស្តុក​សរុប ៨២៧,០០០​តោន និង​ឡ​សម្ងួត​ចំនួន​១០​កន្លែង សមត្ថ ភាព​សម្ងួ​តស្រូវបាន​១៣០០០​តោន​ក្នុង​មួយ​ថ្ងៃ​នៅក្នុង​ខេត្ត​ពោធិ៍សាត់ បាត់ដំបង តាកែវ បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង កណ្តាល កំពង់ស្ពឺ និង​ខេត្ត ព្រះសីហនុ ។​

​គួរបញ្ជាក់​ថា ប្រទេស​ដែល​ជា​ទីផ្សា​រទិញ​អង្ករ​កម្ពុជា​ច្រើន​ជាង​គេ គឺ​សហគមន៍​អឺរ៉ុប​ដែល​មាន​ចំនួន​ជិត ២៧​ម៉ឺន​តោន ស្មើនឹង​៤២.៩៨​ភាគរយ​នៃ​ចំនួន​នាំចេញ​សរុប​។​ចំណែក​ប្រទេស​ដែល​ទិញ​អង្ករ​ពី​កម្ពុជា​ច្រើន​ជាង​គេ គឺ​មាន​ប្រទេស​ចិន ចំនួន​ជាង​១៧​ម៉ឺន​តោន ស្មើនឹង​២៧.១៧​ភាគរយ​, ប្រទេស​បារាំង​ចំនួន​ជិត ៩ ម៉ឺន​តោន​, ប្រទេស​ម៉ាឡេស៊ី ជាង ៤​ម៉ឺន​តោន​, ប្រទេ​សហ្គា​ប៉ូង ជាង​៣​ម៉ឺន​តោន​។ ចំណែក​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​វិញ​មាន​ប្រទេស​វៀតណាម​ចំនួន​ជាង ២.៦​ម៉ឺន​តោន​, ប្រទេស​ថៃ ជាង ២.៣​ម៉ឺន​តោន​៕

ព័ត៌មានផ្សេងទៀត