ស្នងការ​ក្រុង​ភ្នំពេញ​បំភ្លឺ​ជុំវិញ​ការរិះគន់​រឿង​វប្បធម៌​ជាប់គុក​ជំនួស​នៅ​ក្លឹប​លុច្ស​សារី​

20-06-2019 4:02 pm 557

​ក្រោយ​មាន​សារព័ត៌មាន​មួយចំនួន បាន​ចុះផ្សាយ​ពី​វប្បធម៌​ជាប់គុក​ជំនួស តាមរយៈ​ការបង្ក្រាប​ទីតាំង​ក្លឹប​លុច្ស​សារី ដោយ​មហាជន​បាន​បង្ហាញ​ចម្ងល់​ថា ការចាប់ខ្លួន​បុរស​ម្នាក់ នៅ​ស្រុក​កំរៀង ដែល​អះអាង​ថា ជា​ម្ចាស់​ក្លឹប​លុច្ស​សារី ហេតុអ្វី​បានជា​បុរស​ម្នាក់​នោះ ក្នុង​ពិធី​បើក​សម្ភា​ធ​ក្លឹប មិន​ហំហែង​ឡើង​កាត់​ខ្សែបូ​ពណ៌​ក្រហម​? យ៉ាងណាមិញ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​បកស្រាយ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​។

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅថ្ងៃទី២០​ ខែមិថុនានេះ បាន​បកស្រាយ​ភ្លាមៗ ដោយ​បាន​ចេញ សេចក្តី​បកស្រាយ​បំភ្លឺ​របស់​ក្រុម​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ សូម​ឆ្លើយតប​ទៅ​នឹង​សារព័ត៌មាន​មួយ​ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​នេះ​ថា “​ចំណែក​បុរស​សម្បុរ​ខ្មៅ​ម្នាក់​ដែល​បាន​ចាប់ខ្លួន​មក​ពី​ស្រុក​កំរៀង ខេត្ត​បាត់ដំបង ស្នាក់​នៅ​បន្ទប់​ជួល​នោះ បើ​ជា​ម្ចាស់​ក្លឹប ម្តេច​មិន​ឃើញ​ហំហែង​ឡើង​កាត់​ខ្សែបូ​ពណ៌​ក្រហម​”?

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​សូម​បញ្ជាក់​យ៉ាង​ច្បាស់​ជូន​មហាជន​អោយបាន​ជ្រាបថា​៖ ទី​១ បុរស​សម្បុរ​ខ្មៅ​ម្នាក់​ដែល​មានឈ្មោះ ហួន ទូច ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ ត្រូវបាន​ចាប់ខ្លួន នៅ​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ គឺជា​អង្គរក្ស​នៅ​ក្លឹប​លុច្ស​សារី​។​
​ទី​២ បុរស​ម្នាក់​ទៀត​ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ ដែល​មានឈ្មោះ ឡេង សុខ​គង់ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិខ្មែរ គឺជា​ប្រធាន​សន្តិសុខ​ប្រចាំ​មជ្ឈមណ្ឌល​កំសាន្ត​រ៉ុក​។​

​សូម​បញ្ជាក់​បន្ថែមថា ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​មានលោក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ លោក​បាន​ខិតខំ​ប្រឹងប្រែង​ខ្លាំង​ណាស់​ទាំង​ការដឹកនាំ​បញ្ជា បង្ក្រាប​ដោយ​ផ្ទាល់ ក៏ដូចជា​បញ្ជា​កម្លាំង​គ្រប់ផ្នែក​ដែល​ពាក់ព័ន្ធ​ដើម្បី​ស្វែងរក​ចាប់​មេខ្លោង​មក​ផ្តន្ទាទោស​។​

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​សំណូមពរ​ដល់​សារព័ត៌​ទាំងឡាយ​ដែល​មិន​ទាន់​ទទួលបាន​ព័ត៌មាន​ច្បាស់លាស់ គ្រប់​ជ្រុង​ជ្រោ​ង និង​ពិតប្រាកដ​ទេ សូមមេត្តា​កុំ​ផុស ដើម្បី​អោយ​មហាជន​មាន​ការយល់ច្រឡំ​។ សូមមេត្តា កុំ​ព្រោះតែ​ចង់​អោយ​ផេ​កល្បី ដើម្បី​បាន​Like និង Share ច្រើន សុខចិត្ត​ចុះផ្សាយព័​ត៌​មួយចំនួន​ទាំង​ខ្លួនឯង​ដឹង​ថា​វា​ជា​ព័ត៌មាន​មិន​ពិត​៕

 ពាក្យគន្លឹះ  ក្លឹបលុច្សសារី

ព័ត៌មានផ្សេងទៀត