តុលាការ​ផ្តន្ទាទោស​ចំប៉ី​ខ្មៅ ដាក់ពន្ធនាគារ​២​ឆ្នាំ តែ​ទោស​ត្រូវ​ព្យួរ​១​ឆ្នាំ​

20-06-2019 11:22 am 276

​តុលាការក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា​នេះ បាន​សម្រេច​ផ្តន្ទាទោស ជន​ជាប់​ឈ្មោះ យិន ហេង ហៅ «​ចំប៉ី​ខ្មៅ​» ឲ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ និង​ពិន័យ​ប្រាក់ ៣​លាន​រៀល ប៉ុន្តែ​ទោស​ត្រូវអនុវត្ត​តែ​១​ឆ្នាំ​ប៉ុណ្ណោះ ករណី​ប្រមាថ​ជាតិ​សាសន៍​ខ្មែរ​។

​ការសម្រេច​នេះ ធ្វើឡើង​បន្ទាប់​ពី​តុលាការ​បាន​បើក​សវនាការ​សួរដេញដោល ជនជាប់ចោទ យិន ហេង ដោយផ្ទាល់ ខណៈ​ដែល​ពុំ​មាន​វត្តមាន​មេធាវី​ការពារ​ជនជាប់ចោទ ចូលរួម​ឡើយ​។ ជន​ជាប់​បាន​សារភាព នូវ​ទោស​កំហុស​របស់​ខ្លួន និង​បាន​សម្តែង​ការ​ស្តាយក្រោយ ចំពោះ​ទង្វើ​របស់​ខ្លួន​កន្លងមក​។​

​យុវជន​ភេទ​ទី​៣​ឈ្មោះ «​ចំប៉ី ខ្មៅ​»  ត្រូវបាន​កម្លាំង​នគរបាល​ឃាត់ខ្លួន នៅ​ខណ្ឌ​ដូនពេញ នា​ល្ងាច​ថ្ងៃទី​០៥ ខែ​កុម្ភៈ ក្រោយពេល​បង្ហោះ​វីដេអូ នៅលើ​បណ្ដាញ​សង្គម នៅ​ខាង​មុខ​ព្រះបរមរាជវាំង ដោយ​ប្រើប្រាស់​នូវ​ពាក្យពេចន៍​ធ្ងន់ៗ ប្រមាថ​ទៅដល់​ជាតិ​សាសន៍​ខ្មែរ​។ វីដេអូ​នោះ បាន​ធ្វើឱ្យ​មាន​ការខឹង​សម្បារ​យ៉ាងខ្លាំង ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស និង​ថ្កោលទោស​ឱ្យ​សមត្ថកិច្ច ចាត់ការ​ចំពោះ​បុគ្គល​ភេទ​ទី​៣​នេះ​ផង​ដែរ​។​

​តាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​រូបនេះ មូលហេតុ​ដែល​ធ្វើឱ្យ​ខ្លួន​ប្រមាថ​ជាតិ​សាសន៍​ខ្មែរ ដោយសារតែ​មាន​ជនអនាមិក​ចំនួន​៣​នាក់ បាន​ជិះ​ម៉ូតូ​មក​ខោក​ក្បាល​ខ្លួន ដោយ​មិន​ដឹង​មូលហេតុ​។ ជន​សង្ស័យថា សកម្មភាព​ខោក​ក្បាល​ពី​ជនអនាមិក បាន​ធ្វើឱ្យ​ខ្លួន​មាន​ការឈឺចាប់​ជាខ្លាំង ក៏បង្ក​ឲ្យ​ខ្លួន​បង្ហោះ​វីដេអូ​ជេរប្រមាថ​ខ្មែរ ព្រោះតែ​កំហឹង​មួយ​ឆាវ​តែម្តង​៕
 

ព័ត៌មានផ្សេងទៀត