របាយការណ៍​UN៖​​ព្រះអង្គម្ចាស់​​អា​រ៉ាប៊ីសាអូឌីត​​ពាក់ព័ន្ធ​នឹង​​ការ​សម្លាប់​លោក​Khashoggi

20-06-2019 10:34 am 290
ពីឆ្វេង លោកKhashoggi និងព្រះអង្គម្ចាស់Mohammed bin Salman

​របាយការណ៍​អង្គការសហប្រជាជាតិ​បានឲ្យដឹងថា មាន​ភស្ដុតាង​អាច​ជឿ​ទុកចិត្ដ​បានថា​ព្រះអង្គម្ចាស់​អារ៉ាប៊ី​សា​អូឌីត ជា​អ្នក​រួមចំណែក​ទទួលខុស​ត្រូវ​ករណី​សម្លាប់​អ្នកកាសែត​អា​រ៉ាប៊ីសាអូឌីត​លោក​Jamal Khashoggi​។ លោក​Khashoggi​ត្រូវបាន​សម្លាប់​នៅក្នុង​ស្ថាន​កុងស៊ុល​អា​រ៉ាប៊ីសាអូឌីត ប្រចាំ​ក្រុង​អ៊ី​ស្ដង់​ប៊ុល​ប្រទេស​តួ​ក​គី​កាលពី​ឆ្នាំមុន​។ ក្រុម​ស៊ើបអង្កេត​អង្គការសហប្រជាជាតិ ដឹកនាំ​ដោយ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ បានចាប់ផ្ដើម​ការងារ​ស៊ើបអង្កេត​ក្នុង​ខែ​មករា ហើយ​ទើប​បង្ហាញ​របាយការណ៍​កាលពី​ថ្ងៃ​ពុធ​។ 

​អា​រ៉ាប៊ីសាអូឌីត​តែងតែប​ដិ​សេធ​ជានិច្ចថា ព្រះអង្គម្ចាស់​Mohammed bin Salman មិនបាន​ចូលរួម​ក្នុងករណីនេះ​ទេ​។ ប៉ុន្ដែ​របាយការណ៍​និយាយថា​មាន​ភស្ដុតាង​គួរឲ្យ​ទុកចិត្ដ ដែល​បញ្ជាក់ថា​ព្រះអង្គម្ចាស់​និង​មន្ដ្រីជាន់ខ្ពស់​រដ្ឋាភិបាល បាន​ពាក់ព័ន្ធ​នឹង​ការសម្លាប់​លោក​Khashoggi​។ របាយការណ៍​បាន​អំពាវនាវ​ឲ្យ​ប្រទេ​សនានា​ដាក់ទណ្ឌកម្ម ដូចជា​បង្កក​ទ្រព្យសម្បត្ដិ​ព្រះអង្គម្ចាស់​នៅ​ក្រៅប្រទេស រហូត​មាន​ភស្ដុតាង​បង្ហាញថា​ទ្រង់​ពិតជា​គ្មាន​ពាក់ព័ន្ធ​មែន​។ ចំណែក​ការជំនុំជម្រះ​ក្ដី​ជនជាប់ចោទ​ចំនួន​១១​នាក់​នឹងត្រូវ​ព្យួរ​សិន​។​

​អ្នកដឹកនាំ​ក្រុម​ស៊ើបអង្កេត​សហប្រជាជាតិ​បាន​និយាយថា ការសម្លាប់​អ្នកកាសែត​ល្បីឈ្មោះ​លោក Khashoggi ជា​ផែនការ​រៀបចំ​ទុក​មុន​និង​ត្រួតពិនិត្យ​ដោយ​មន្ដ្រីជាន់ខ្ពស់ ក្រោម​ការចង្អុលបង្ហាញ​និង​ការទទួលខុសត្រូវ​ពី​រដ្ឋ​។ ក្រុម​ស៊ើបអង្កេត​បាន​អំពាវនាវ​ឲ្យមាន​ការស៊ើបអង្កេត​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​។ ចំពោះ​លទ្ធផល​ការងារ​កន្លងមក នឹងត្រូវ​បង្ហាញ​ដល់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃទី​២៦​មិថុនា​៕

ព័ត៌មានផ្សេងទៀត