អភិបាលខេត្តព្រះសីហនុ ប្រកាសដាក់ឲ្យដំណើរការ រដ្ឋបាលក្រុងកោះរ៉ុង

20-06-2019 9:34 am 173

លោកយន្ត មីន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ បានប្រកាសដាក់ឲ្យដំណើរការ រដ្ឋបាលក្រុងកោះរ៉ុង ខេត្តព្រះសីហនុ​ តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ០២ អនក្រ. បក ចុះថ្ងៃ៨ ខែមករា ឆ្នាំ២០១៩ ស្តីពីការបង្កើតក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ​។

លោក​អ៊ួង​ នីត​ ត្រូវបានជាប់ជាប្រធាន ក្រុមប្រឹក្សាក្រុង​កោះរ៉ុង​។ ចំណែកលោក​ នួន​ ប៊ុនថុល​ អតីតនាយកទីចាត់កាតអន្តរវិស័យ​ សាលាខេត្តព្រះសីហនុ​ ត្រូវបានតែងតាំងជាអភិបាល​ នៃគណៈអភិបាលក្រុងកោះរ៉ុង​។

លោកយន្ត​ មីន​ ​បានផ្តាំផ្ញើរដ្ឋបាលក្រុងកោះរ៉ុង ត្រូវពង្រឹងស្មារតី សាមគ្គីភាព ឯកភាពផ្ទៃក្នុង នៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធភាពការងារ គោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ។

អភិបាលខេត្តព្រះសីហនុ ក៏បានណែនាំឲ្យពង្រឹងរបៀបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវខ្ពស់ និងភាពជាម្ចាស់របស់មន្ត្រី នៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍមូលដ្ឋាន ឆ្លើយតប ចំពោះតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

សូមជម្រាប ថា កាលពីមុនកោះរ៉ុង គឺស្ថិតនៅជារដ្ឋបាល ថ្នាក់សង្កាត់កោះរ៉ុង ដែលចំណុះឲ្យរដ្ឋបាលក្រុងព្រះសីហនុ។ ប៉ុន្ដែក្នុងអាណត្តិទី៦ នៃរាជ​រដ្ឋាភិ​បា​លកម្ពុជា បានផ្លាស់ប្ដូរទៅជាក្រុងកោះរ៉ុងវិញ ហើយ ការផ្លាស់ប្ដូរដូចនេះ គឺធ្វើឡើងស្របតាមស្ថានភាពភូមិសាស្ត្រ និងការវិវត្តន៍រីកចំរើន របស់ខេត្តព្រះសីហនុ និងស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល៕

 ពាក្យគន្លឹះ  លោកយន្ត មីនកោះរ៉ុង

ព័ត៌មានផ្សេងទៀត