លោក​ស៊ី ជីន​ពីង​​ចាប់ផ្ដើម​​ទស្សនកិច្ច​ពីរ​ថ្ងៃ​​ទៅ​កូរ៉េខាងជើង​​ពី​ថ្ងៃ​២០​​មិថុនា​នេះ​

20-06-2019 7:57 am 322
លោកស៊ី(ស្ដាំ)និងលោកគីម​ពេលជួបគ្នា​កន្លងមក

​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង​ត្រូវ​ចាប់​ផ្ដើមធ្វើ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​ទៅ​កូរ៉េខាងជើង ពី​ថ្ងៃទី​២០​ខែមិថុនា​នេះហើយ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​លោក​ស៊ី​នឹង​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​ផងដែរ​។ នេះ​គឺជា​លើកដំបូង​សម្រាប់​លោក​ស៊ី ក្នុង​ការធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅកាន់​កូរ៉េខាងជើង ចាប់តាំងពី​ចូល​កាន់តំណែង​ក្នុង​ឆ្នាំ​២០១៣ ហើយក៏​ជា​លើកដំបូង​ក្នុង​រយៈពេល​១៤​ឆ្នាំ បន្ទាប់ពី​មេដឹកនាំ​កំពូល​ចិន​លោកហួ ជីន​តាវ បានធ្វើ​ទស្សនកិច្ច​ទៅ​កូរ៉េខាងជើង​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស៊ី​នៅពេលនេះ ក៏​ដើម្បី​បង្ហាញ​ពី​ខួប​៧០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំងពីរ​។ នៅក្នុង​កិច្ច​ជំនួប​ជាមួយ​លោក​គីម លោក​ស៊ី​នឹង​ពិភាក្សា​ពី​បញ្ហាសំខាន់ៗ ដូចជា​ការ​រឹត​ចំណងមិត្ដភាព និង​បញ្ហា​ព្រួយបារម្ភ​នៅលើ​ឧបទ្វីប​កូរ៉េ រួមមាន​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ជាដើម​។ សម្រាប់​អ្នកតាមដាន​ស្ថានការណ៍​យល់ឃើញថា ដំណើរ​ទស្សនកិច្ច​នេះ​ទីក្រុង​ប៉េកាំង​ចង់​បញ្ជាក់​ពី​វត្ដ​មាន​របស់ខ្លួន​នៅក្នុង​តំបន់ មុនពេល​លោក​ស៊ី​ជួប​ជាមួយ​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក នៅក្រៅ​កិច្ចប្រជុំ​G20​ធ្វើឡើង​ក្នុង​ទីក្រុង​អូ​សា​កាប្រទេស​ជប៉ុន​សប្ដាហ៍​ក្រោយ​៕

ព័ត៌មានផ្សេងទៀត