២០​​មិថុនា​ជា​​ខួប​៤២​​ឆ្នាំ​នៃ​​ដំណើរ​ឆ្ពោះ​ទៅ​ផ្តួល​រំលំ​រប​ប​​ខ្មែរក្រហម​​

19-06-2019 4:27 pm 1109
រូបភាពតំណាង។

​នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩​នេះ គឺជា​ខួប​៤២​ឆ្នាំ នៃ​ដំណើរ​ឆ្ពោះទៅរក​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ «​ប៉ុល ពត​»​។​នៅ​ឆ្នាំនេះ​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ តំណាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ប្រារព្ធ​ខួប​៤២​ឆ្នាំនេះ នៅ​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុង​ខេត្ត​ត្បូងឃ្មុំ​។

​នៅ​ខួប​៤២​ឆ្នាំ នៃ​ទិវា​ដំណើរ​ឆ្ពោះទៅរក​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ «​ប៉ុល ពត​» នៅ​ឆ្នាំនេះ លោក ទៀ បាញ់ នឹង​ធ្វើជា​តំណាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​កាត់​ខ្សែបូ សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​ផ្លូវដែក​ទាក់ទង​នឹង​ដំណើរ​ឆ្ពោះទៅ​រំដោះ​កម្ពុជា​ពី​របប​ខ្មែរក្រហម​ដែល​មានឈ្មោះ​«​ផ្លូវ​ប្រវត្តិសាស្ត្រ​សម្តេច​តេជោ​»​។​ជា​ផ្លូវ​ក្រាល​គ្រួស​ក្រហម មាន​ប្រវែង ៩៩០០​ម៉ែត្រ ព្រមទាំង​ធ្វើ​ពិធី​រំឭក​គុណ​គោរព​ព្រះ​ភូមិ​ទេព​បង្ហាញផ្លូវ ទេវតា​ថែរក្សា​ទឹកដី ដាំ​ដើម​ជ្រៃ​ជា​និមិត្តរូប​។​នេះ​បើតាម​លោក ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​។​

​លោក ទៀ បាញ់ ក៏​នឹង​ដឹកនាំ​គណៈប្រតិភូ​ធ្វើដំណើរ​តាម​រថយន្ត​ផ្ទាល់​ចេញពី​សាលាបឋមសិក្សា​ប៊ុន រ៉ានី ហ៊ុនសែន​កោះ​ថ្ម ទៅកាន់​ព្រំប្រទល់​កម្ពុជា​-​វៀតណាម និង​ធ្វើ​ពិធី​ទាញ​ស្បៃ​សម្ពោធ​ដាក់តាំង​ផ្ទាំង​សិលាចារឹក​មួយចំនួន​ថែមទៀត​។​

​ទីតាំង​កោះ​ថ្ម ឃុំ​ទន្លូ​ង ស្រុក​មេមត់ គឺជា​ចំណុច​ចាប់ផ្តើម​ដំបូងបង្អស់​នៃ​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត​ដែល​៤២​ឆ្នាំមុន​នោះ​សម​មិត្ត​ហ៊ុន សែន និង​កម្មាភិបាល​ដ៏​ទុកចិត្ត​៤​រូប បាន​ភៀសខ្លួន​ទៅកាន់​ប្រទេស​វៀតណាម ដើម្បី​ស្វែងរក​ជំនួយ​ឧបត្ថម្ភ​ក្នុងការ​រំដោះជាតិ​កម្ពុជា​ចេញពី​របប​ប្រល័យ​ពូជ​សាន៍​ប៉ុល ពត​។

​គួរ​បញ្ជាក់ថា «​ទិវា​ចងចាំ​នៃ​ដំណើរ​ឆ្ពោះទៅកាន់​ការផ្តួលរំលំរ​បប​ប្រល័យពូជសាសន៍ ប៉ុល ពត​»​ត្រូវបាន​កម្ពុជា​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ ដើម្បី​សម្តែង​ការដឹងគុណ​ចំពោះ​ការលះបង់​ជីវិត​របស់​លោក ហ៊ុន សែន និង​សម​មិត្ត​រួម​ដំណើរ​ផ្សេងៗ​ទៀត ក្នុងការ​ស្វះស្វែង​រក​ជំនួយ​ដើម្បី​រំដោះប្រជាជន​កម្ពុជា​។ ប៉ុន្តែ​មជ្ឈដ្ឋាន​មួយចំនួន​ចាត់ទុកថា ការរំដោះ​របស់​វៀតណាម​នោះ​គឺជា​ការឈ្លានពាន​កម្ពុជា​ប៉ុណ្ណោះ​។​

​លោក​នាយករដ្ឋមន្ដ្រី​សិង្ហ​បុរី លី សៀន​ឡុង តាមរយៈ​សារ​ហ្វេ​សប៊ុក​របស់ខ្លួន បានលើកឡើង​អំពី​វត្តមាន​កងទ័ព​វៀតណាម​នៅ​កម្ពុជា​ក្រោយ​របប​ខ្មែរក្រហម​។ ជា​សំណេរ​ដែល​ធ្វើឲ្យ​កម្ពុជា​និង​វៀតណាម​ប្រតិកម្ម​បក​វិញ​ទាំង​ក្ដៅ​ស្លឹកត្រចៀក​។​ក្នុង​សំណេរ​នោះ លោក លី សៀន​ឡុង បាន​ចោទថា វៀតណាម​ឈ្លានពាន​លើ​កម្ពុជា ហើយ​រដ្ឋាភិបាល​ថ្មី កើតចេញពី​អន្តរាគមន៍​យោធា​របស់​វៀតណាម​។

​ប៉ុន្តែ​សំណេរ​នេះ លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន យល់ឃើញថា បង្ហាញ​ពី​ការគាំទ្រ​របស់​សិង្ហ​បុរី ចំពោះ​របប​ប្រល័យពូជសាសន៍ ហើយ​ចង់ឱ្យ​របប​នេះ​ត្រឡប់មកវិញ និង ប្រឆាំងនឹង​ការ​រស់​ឡើងវិញ​របស់​ប្រជាជន​កម្ពុជា​៕

 ពាក្យគន្លឹះ  រំលំខ្មែរក្រហម

ព័ត៌មានផ្សេងទៀត