លោក​ត្រាំ​ថា​​អាច​ធ្វើ​សង្គ្រាម​​ជាមួយ​​អ៊ីរ៉ង់​​ជុំវិញ​​បញ្ហា​​អាវុធ​​នុយក្លេអ៊ែរ​

19-06-2019 3:44 pm 511
  ស្តាប់
រូបភាពកងទ័ពអាមេរិក
ស្តាប់ជាសំឡេង

​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូណាល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា លោក​នឹង​ពិចារណា​ពី​សកម្មភាព​យោធា​ប្រឆាំង​ប្រទេស​អ៊ីរ៉ង់ ដើម្បី​ការពារ​រដ្ឋ​មួយ​នេះ​មិនឲ្យ​ទទួលបាន​អាវុ​ធ​នុយក្លេអ៊ែរ​។ ជម្លោះ​រវាង​ទីក្រុង​តេ​រ៉ង់​និង​ទីក្រុង​វ៉ាស៊ីនតោន បាន​កើតឡើង​បន្ទាប់ពី​សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់​អ៊ីរ៉ង់ ជា​អ្នក​វាយប្រហារ​នាវា​ដឹក​ប្រេង​ពី​រគ្រឿង​។ 

នៅពេល​សាកសួ​រថា​តើ​មាន​អ្វី​ធ្វើឲ្យ​លោក​ពិចារណា​ពី​ការប្រកាស​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់ លោក​ត្រាំ​ប្រាប់​ទស្សនាវដ្ដី​Time Magazine​ថា លោក​នឹង​ពិចារណា​ជុំវិញ​បញ្ហា​អាវុធ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ហើយ​រឿង​ផ្សេងទៀត​លោក​សុំ​ដាក់​សញ្ញា​សួរ​សិន​។ របាយការណ៍​ព័ត៌មាន​មិនបាន​ចុះផ្សាយ​ទេ​ថា លោក​ប្រធានាធិបតី​បាន​បរិយាយ​ឬ​អត់ ជុំវិញ​សេនារីយោ​នៃ​ការចាប់ផ្ដើម​ជម្លោះ​ប្រដាប់អាវុធ ជាមួយ​សាធារណរដ្ឋ​អ៊ីស្លាម​មួយ​នេះ ទាក់ទង​នឹង​កម្មវិធី​នុយក្លេអ៊ែ​រ​។ ពេល​អ្នកសារព័ត៌មាន​សាកសួរ​បន្ថែមថា លោក​នឹង​ពិចារណា​ពី​សកម្មភាព​យោធា​ប្រឆាំង​អ៊ីរ៉ង់​នៅពេលនេះ​ឬទេ​? លោក​ត្រាំ​ឆ្លើយថា​លោក​មិនអាច​និយាយ​បានឡើយ គឺ​លោក​មិនអាច​និយាយ​អ្វី​បាន​ទាំងអស់​។​

​ការកត់សម្គាល់​របស់​លោក​ដូណាល់ ត្រាំ ធ្វើឡើង​តែ​មួយថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​មន្ទីរ​បញ្ច​កោណ​និយាយថា នឹង​បញ្ជូន​ទ័ព​១​ពាន់​នាក់​បន្ថែម​ទៅ​មជ្ឈិមបូព៌ា ក្នុង​គោលបំណង​ការពារ​ខ្លួន​។ អាមេរិក​បាន​បន្ទោស​អ៊ីរ៉ង់​ជា​អ្នក​វាយប្រហា​រលើ​នាវា​ដឹក​ប្រេង​ពី​រគ្រឿង​នៅក្នុង​ឈូង​សមុទ្រ​អូ​ម៉ង់​។ ទីក្រុង​វ៉ាស៊ីនតោន​បានបង្ហាញ​វីដេអូ​មួយ ចោទប្រកាន់ថា​នាវិក​របស់​អ៊ីរ៉ង់​បាន​យក​គ្រាប់មីន​ចេញពី​នាវា​ដឹក​ប្រេង​មួយគ្រឿង ប៉ុន្ដែ​មិន​បានបង្ហាញ​ភស្ដុតាង​បន្ថែម​ជុំវិញ​ការចោទប្រកាន់​ឡើយ​។ ទីក្រុង​តេ​រ៉ង់​បាន​បដិសេធ​ការចោទប្រកាន់ និង​ថា​ខ្លួន​គ្មានអ្វី​ត្រូវធ្វើ​រឿង​បែបនេះ​ទេ​។​

​កាលពី​ថ្ងៃ​អង្គារ​អ៊ីរ៉ង់​បានប្រកាសថា​ក្នុង​រយៈពេល​១០​ថ្ងៃ ខ្លួន​នឹង​បង្កើន​ការ​ស្ដុក​ទុក​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម លើស​ដែន​កំណត់ អនុញ្ញាត​ក្រោម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥​។ ជា​កិច្ចព្រមព្រៀង​អាមេរិក​ប្រកាស​ដកខ្លួន​ចេញ​កាលពី​ឆ្នាំមុន ហើយ​បាន​ដាក់ទណ្ឌកម្ម​ជាថ្មី​លើ​អ៊ីរ៉ង់​។ មន្ដ្រី​អ៊ីរ៉ង់​និយាយថា​នឹង​វិល​ទៅ​អនុវត្ដ​តាម​កិច្ចព្រមព្រៀង​វិញ ប្រសិនបើ​សហភាព​អឺរ៉ុប​ជា​ប្រទេស​ហត្ថលេខី​មួយ​ក្នុង​កិច្ចព្រមព្រៀង បង្ហាញ​ពី​ការប្ដេជ្ញាចិត្ដ​របស់គេ​៕

ព័ត៌មានផ្សេងទៀត